ខេត្តប៉ៃលិន ៖ គេសង្កេតឃើញ នៅក្នុងអាហារដ្ឋានធម្មជាតិគល់ស្ពានភ្នំដំបង ស្ថិតនៅក្នុងភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ជាប់នឹងភូមិក្រចាប់ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានភ្ញៀវទេសចរណ៍ចូលទៅលេងជាលក្ខណៈគ្រួសារនៅចុងសប្តាហ៍ ដែលធ្វើឱ្យម្ចាស់ហាង មានការលក់ដាច់គួរសម ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ។
ព្រោះរហូតមកដល់បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា ហាក់ដូចជាស្ងប់ស្ងាត់នូវជំងឺកូវីដ១៩ ដូច្នេះប្រជាពលរដ្ឋក៏ចាប់ផ្តើមមានការដើរលេងកំសាន្តដោយឥតមានការភ័យខ្លាចនោះឡើយ តែក៏មានការប្រុងប្រយ័ត្នផងដែរ ។
បើតាមប្រភពពីនារីវ័យក្មេងម្នាក់ឈ្មោះ ពេជ្រ លីហុង អាយុ២១ឆ្នាំ បានរៀបរាប់ឱ្យដឹង ថា អាហារដ្ឋានខាងលើ ត្រូវបានឪពុករបស់ខ្លួនឈ្មោះ ទៀង សែន អាយុ៦៥ឆ្នាំ និងម្តាយឈ្មោះ សេង នាង អាយុ៦០ឆ្នាំ ដោយពួកគាត់បានបើកលក់ដូរចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយមានលក់ម្ហូបអាហារធម្មជាតិជាច្រើនមុខ ដូចជា ឆាសាច់មាន់ ឆាសាច់ទា សាច់ជ្រូក និងសម្លជាដើម ។
ប្រភពបន្តទៀតថា ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមានភ្ញៀវចូលមកលេងកំសាន្តនៅក្នុងអាហារដ្ឋានរបស់ខ្លួនជាហូរហែមិនដាច់នោះឡើយ ដោយប្រជាពលរដ្ឋធ្វើដំណើរចេញពីខេត្តប៉ៃលិន ឆ្ពោះទៅស្រុកសំឡូត ខេត្តបាត់ដំបូង នាំគ្នាចូលលេង និងប្រជាពលរដ្ឋធ្វើដំណើរចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅក្រុងប៉ៃលិន ក៏នាំគ្នាចូលហូបអាហារនៅរមណីយដ្ឋានរបស់ខ្លួនផងដែរ ។
ប្រភពបញ្ជាក់ថា ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកលេងកន្លែងរបស់ខ្លួន គឺមានមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងរហូតដល់រាជធានីភ្នំពេញ ។ ហើយនៅក្នុងអាហារដ្ឋានរបស់ខ្លួន មានខ្យូសជាង៣០ខ្នង និងមានទឹកអូរសម្រាប់ឱ្យភ្ញៀវចុះងួតលេងយ៉ាងត្រជាក់ទៀតផង ព្រោះមានទឹកថ្លាឈ្វេងហូរឥតដាច់ និងមានម្លប់ឈើផងដែរ។ ហើយនៅថ្ងៃអនាគត គាត់នឹងពង្រីកខ្យូសនៅតាមមាត់ស្ទឹងបន្ថែមទៀត ដោយមានជួលកម្មករឱ្យធ្វើម្ហូប ព្រោះ មានភ្ញៀវច្រើន។
ហើយចាប់តាំងពីបើកអាហារដ្ឋានខាងលើមកមិនមានបញ្ហាអ្វីនាំឱ្យលំបាកនោះឡើយ ដោយរលូនជារៀងរហូតមកតែម្តង ។ ម្ចាស់អាហារដ្ឋានខាងលើ ក៏មានសំណូមពរឱ្យភ្ញៀវទេសចរណ៍ចូលទៅលេងកន្លែងអាហារដ្ឋានរបស់ខ្លួនកាន់តែច្រើនផងដែរ ព្រោះម្ហូបអាហារភាគច្រើន គឺធម្មជាតិសុទ្ធសាធ និងមានផ្លែឈើដូចជា ធុរេន និងសាវម៉ាវ ព្រោះផ្លូវធ្វើដំណើរពីប៉ៃលិន ទៅស្រុកសំឡូត ជាផ្លូវក្រាលកៅស៊ូផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)