ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំពាំង​បារាំង ១​គីឡូ​ជាង​១​ម៉ឺន​ទៅ​ជាង​២​ម៉ឺន​រៀល ធ្វើ​ឱ្យ​ជីវភាព​មិន​ខ្វះ​មុខ​ខ្វះ​ក្រោយ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ កសិករ​ម្នាក់​អះអាង​ថា គ្រួសារ​របស់​គាត់​មាន​ជីវភាព​ធូរធា​ជាង​មុន មាន​ថវិកា​សម្រាប់​ទិញ​ម្ហូបអាហារ មិន​ខ្វះមុខខ្វះក្រោយ​ដូច​ពី​មុន​ឡើយ បន្ទាប់​ពី​គាត់​ដាំ​បន្លែ​ទំពាំង​បារាំង​ដុះ​លូតលាស់​យ៉ាង​ល្អ និង​បេះ​យក​ទៅ​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​អាច​ផ្តល់​ថវិកា​ឱ្យ​កូន​ៗ​សិក្សា​រៀន​នៅ​ឯ​រាជធានី​ភ្នំពេញ​ទៀត…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ កសិករ​ម្នាក់​អះអាង​ថា គ្រួសារ​របស់​គាត់​មាន​ជីវភាព​ធូរធា​ជាង​មុន មាន​ថវិកា​សម្រាប់​ទិញ​ម្ហូបអាហារ មិន​ខ្វះមុខខ្វះក្រោយ​ដូច​ពី​មុន​ឡើយ បន្ទាប់​ពី​គាត់​ដាំ​បន្លែ​ទំពាំង​បារាំង​ដុះ​លូតលាស់​យ៉ាង​ល្អ និង​បេះ​យក​ទៅ​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​អាច​ផ្តល់​ថវិកា​ឱ្យ​កូន​ៗ​សិក្សា​រៀន​នៅ​ឯ​រាជធានី​ភ្នំពេញ​ទៀត ដោយ​មិន​មានការ​ព្រួយបារម្ភ​ពី​ថវិកា​បង់ថ្លៃ​សាលា​នោះ​ឡើយ ខណៈ​ដាំ​បន្លែ​ទំពាំង​បារាំង​នៅ​លើ​ដីចម្ការ​របស់​ខ្លួន​ដែល​មាន​ទំហំ​ត្រឹមតែ​៤០x៤០​ម៉ែត្រ​ប៉ុណ្ណោះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កសិករ​ដែល​ប្រកប​របរ​ដាំ​បន្លែ​ទំពាំង​បារាំង​ខាងលើ​មាន ឈ្មោះ ឡុ​ង ទូ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ជួន ជឿន អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ជួន ជឿន រៀបរាប់​ឱ្យ​ដឹង​ថា គ្រួសារ​របស់​គាត់​ប្រកប​របរ ដាំ​បន្លែ​ទំពាំង​បារាំង​នេះ​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទិញ​គ្រាប់ពូជ​មក​ពី​ប្រទេស​ថៃ ក្នុង​១​គីឡូក្រាម​តម្លៃ​ជាង​៨០០០​បាទ (​ប្រាក់​ថៃ​) ។ បន្ទាប់​ពី​ដាំ​ត្រឹមតែ​រយ​:​ពេល ៧​ទៅ​៨​ខែ គឺ​រុក្ខជាតិ​នេះ​អាច​ដុះ​លូតលាស់​យ៉ាង​ល្អ ដោយ​គ្រាន់តែ​ធ្វើ​រង​កុំឱ្យ​វា​ដួល​ទៅ លើ​ដី ហើយ​ក៏​ទទួល​បាន​ផល​បេះ​លក់​ជា​បណ្តើរ​ៗ ចាប់ពី​៥​ទៅ​៦​គីឡូក្រាម រហូត​ដល់​២០​គីឡូក្រាម ក្នុង​១​ថ្ងៃ​ផង​ដែរ ។

គាត់​បន្ត​ទៀត​ថា ការ​បេះ​បន្លែ​ទំពាំង​បារាំង​លក់​នេះ គឺ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ខ្លះ និង​ផ្ញើ​តាម​រថយន្ត​ទៅ​ឱ្យ​ម៉ូយ​នៅ​តាម​បណ្តា​ខេត្ត​នានា ដូច​ជា បាត់ដំបង សៀមរាប រហូត​ដល់​ភ្នំពេញ​ជាដើម ដោយ​១​គីឡូក្រាម តម្លៃ​ជាង​២០០០០​រៀល (​ខ្នែង​ធំ​) និង​ជាង​១០០០០​រៀល​(​ខ្នែង​តូច​) សេវា​ថ្លៃ​ផ្ញើ​លើ​គេ​អ្នកទិញ ។

គាត់​បញ្ជាក់​ថា ការ​ដាំ​បន្លែ​ទំពាំង​បារាំង​នេះ ពិតជា​បាន​ជួយ​ជីវភាព​គ្រួសារ​គាត់​ច្រើន ដូច​ជា បង់​ថ្លៃ​ការ​សិក្សា​របស់​កូន​ៗ សង​ថ្លៃ​ជំពាក់​គេ និង​ធ្វើ​ចម្ការ​ដំឡូង​មី ពោតក្រហម ក៏​បាន​មក​ពី​ប្រាក់​លក់​បន្លែ​នេះ​ដែរ ។

លើស​ពី​នេះ ការ​ដាំ​បន្លែ​ទំពាំង​បារាំង​នេះ មានការ​ហត់នឿយ​បន្តិច ដោយ​ត្រូវ​ចំណាយពេល​ថែទាំ​ដើម​វា និង​បូមទឹក​ស្រោច កាត់​ស្មៅ ព្រមទាំង​ដាក់​ជីធម្មជាតិ ជាដើម ។ តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គាត់​កំពុង​តែ​ព្យាយាម​ពង្រីក​មុខរបរ​មួយ​នេះ បន្តិច​ម្តង​ៗ នៅ​លើ​ដីចម្ការ​របស់​ខ្លួន ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។

បើ​តាម​ប្រភព​ពី​លោក ឡុ​ង ទូ បានឱ្យ​ដឹង​ថា ដំណាំ​បន្លែ​ទំពាំង​បារាំង​នេះ គឺ​គាត់​ដក​យក​ទៅ​លក់​រាល់ថ្ងៃ បាន​ចាប់ពី​១០​គីឡូក្រាម​ឡើង​ទៅ លុះ​ពេល​វា​ដុះ​លូតលាស់​បាន​ខ្ពស់ មាន​ផ្កា និង​ផ្លែ​មូល​តូច​ៗ គាត់​អាច​បេះ​គ្រាប់​វា​យក​ទៅ​បណ្តុះ​ដាំ​សារ​ជា​ថ្មី ។

ហើយ​គាត់​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ដី​ទំនេរ​សល់​ច្រើន អាច​សាកល្បង​ដាំ​បន្លែ​ទំពាំង​បារាំង ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ជីវភាព​គាត់​ធូរធា​ជាង​មុន​ឆ្ងាយ ។ ម្យ៉ាងទៀត បន្លែ​ទំពាំង​បារាំង​នេះ អាច​យក​ទៅ​ធ្វើ​ម្ហូប​បាន​គ្រប់មុខ ស្ងោ ស្ល ឆា និង​ហូប​ជា​បន្លែ​អន្លក់ ក៏ បាន​ដែរ មិន​មាន​រសជាតិ​ល្វីង ឬ​ធុំក្លិន​អ្វី​នោះ​ទេ ពោល​គឺ​ឆ្ងាញ់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ