ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះអប់រំផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់កូវីដ១៩​ដល់កន្លែងកម្មករស្នាក់នៅ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ឱ្យ​កម្មករនិយោជិត​ទាំងអស់​មានការ​យល់​ដឹង និង​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល នូវ​វិធានការ​បង្ការ ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​កាលពី​​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ឱ្យ​កម្មករនិយោជិត​ទាំងអស់​មានការ​យល់​ដឹង និង​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល នូវ​វិធានការ​បង្ការ ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​កាលពី​​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​ជួប​សំណេះ សំណាល សួរសុខទុក្ខ​ដល់​កម្មករ​ដែល​កំពុងធ្វើការ​នៅ​កន្លែង​ផ្ទាល់ និង​កន្លែង​ស្នាក់​នៅ​ជាង​១០០​ខ្នង​ផ្ទះ និង​បាន​អប់រំ​ផ្សព្វផ្សាយ​នូវ​វិធានការ​បង្ការ ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដូច​ជា​ការ​ប្រារ​ព្វ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៤ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រោម​ប្រធានបទ សន្តិភាព និង​ការងារ​សមរម្យ នៅ​ក្រុមហ៊ុន​ដាក់​ឡាក់ មណ្ឌលគិរី អភិវឌ្ឍន៍​កៅស៊ូ ស្ថិត​នៅ​ភូមិ​ឡា​មេះ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។

លោក លី សា​មិ សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ជា​ពិសេស មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ក្នុង​ការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់មុខ​សញ្ញា​កន្លង​មកនេះ និង​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ដោះស្រាយ​វិវាទ​ការងារ​ដោយ​សន្តិវិធី ដើម្បី​បង្កើត​ឡើង​នូវ​ភាព​យោគយល់ ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ​

លោកលី សាមិ ​បាន​បន្ថែម​ថា សម្រាប់​ឆ្នាំ​២០២០​នេះ ដោយសារ​ប្រទេស​ជាតិ កំពុង​ប្រឈម​បញ្ហា​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​-១៩ មិន​អាច​ប្រារ​ព្វ​ទិវា​ពលកម្ម ១ ឧសភា ដោយ​មានការ​ប្រមូលផ្តុំ​ច្រើន​នោះ​ទេ ដូច្នេះ​ក៏​សូម​ឱ្យ​កម្មករ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​។

លោក ណ​យ ច័ន្ទ​តារា ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត បានឱ្យ​ដឹង​ថា ដោយសារ​បរិបទ​ប្រទេស​ជាតិ​កំពុង​ប្រឈម​បញ្ហា​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​-១៩ ឆ្នាំ​២០២០​នេះ យើង​មិន​អាច​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ​ឧសភា ដោយ​មានការ​ប្រមូលផ្តុំ​កម្មករនិយោជិត និ​យោគ​ជក តាម​ក្រុមហ៊ុន សហគ្រាស និង​គ្រឹះស្ថាន​នានា​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ យើង​បាន​រៀបចំ​ពិធី​សំណេះសំណាល សួរសុខទុក្ខ ដល់​កម្មករ​ដែល​កំពុងធ្វើការ​នៅ​កន្លែង​ផ្ទាល់ និង​កន្លែង​ស្នាក់​នៅ​ជាង ១០០​ខ្នង​ផ្ទះ ដោយ​រក្សា​បាន​នូវ​គំលាត​សុវត្ថិភាព​សង្គម ដើម្បី​បង្ការ​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩​។

លោក​ប្រធាន​មន្ទីរ​ការងារ​បាន​ជម្រាប​ជូន​ដល់​បងប្អូន​កម្មករនិយោជិត អំពី​ស្ថានភាព​មេរោគ​កូ​វី​ដ​-១៩ នៅ​កម្ពុជា រយៈពេល​ចុង​ក្រោយ​នេះ ពុំ​មានការ​ចម្លង​ថ្មី​ទៀត​នោះ​ទេ ដោយឡែក អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​សល់​ត្រឹមតែ​២​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម ១២២​ករណី​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​កម្មករ​ទាំងអស់ ត្រូវ​រក្សា​អនាម័យ និង​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពីព្រោះ​ថា​ភាគរយ​ចម្លង​នៅ​តែ​មាន​អត្រា​ខ្ពស់​នៅឡើយ​។

នា​ឱកាស​នោះ ថ្នាក់ដឹកនាំ​ខេត្ត រួម​ទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​អប់រំ​ផ្សព្វផ្សាយ​នូវ​វិធានការ បង្ការ ទប់ស្កាត់ នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដល់​កម្មករ​ដែល​កំពុងធ្វើការ​នៅ​កន្លែង​ផ្ទាល់ និង​កន្លែង​ស្នាក់​នៅ​ជាង ១០០​ខ្នង​ផ្ទះ និង​បាន​ចែក អាវយឺត សាប៊ូ អាល់កុល ក្រមា និង​ម៉ាស់​ការពារ ដល់​កម្មករ​សរុប​ប្រមាណ​ជា​៣០០​នាក់​ផង​ដែរ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ