រឿងបោកឆ្នាំងបាយចោល ប្អូនជាប់ខ្នោះ បងដេកពេទ្យ​


ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​ប្អូន​ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ ចំណែក​ជន​រង​គ្រោះជា​បង​ដែល​រង​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​​ជនសង្ស័យជា​ប្អូនផឹកស្រវឹងហើយបោកឆ្នាំង​បាយ​ចោល លុះពេលជនរងគ្រោះស្តីបន្ទោស ​ធ្វើ​ឱ្យ​ជនសង្ស័យ​​ជា​ប្អូនខឹង​ក៏​​បាន​ទាញ​កាំបិត​បុ័ងតោ​កាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​​ជា​បង​រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​អណ្តែង​សាំង ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ។

លោក​ប៊ិ​ច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង បានអោយ​ដឹង​ថា ជន​បង្ក​ជា​ប្អូន​ឈ្មោះ តឿ ឆា​រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អណ្តែង​សាំង ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្តតាកែវ ។ ចំណែក​​ជន​រង​គ្រោះជា​បង​ឈ្មោះ​តឿ ចិន្តា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការរង​នគរបាល​ស្រុក​ទ្រាំង បានអោយ​ដឹង​បន្ត​ថា មុន​កើតហេតុ ជនសង្ស័យ​បាន​ផឹកស៊ី​ស្រវឹង​រួច​បាន​ធ្វើ​សកម្មភាព​បោក​ឆ្នាំងបាយ​ចោល ពេល​នោះ​ជន​រង​គ្រោះ​ដែល​ត្រូវជា​បង​បង្កើត​បាន​ស្តីបន្ទោស ស្រាប់តែ​ជនសង្ស័យ​មានការ​ខឹងសម្បា ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​បុ័ងតោ​មក​កាប់​ជន​រង​គ្រោះ​ចំនួន​២​កាំបិត បណ្តាល​ឲ្យ​រង​របួស​ត្រង់​ក្បាល​មួយ​កន្លែង​និង​របួស​ស្នាម​នៅ​កដៃ​ឆ្វេង​មួយ​កន្លែង​។ ក្រោយ​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះជា​បង​រួច​មក កម្លាំង​ជំនាញ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​តែ​ម្តង ។
នៅ​ចំពោះ​មុខ​នគរបាល​ស្រុក ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ផឹកស៊ី​ស្រវឹង​រួច​បោក​ឆ្នាំង​ចាន និង​បាន​យក​កាំបិត​កាប់​ទៅ​លើ​បងប្រុស​របស់​ខ្លួន​ពិតប្រាកដ​មែន ។

លោក​យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា ពេល​នេះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ផ្លូវ​តាម​ច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ