រាជធានីភ្នំពេញ ៖ តាមការឱ្យដឹងពីលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី៩ ឧសភា នេះថា បានសម្រេចចេញដីការឃុំខ្លួនអតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.រំលោភលើទំនុកចិត្តពិសេស ដោយអភិបាល.យោងតាមមាត្រា៣៩៣ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យ មានឈ្មោះ ម៉ៃ តុលា ភេទប្រុស ៤៨ឆ្នាំ មុខងារជាអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា រសៀលថ្ងៃទី៨ ឧសភា អង្គភាពប្រឆាំងអំពើពុករលួយបានចាត់បញ្ជូនខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៃ តុលា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ពន្ធសំណុំរឿងពុករលួយ ។
សំណុំរឿងនោះ បានស្ថិតនៅដៃលោក ប្លង់ សុផល ព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។ ក្រោយពីស៊ើបសួរអស់រយៈពេលច្រើនម៉ោង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ ក្រោមបទ.រំលោភលើទំនុកចិត្តពិសេសដោយអភិបាល បន្ទាប់មកសំណុំរឿងនេះត្រូវបានចាត់ បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ប៉ុន្តែដោយសារល្ងាចហើយ និងផុតម៉ោងរដ្ឋបាលទើបជនសង្ស័យត្រូវបានផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ និងតម្រូវឲ្យព្រឹកថ្ងៃទី៩ ឧសភា នេះ នាំទៅសាកសួរម្តងទៀត រហូតដល់ថ្ងៃត្រង់ថ្ងៃដដែល ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឲ្យឃុំខ្លួនតែម្តងទៅ ។
សូមបញ្ជាក់ទៀតថា នារសៀលថ្ងៃទី៧ ឧសភា ឆ្នាំ ២០២០ កម្លាំងសមត្តកិច្ចកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់ ខ្លួនលោកម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ក្រោយពេលឃាត់ខ្លួនសមត្តកិច្ចកងរាជអាវុធហត្ថ បានបំពេញបែបបទ និងបញ្ជូន លោក ម៉ៃ តុលា ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តនីតិវិធី ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០ នេះដែរ បានបញ្ជាក់ថា អតីត និងមន្ត្រីសហពន្ធកីឡាបាល់ទាត់កម្ពុ ជា មួយចំនួនដែលបានប្រព្រឹត្តកំហុសខុសឆ្គងធ្ងន់ធ្ងរ ផ្ទុយ និងក្រមសីល ធម៌ចំនួន៤នាក់ មានដូចជា ៖ លោក ម៉ៃ តុលា .លោក ទុយ វិច្ឆិកា
.លោក ឆាំង ពិសិដ្ឋ និង .លោកគល់ សុភារម្យ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ។
ដោយឡែកគឺលោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា ត្រូវបានបញ្ជូនសំណុំរឿងពាក់ពន្ធប្រព្រឹត្តអំពើពុករលួយ ទៅតុលាការមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ។ ទាក់ទងករណីខាងលើនេះលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានថ្លែងថា អំឡុងការសហការរវាង មន្ត្រីសហព័ន្ធ និងក្រុមហ៊ុនស្រាបៀរ Tiger រៀបចំការប្រកួតរបស់ Tiger Street football តាំងពីឆ្នាំ ២០១៣ មកដល់ឆ្នាំ ២០១៩ រកឃើញថា មន្ត្រីសហព័ន្ធទាំង៤រូបខាងលើនេះ មានការកឹបកេងប្រាក់ប្រមាណជាង ៣០% ដោយគ្មានមូលហេតុ និងមិនបានចូលមកសហព័ន្ធសោះ ។
ក្រោយការបង្កើតគណៈកម្មការវិន័យ សហព័ន្ធ បានរកឃើញបន្ថែមថា ត្រឹមអំឡុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ មានការកិបកេងប្រាក់ជាង ៥៩ ៧៣៦ ដុល្លារដុល្លារអាមេរិឯណោះ ។ អំពើនេះ ហើយទើបបានជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើកការប្រជុំគ្នាជាច្រើនលើក រហូតដល់ឈានដល់ការពិន័យ និងព្យួរសកម្មភាពបាល់ទាត់ពួកគេទាំង៤នាក់ រហូតមួយជីវិតតែម្ដង ខណៈដែលសាមីខ្លួនទាំង៤ នាក់បានសារភាពចំពោះទោដកំហុសនោះដែរ ៕
ចែករំលែកព័តមាននេះ