ខ្លះថា ធ្វើនេះត្រឹមត្រូវហើយដើម្បីកុំអោយមានការស្លាប់ និងរបួសតាមដងផ្លូវច្រើនពេក។ ចំណែកខ្លះទៀតរិះគន់ថា ការបង្ក្រាបបទល្មើសចរាចរណ៍ ដោយប៉ូលិសលេងដៃធ្ងន់ ពេកដោយផាកពិន័យច្រើន ហួសពី សមត្ថភាពប្រជាជនក្រីក្រ និងខ្វះការយោគយល់ ។
នៅចំពោះមុខការប្រតិកម្មពីមហាជននោះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និយាយ ថា សម្តេចស្វាគមន៍ការបញ្ចេញមតិបែបស្ថាបនា ដើម្បីធ្វើយ៉ាងណាឱ្យការងារ នេះបានទទួលជោគជ័យ ។ ប៉ុន្តែកិច្ចការនេះ នឹងធ្វើបន្តដោយមិនថយក្រោយ ។ សម្តេចក៏បានធ្វើការកត់សម្គាល់ថា ការអនុវត្តវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈពេលមួយសប្តាហ៍នេះ នគរបាលចរាចរណ៍ផ្លូវគោកបានត្រួតពិនិត្យឃើញ បទល្មើស និងធ្វើការពិន័យចំពោះយានយន្ដល្មើសច្បាប់សរុបចំនួន១៣,៩៦៨ករណី ក្នុងនោះ មានក្រយានយន្ត និងត្រីចក្រយានយន្តចំនួន១០,៨១៥ករណី ស្មើនឹង ៧៧ភាគរយ និងរថយន្តគ្រប់ប្រភេទចំនួន ៣,១៥៣ករណី នឹង២៣ភាគរយ។
របាយការណ៍បានបង្ហាញទៀតថា ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន។ រយៈពេលមួយសប្តាហ៍នេះ គ្រោះថ្នាក់ចរាជណ៍បានកើតឡើងចំនួន៤៣លើក មានការថយចុះចំនួន៥២លើក ស្មើនឹង៥៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែឧសភាឆ្នាំ២០១៩ ។ គ្រោះថ្នាក់ចរាចរណ៍៤៣លើកនេះ មានអ្នកស្លាប់ ២៤នាក់ ថយចុះ១៦នាក់ ស្មើនឹង៤០ភាគរយ មានអ្នករបួស៥៦នាក់ ថយចុះ៥៩នាក់។ ដោយឡែក បើធៀបនឹងសប្តាហ៍ចុងក្រោយនៃខែមេសា ឆ្នាំ២០២០វិញឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍មួយសប្តាហ៍នេះ បានថយចុះចំនួន១២លើក ស្មើនឹង២២ភាគរយ ក្នុងនោះអ្នកស្លាប់ថយចុះ១១នាក់ ស្មើនឹង៣១ភាគរយ អ្នករបួសថយចុះ២នាក់ ស្មើនឹង៣ភាគរយ។
ប៉ុន្តែការរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍នេះ ក៏នាំមកកនូវការមិនសប្បាយចិត្តមួយចំនួន ដែលគាត់យល់ថាការពិន័យជាប្រាក់មានចំនួនច្រើនជ្រុល និងការលេងដៃធ្ងន់ ដោយប៉ូលិសដែលខ្វះការយោគយល់ ។ទន្ទឹម នោះក៏មានករណីប៉ះទង្គិចមួយចំនួនតូចរវាងប៉ូលិស និងអ្នកបើកបរជាពិេសស នៅតាមខេត្ត ។
សម្រាប់ប៉ូលិសមានភារកិច្ចធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់នោះ វាក៏ចាំបាច់ផងដែរ ដែលត្រូវធ្វើយ៉ាង ណាចៀសវាងអោយបានការយល់ច្រឡំក្នុងចំណោម មហាជនឬក៏ការបកស្រាយ ណាមួយដែល ចេញពី គោលបំណងធំនៃបេសកកម្មនេះ គឺដើម្បីជីវិត និងសេចក្តីសុខរបស់ប្រជាជន។ ក្នុងន័យនេះ ការងារនះត្រូវ ធ្វើដោយទន់ភ្លន់និង ពិនិត្យទៅលើស្ថានភាពជាក់ស្តែង ។
សម្តេចស ខេង បានលើកឡើងពីការត្រៀមទទួលយកមតិបែបស្ថាបនា ដើម្បីធ្វើអោយការងារនេះកាន់តែមានប្រសិទ្ធភាព ។ សម្តេចចង់ផ្តល់សារថាការរឹតបន្តឹងនេះ គឺដើម្បីប្រជាជនមិនមែនដើម្បីធ្វើបាបប្រជាជនទេ ។
នេះគឺជាការបើកបេះដូងដ៏ល្អមួយ សម្រាប់អោយមានការយល់គ្នាកាន់តែច្បាស់រវាងសមត្ថកិច្ច និងប្រជាជន។ ការទទួលយកមតិប្រជាជន ដើម្បីដោះស្រាយ នឹងបើកផ្លូវអោយប្រជាជនកម្ពុជា ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ រដ្ឋាភិបាលដើម្បីដោះស្រាយបម្រើផលប្រយោជន៍ប្រជាជន។ ដូច្នេះ ជំនួសអោយការប្រតិកម្មបែបហិង្សាណាមួយនោះ ប្រជាជនកម្ពុជាអាចបញ្ចេញ មតិដោយស្ថាបនារាល់ការមិនសប្បាយចិត្តនិងលើកជាសំណួមពរដើម្បី អោយមាន ការពិនិត្យដោយសមត្ថកិច្ច។ប្រជាជនកម្ពុជាទាំងអស់ក៏ត្រូវចូលរួមអោយបានគ្រប់គ្នានៅក្នុងការគោរពច្បាប់ចរាចរណ៍នេះដើម្បីអាយុជីវិតនិងសេចក្តីសុខទាំងអស់
គ្នា៕
ចែករំលែកព័តមាននេះ