ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ព្រមាន មន្ទីរ​សម្រាក​ព្យាបាល សុធា​រិ​ទ្ធ​បែក​ចាន ដែល​លាង​របួស​ជន​រង​គ្រោះ​២​នាក់ អស់​ថ្លៃ​ជិត​១​ពាន់​ដុល្លារ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​លិខិត​ព្រមាន​ដល់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន ករណី​ព្យាបាល​ប្តី​ប្រពន្ធ​២​នាក់ ដែល​បាន​ជួប​ថ្នាក់​ចរាចរណ៍ រង​របួស​រលាត់​ដៃជើង និង​មុខមាត់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​លិខិត​ព្រមាន​ដល់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន ករណី​ព្យាបាល​ប្តី​ប្រពន្ធ​២​នាក់ ដែល​បាន​ជួប​ថ្នាក់​ចរាចរណ៍ រង​របួស​រលាត់​ដៃជើង និង​មុខមាត់ ត្រឹម​លាង​របួស និង​ព្យួរសេរ៉ូម​ម្នាក់​១​ប្លោក ​តម្រូវឲ្យបង់ប្រាក់ដល់ទៅ​ជិត​១ពាន់​ដុល្លារ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ទាំង២ រន្ធត់ចិត្ត ​​ស្ទើរ​ដួល​សន្លប់ ។

លិខិត​របស់​ក្រសួងសុខាភិបាលចុះ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២០ បាន​ព្រមាន​ចំពោះ​លោក​វេជ្ជបណ្ឌិត គូរ គីប​ហៀ​ក ប្រធាន​មន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន និង​លោក​វេជ្ជបណ្ឌិត ស្រស់ សុ​ភ័ក្ត្រ ម្ចាស់​ទុន​មន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​៤១ ផ្លូវជាតិ​លេខ​៤ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទៅ​លើ​ករណី​ដែល​បាន​យក​រថយន្ត គិលានសង្គ្រោះ ទៅ​ដឹក​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មក​ព្យាបាល​នៅ​ក្នុង មន្ទីរ​សំរាក​ព្យាបាល​របស់​ខ្លួន ខុស​ទៅ​នឹង​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

លើស​ពី​នេះ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន ក៏​យក​តម្លៃ​សេវា​ព្យាបាល​ច្រើន​លើស​ពី​ប្រក្រតី ដែល​មិន​មាន​តារាង​តម្លៃ​ច្បាស់លាស់ ដាក់​នៅ​ក្នុង​មន្ទីរ​សំរាក​ព្យាបាល សម្រាប់​ឱ្យ​អតិថិជន ឬ​អ្នកជំងឺ​បានដឹង​ជា​មុន ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។ បន្ថែម​លើ​ការ​ព្រមាន​នេះ ក្រសួង​បាន​ធ្វើការ​ផាកពិន័យ​ស្រប​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន ។

ក្រោយ​ពី​ចេញ​លិខិត​នេះ​ទៅ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្ដាល ត្រូវ​អនុវត្ត​តាមដាន​រាល់​សកម្មភាព​ត្រួតពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត គូរ គឹ​ម​ហៀ​ក និង​លោក​វិ​ជ្ជ​បណ្ឌិត ស្រស់ សុ​ភ័​ក្ត្រា ជា​ប្រចាំ ដើម្បី​ធ្វើ​របាយការណ៍​ផ្ញើ​មក​ក្រសួងសុខាភិបាល ។

សូម​ជម្រាប​ថា ប្តី​ប្រពន្ធ​២​នាក់​បាន​ជួប​ថ្នាក់​ចរាចរណ៍ រង​របួស​រលាត់​ដៃជើង និង​មុខមាត់ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន បាន​ចេញ​រថយន្ត​គិលានសង្គ្រោះ ទៅ​ដឹក​អ្នក​រង​របួស នាំ​យក​មក​ចូល ទៅ​លាង​របួស និង​ព្យួរសេរ៉ូម​ម្នាក់​១​ប្លោក នៅ​មន្ទីរ​សម្រាក​នេះ ។ លុះ​ពេល​ខាង​មន្ទីរ ចេញ​វិ​ក័យ​ប​ត្រ​បង់លុយ​ស្រាប់តែ អស់​ជិត​១​ពាន់​ដុល្លារ ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​រង​គ្រោះ​ហួសចិត្ត ស្ទើរ​ទន់ជង្គង់​ដួល​សន្លប់ ។

ជន​រង​គ្រោះជា​ប្តី​ឈ្មោះ បឿ​ង បុល អាយុ ៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ណា រ៉ា​វី អាយុ ៤១ ឆ្នាំ រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​វេលា​យប់​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២០ ។ ចំណែកឯ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន ស្ថិត​នៅផ្ទះ​លេខ​៤០ ផ្លូវជាតិ​លេខ​៤ ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គ​ឈ្នួល ខេត្តកណ្តាល ។

ប្តី​ប្រពន្ធ​ជន​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ពួក​គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មាន​រថយន្ត​ទៅ​ដឹក ហើយ​ក៏​បាន​នាំ​ចូល​មក​លាង​មុខរបួស​រុំ​ដៃជើង និង​ព្យួរសេរ៉ូម​អស់​ម្នាក់​១​ប្លោក លុះ​ពេល​ខាង​មន្ទីរពេទ្យ​ចេញ​វិ​ក័យ​ប​ត្រ​បង់លុយ​ចំនួន ២​សន្លឹក​សរុប​ចូល​គ្នា មាន​ចំនួន​ទឹកប្រាក់​ដល់ ៧៥០​ដុល្លារ ធ្វើ​ឲ្យ​ពួក​គាត់​រន្ធត់​ចិត្តជា​ខ្លាំង ហើយ​ពេល​នោះ ខាង​មន្ទីរពេទ្យ បាន​បង្ខំ​ឲ្យ​ពួក​គាត់​យក​លុយ​មក​បង់ថ្លៃ​ពេទ្យ​ជា​បន្ទាន់ បើ​ដោះស្រាយ​មិន​ទាន់​នោះ​ទេ ត្រូវ​ទុក​ម៉ូតូ​នៅ​ទីនោះ​សិន ចាំ​យក​លុយ​មក​គ្រប់​ចំនួន​ចាំ​ដោះស្រាយ​គ្នា ។

ប្តី​ប្រពន្ធ​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា ពួក​គាត់​មាន​ជីវភាព​ក្រីក្រ​ណាស់ ពោល​គឺរ​កមួយ​ថ្ងៃ​សម្រាប់​ហូប​មួយ​ថ្ងៃ ហើយ​គ្រាន់តែ​ចូល​លាងមុខ​របួស​រលាត់​ដៃជើង និង​ព្យូ​រ​សេរ៉ូម​ម្នាក់​១​ប្លោក​សោះ ហេតុ​អ្វី​ខាង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុធា​រិ​ទ្ធ​បែក​ចាន គិតលុយ​ថ្លៃ​បែប​នេះ ? តើ​ពួក​គាត់​រក​ប្រាក់​ឯណា​បាន​ឲ្យ​នោះ ។

ក្រោយ​ពី​មានការ​តវ៉ា​ពី​ក្រុម​សាច់ញាតិ និង​អ្នកជំងឺ​ទើប​ប្រធាន​មន្ទីរពេទ្យ​លោក​វេជ្ជបណ្ឌិត គូរ គីប​ហៀ​ក ចុះ​​មក​ត្រឹម​៤៥០​ដុល្លារ​វិញ ចំណែក​ជន​រង​គ្រោះ មិនចង់មានរឿងវែងឆ្ងាយ ​ក៏​ព្រម​បង់លុយ​តាមហ្នឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ