​ ACU បញ្ជូន​​​អគ្គលេខាធិការ​រង​សហ​ព័ន្ធ​កីឡាបាល់ទាត់ ​​មក​កាន​់សាលាដំបូង​​


រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​ រសៀល​ថ្ងៃ​ទី​៨​ ឧសភា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​សំណុំរឿង​ពុក​រលួយ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​រូប​នោះ​ឈ្មោះ ម៉ៃ តុលា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មានមុខ​ងារ​ជា​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មាន​អា​សយ​ដ្ឋា​ន​នៅ​រាជធានី​ភ្នំពេញ ។ សំណុំរឿង​ពុក​រលួយ​របស់​ជនសង្ស័យ​រូប​នេះ បាន​ស្ថិតនៅ​ដៃ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារ​អម​សាលាដំបូង​រាជធានី​ភ្នំពេញកំពុង​បើក​ការ​ស៊ើបសួរ ។

សេចក្តី​រាយ​ការ​ណ៍បន្ត​ថា នា​រសៀល​ថ្ងៃ​ទី​៧ ​ឧសភា ឆ្នាំ ២០២០ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើការ​ឃាត់ខ្លួន​លោកម៉ៃ​ តុលា អតីត​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។ ក្រោយ​ពេល​ឃាត់ខ្លួន​ហើយ សមត្ថកិច្ច​កង​រាជ​អាវុ​ធ​ហត្ថ​បាន​បំពេញបែបបទ និង​បញ្ជូនលោកម៉ៃ តុលា ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បន្ត​នីតិវិធី ។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃ​ទី​៦ ឧសភា​ បាន​បញ្ជាក់​ថា អតីតនិង​មន្ត្រី​សហ​ពន្ធ​កីឡាបាល់ទាត់​កម្ពុជាមួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ ផ្ទុយ និង​ក្រម​សីលធម៌​ចំនួន​៤​នាក់ មាន​ដូច​ជា ៖ លោក ម៉ៃ តុលា,លោក ទុ​យ វិច្ឆិកា, ​លោក ឆាំង ពិសិដ្ឋ និង​លោក​គល់ សុភា​រម្យ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត ។

ដោយឡែក ​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ត្រូវ​បាន​បញ្ជូន​សំណុំ​រឿង​ពាក់​ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ទៅ​តុលាការ​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរ​មាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ទាក់ទង​ករណី​ខាងលើ​នេះ​លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បាន​ថ្លែង​ថា អំឡុង​ការ​សហការ​រវាង មន្ត្រី​សហព័ន្ធ និង​ក្រុមហ៊ុនស្រា​បៀរ Tiger រៀបចំ​ការ​ប្រកួត​របស់ Tiger Street football តាំងពី​ឆ្នាំ ២០១៣ មក​ដល់​ឆ្នាំ ២០១៩ រក​ឃើញ​ថា មន្ត្រី​សហព័ន្ធ​ទាំង​៤​រូប​ខាងលើ​នេះ មានការ​កឹ​ប​កេង​ប្រាក់​ប្រមាណ​ជាង ៣០% ដោយ​គ្មាន​មូលហេតុ និង​មិន​បាន​ចូល​មក​សហព័ន្ធ​សោះ ។

ក្រោយ​ការ​បង្កើត​គណៈកម្មការ​វិន័យ សហព័ន្ធ បាន​រក​ឃើញ​បន្ថែម​ថា ត្រឹម​អំឡុង​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៩ មានការ​កិបកេង​ប្រាក់​ជាង ៥៩ ៧៣៦ ដុល្លារ​ដុល្លារ​អា​មេ​រិ​ឯណោះ ។ អំពើ​នេះ​ហើយ​ទើប​បានជា​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បើក​ការ​ប្រជុំ​គ្នា​ជា​ច្រើន​លើក រហូត​ដល់​ឈាន​ដល់​ការ​ពិន័យ និង​ព្យួរ​សកម្ម​ភាព​បាល់ទាត់​ពួក​គេ​ទាំង​៤​នាក់ រហូត​មួយ​ជីវិត​តែ​ម្ដង ខណៈ​ដែល​សាមីខ្លួន​ទាំង​៤ នាក់​បាន​សារភាព​ចំពោះ​ទោ​ដ​កំហុស​នោះ​ដែរ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ