ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ប្រហិត​ដេកលើ​បង់​សុខៗកើត​អាការៈខុសប្រក្រតី ផ្អើល​ជួយសង្គ្រោះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ប្រហិត​នៅ​តាម​ដងផ្លូវ​ម្នាក់​បាន​ប្រកាច់​ធ្លាក់​ពីលើ​បង់អង្គុយលេង​ ហើយ​ត្រូវ​បាន​អ្នក​នៅ​ក្បែរ​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋ​ម និង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ ទី​៨ ខែឧសភា ឆ្នាំ…

រាជធានី​ភ្នំពេញ ​៖ អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ប្រហិត​នៅ​តាម​ដងផ្លូវ​ម្នាក់​បាន​ប្រកាច់​ធ្លាក់​ពីលើ​បង់អង្គុយលេង​ ហើយ​ត្រូវ​បាន​អ្នក​នៅ​ក្បែរ​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​សង្គ្រោះ​បឋ​ម និង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ ទី​៨ ខែឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​មុខ​បណ្ណាល័យ ហ៊ុន សែន ខាងជើង​ស្ពាន​អាកាស​៧​មក​រា តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

ជន​រង​គ្រោះ​ម្នាក់​​ខាងលើ​នោះ​ឈ្មោះ ផល ណុ​ច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ប្រហិត មាន​លំនៅ​ផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ពី​អ្នក​ជិតខាង​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​បាន​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ឈប់​តាម​ចិញ្ចើម​ផ្លូវ​លក់​ប្រហិត​ដូច​សព្វដង ប៉ុន្តែ ដោយសារ​បុរស​រង​គ្រោះ​អត់ងងុយ​ពី​យប់ ព្រោះ​ទៅ​កំដរ​បុណ្យសព​បងប្អូន លុះ​ព្រឹក​នោះ ជន​រង​គ្រោះ​ក៏​បាន​ដេក​លើ​បង់អង្គុយលេង​សុខៗ ស្រាប់តែ​ប្រកាច់​ធ្លាក់​ពីលើ​បង់អង្គុយលេង​ ហើយ​អ្នក​លក់ដូរ​ក្បែរ​គ្នា បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​ដើម្បី​សង្គ្រោះ​បឋម​។

តាម​ប្រភព​ព័ត៌មាន​ដដែល​បានអោយ​ដឹង​បន្ត​ថា ភ្លាម​ៗ​នោះ​គេ​ឃើញ​បុរស​រង​គ្រោះ​មាន​អាកា​រៈ​ខុស​ប្រក្រតី​ប្រកាច់​ស្រែក និង​ខាំធ្មេញ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​អស់​រយៈពេល​ប្រមាណ​ជាង​កន្លះ​ម៉ោង តែ​បែរជា​ឃើញ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ លុះ​ក្រោយមក​ទើប​ឃើញ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​មក​ដល់ ។

តាម​ប្រភព​ពី​អ្នក​លក់ដូរ​នៅ​ក្បែរ​គ្នា​បានអោយ​ដឹង​បន្ត​ទៀត​ថា ជា​ច្រើន​ដង​មក​ហើយ ដែល​បុរស​រង​គ្រោះ​ខាងលើ​បាន​ដួល​សន្លប់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ហើយ​ត្រូវ​គ្រូពេទ្យ​បានអោយ​ដឹង​ថា ដោយសារ​តែ​បុរស​រង​គ្រោះ​ខ្សោយ​ខ្វះ​ជាតិ​កាល់ស្យូម និង​ពេល​ខ្លះ​និយាយ​រវើរវាយ​តែឯង​ក៏​មាន​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​រួច​ហើយ ខាង​រថយន្ត​សា​ម៉ុ​យ​ឯកជន​បាន​ទារ​ថ្លៃ​ដឹក​ចំនួន​៣០​ដុល្លារ ដែល​តម្លៃ​នេះ​ត្រូវ​បាន​បងប្អូន​របស់​ជន​រង​គ្រោះ​មាន​ប្រតិកម្ម​ថា​ថ្លៃ​ណាស់ ដឹក​ក្នុង​ចម្ងាយ​ប្រមាណ​មិន​ដល់​៣០០​ម៉ែត្រ ផង​នោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ