បុរសបរទេស២នាក់ពាក់ព័ន្ធ​​គ្រឿងញៀន​ជាង​២​គីឡូក្រាម ត្រូវតុលាការសម្រេចហើយ​


រាជធានី​ភ្នំពេញ ៖ លោក​អុឹម វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ក្នុង​ម្នាក់​៤០​លាន​រៀល ពី​បទ​.​ដឹក​ជ​ញ្ជូ​ន រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

សាលក្រម​បាន​សម្រេច​ធ្វើការ​លើកលែង​ចោទប្រកាន់​លើ​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ពាក់​ពន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន​ជាមួយ​ក្រុម​ជនជាតិ​នី​ហ្សេ​រី​យ៉ាង​ទាំង​២​ខាងលើ​នេះ​ដែរ ឲ្យ​មាន​សេរីភាព​ឡើង​វិញ បន្ទាប់​ពី​តុលាការ​បាន​បើក​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​ច្រើន​ខែ ។ សាលក្រម​ក៏​បាន​បើកផ្លូវ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិនជា​ជនជាប់ចោទ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

ជនជាប់ចោទ​ទាំង​២នាក់​ខាងលើ ក្នុងនោះ​ម្នាក់​ឈ្មោះ ONEKANMA EMEKA CHRIST ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩) ​និង​ម្នាក់ទៀត​ឈ្មោះ ALFASANSAFINU INNOSEN ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ (​ចាប់ខ្លួន​​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩) ។ រីឯ​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​បាន​លើកលែង​បទចោទប្រកាន់​​ឈ្មោះ មាស វាសនា អាយុ​៣៧​ឆ្នាំ ។

សំណុំរឿង​ខាងលើ​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស កាលពី​ថ្ងៃ​ទី​៧ ខែ មេ​សា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក​ចៅក្រម អុ​ឹ​ម វណ្ណៈ និង លោក ឆាយ ហុង ជា​តំណាង​អយ្យការ ។

ពេល​សវនាការ​ ជនជាប់ចោទ​បាន​បដិសេធ​បទ​ចោទ​ប្រកាន់​ទាំងស្រុង​ថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​ចាប់​យក​នោះ មិនមែន​ជា​របស់​ពួក​គេ​ទេ ពួក​គេ​គ្រាន់តែ​ជា​អ្នក​កាន់​កញ្ចប់​នោះ​ពី​មនុស្ស​ម្នាក់ និង​យក​ទៅ​បន្ត​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដោយ​មិន​បានដឹង​ថា ជា​កញ្ចប់​គ្រឿងញៀន​ឡើយ ។

សូម​រំលឹក​​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​១ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃប​ង្ក្រា​ប និង​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​តេ​លា តាមបណ្តោយ​ផ្លូវ​លេខ​១៧១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​នៅ​ចំណុច​បន្ទប់​ជួល​លេខ​2F18 រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​ប្រ​ភេ​ទ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ចំនួន ៥.០០៦ គ្រាប់ ស្មើ​នឹង​ទម្ងន់ជាង​២​គីឡូក្រាម​ ។

សមត្ថ​កិច្ច​បាន​ប្រើ​ជំនាញ​វិធាន​ញុះញង់ បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​បទល្មើស​ជាក់ស្តែង ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​ប​ដិ​សេ​ធ ថា​គ្រឿងញៀន​ដែល​សមត្ត​កិច្ច​ដកហូត​នោះ​មិនមែន​ជា​របស់​ពួក​គេ​ទេ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ