រាជធានីភ្នំពេញ ៖អ្នកនាងអ៊ឹង និមល វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបានហើយ បន្ទាប់ពីជាប់កុនដំណើរនៅប្រទេសអូស្ត្រាលីប្រមាណ៣ខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។ តារារូបនេះទើបដែលមកដល់មាតុភូមិវិញកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តាមជើងហោះហើរពិសេសមួយ បន្ទាប់ពីជើងហោះហើរពីអូស្ត្រាលីមកកាន់កម្ពុជាត្រូវបានបិទមួយរយៈ ។
អុឹង និមល ប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកថា នាងបានមកដល់ប្រទេសកម្ពុជាវិញតាមជើងហោះហើរពិសេសមួយរបស់កូរ៉េ ។ «ជើងយន្តហោះនោះគឺមានតែមួយគត់ ហើយយើងបានជ្រែទិញសំបុត្រយន្តហោះស្ទើរមិនបាន ប៉ុន្តែដោយសារអ្នកដែលទៅកូរ៉េគេលុបចោលមិនទៅវិញ ទើបយើងអាចទិញបាន »។
បើតាមអុឹង និមល ជើងហោះហើរនៅអូស្ត្រាលីគឺនៅបន្តបិទ ហើយជើងហោះហើរដែលនាងជិះនេះគឺជាជើងចុងក្រោយបំផុត ហើយសំណាងមានគេលុបចោលទើបគេយកមកលក់ឲ្យនាង ។
ពាក់ព័ន្ធការត្រួតពិនិត្យសុខភាពវិញ អុឹង និមល អះអាងថា ពេលធ្វើដំណើរមកដល់ប្រទេសកូរ៉េគឺគេពិនិត្យយ៉ាងត្រឹមត្រូវ ខណៈពេលដែលនាងក៏មានការប្រយ័ត្នប្រយែងខ្ពស់ផងដែរសម្រាប់ខ្លួនឯង ។
នៅពេលមកដល់ស្រុកខ្មែរនាងបានពិនិត្យ និងតាមដានសុខភាពជាបន្តបន្ទាប់ ហើយមកទល់ពេលនេះសុខភាពរបស់នាងគឺមានភាពល្អប្រសើរ មិនមានអ្វីប្លែកនោះឡើយ ។
អាចវិលមកប្រទេសកម្ពុជាវិញបាននាពេលនេះ អុឹង និមល បានសម្តែងក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដោយសារនាងនឹករឭកបងប្អូនដែលនៅស្រុកកំណើត ។
ពេលកំពុងស្នាក់នៅប្រទេសអូស្ត្រាលីនោះ អុឹង និមល បានអះអាងថា នាងមិនទាន់ច្បាស់ទេពីការវិលមកកាន់ប្រទេសកម្ពុជាវិញនាពេលណានោះ ដោយសារអូស្ត្រាលីមិនទាន់បានបើកជើងហោះហើរវិញនៅឡើយ ។ មូលហេតុនេះបានធ្វើឲ្យនាងសម្រេចស្នើសុំវីសា ដើម្បីបន្តស្នាក់នៅអូស្ត្រាលី ដោយត្រូវរង់ចាំជើងហោះហើរគេបើកវិញ ក្នុងពេលដែលនាងអន្ទះសាយ៉ាងខ្លាំង ដោយសារចង់វិលមកស្រុកខ្មែរវិញឲ្យបានឆាប់ ។
បើតាមអុឹង និមល ការស្នាក់នៅប្រទេសអូស្ត្រាលីរយៈពេលយូរនោះ គឺនាងមិនមានបញ្ហាអ្វីចោទឡើយ ទាំងការរស់នៅ និងការហូបចុក គ្រាន់តែមិនអាចដើរទៅណាបានឆ្ងាយប៉ុណ្ណោះ។ ប៉ុន្តែទោះជាបែបនេះក្តី នាងចង់វិលមកកាន់ប្រទេសកំណើតវិញឆាប់ ដោយសារតែនាងនឹកបងប្អូន និងមិត្តភក្តិ ហើយពួកគេមានការបារម្ភពីសុខទុក្ខរបស់នាង ។
អុឹង និមល គឺជាតារាមួយរូបក្នុងចំណោមតារា២នាក់ទៀតគឺលោកអ៊ែន ឌី និងលោក ហេង នរៈកក្កដា ដែលបានជាប់កុនដំណើរនៅប្រទេសអូស្ត្រាលី គ្រាដែលពួកគេបានចេញទៅសម្តែងនៅមុនជំងឺកូវីដ១៩រីករាលដាលខ្លាំង ។ ទោះជាយ៉ាងណាក្ដីលោកហេង នរៈកក្កដា ក៏បានវិលមកកម្ពុជាវិញដំណាលគ្នាជាមួយអុឹង និមល ដែរ តែលោកអ៊ែន ឌី នៅមិនទាន់បានវិលត្រឡប់មកកម្ពុជាវិញនៅឡើយទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ