ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋចំនួន៤នាក់ ត្រូវបានមន្ត្រីឧទ្យាននុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ឃាត់ខ្លួន កាលពីថ្ងៃទី០៥ ឧសភា ខណៈដែលពួកគេកំពុងបោចសំអាតស្មៅ នៅក្នុងចំការស្វាយរបស់ខ្លួន នៅចំណុចភ្នំផេះ ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ។ នេះបើតាមសេចក្ដីរាយការណ៍របស់អាជ្ញា ធរមូលដ្ឋានជូនលោកអភិបាលស្រុក ក្រោយពេលកើតហេតុ តែមិនបាននិយាយអំពីមូលហេតុនៃការឃាត់ខ្លួនពលរដ្ឋនោះទេ។
នៅក្នុងរបាយការណ៍របស់លោក ធឹម ព្រឿង មេឃុំសំឡូត ដែលរាយការណ៍ជូនលោកអភិបាលស្រុកសំឡូត ដែលកោះសន្តិភាពទទូលបាន លោកមេឃុំបាននិយាយថា មន្ត្រីឧទ្យាននុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន០៤នាក់មាន ១-ឈ្មោះ ណាក់ ពិទិ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឆករកា ឃុំសំឡូត ២-ឈ្មោះ រក្សា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឆករកា ឃុំសំឡូត ៣-ឈ្មោះ លូត ភេទប្រុស នៅឃុំសុង ស្រុកសំឡូត និង៤-ឈ្មោះ គា ភេទប្រុស នៅឃុំសុង ស្រុកសំឡូត។
លោកធឹម ព្រឿង បានបញ្ជាក់ថា មន្ត្រីឧទ្យាននុរក្សបានឃាត់ខ្លួនពលរដ្ឋទាំងនេះ ពេលពួកគេកំពុងធ្វើស្មៅក្នុងចំការស្វាយកែវល្មៀតរបស់ពួកគេ នៅចំណុចភ្នំផេះ ក្នុងភូមិឃុំ កើតហេតុខាងលើ ដែលពលរដ្ឋបានដាំដុះអស់រយៈពេល៣ឆ្នាំកន្លងមកហើយ។ ប៉ុន្តែលោកមេឃុំរូបនេះ មិនបានបញ្ជាក់ប្រាប់អំពីមូលហេតុ ដែលនាំឲ្យមានការឃាត់ខ្លួនពលរដ្ឋក្នុងមូលដ្ឋានរបស់គាត់នោះទេ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពលរដ្ឋចំនួន៤នោះ ត្រូវមន្ត្រីឧទ្យាននុរក្សឃាត់ខ្លួន ពាក់ព័ន្ធនឹងការដាំដំណាំរំលោភបំពានលើដីដែលស្ថិតនៅក្នុង «តំបន់ការពារប្រើប្រាស់ច្រើនយ៉ាងសំឡូត» ដែលគ្រប់គ្រងដោយមន្ត្រីឧទ្យាននុរក្សខាងលើនេះ ។ ប្រភពដដែលបានបញ្ជាក់ថា ដីចំការដែលមន្ត្រីឧទ្យាននុរក្សចោទប្រកាន់ថា ពលរដ្ឋរំលោភបំពាននោះ គឺពលរដ្ឋបានកាប់ឆ្ការ និងដាំដំណាំស្វាយ ឬ ដំណាំចេកច្រើនឆ្នាំកន្លងមកហើយ តែគេមិនដែលឃើញមានការហាមឃាត់ពីអាជ្ញាធរ ឬពីមន្ត្រីឧទ្យាននុរក្សម្ដងណាទេ ។ លុះពលរដ្ឋដាំបានធំធាត់ ស្រាប់តែត្រូវមន្ត្រីឧទ្យាននុរក្សអះអាងថា ជាដីស្ថិតក្នុងតំបន់ការពារ ដែលពួកគេគ្រប់គ្រងទៅវិញ ? ហើយបានចុះកាប់ ឬដកបំផ្លាញដំណាំទាំងនោះចោលអស់គ្មានសល់ ថែមទាំងចាប់ខ្លួនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀតផង។
កោះសន្តិភាពមិនទាន់អាចទំនាក់ទំនង សុំការបំភ្លឺពីមន្ត្រីឧទ្យាននុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានភ្លាមៗទេ នៅរសៀលថ្ងៃទី០៦ ឧសភា នេះ ពាក់ព័ន្ធនឹងការចាប់ខ្លួនប្រជាពលរដ្ឋ។ ប៉ុន្តែបើតាមប្រពីមន្ត្រីស្រុកសំឡូត បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ មានមន្ត្រីឧទ្យាននុរក្សមួយក្រុម ដឹកនាំដោយលោកលី សាមី នាយកស្ដីទី បានចុះល្បាតនៅតាមភូមិសាស្ត្រនានា ក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។
ការចេញល្បាតនោះ ក្រុមមន្ត្រីឧទ្យាននុរក្សបានប្រទះឃើញពលរដ្ឋចំនួន០៤នាក់ កំពុងធ្វើស្មៅក្នុងចំការស្វាយកែវល្មៀត នៅត្រង់ចំណុចខាងលើ ក៏ឡោមព័ទ្ធចាប់ខ្លួនតែម្ដង ដោយចោទថា ពលរដ្ឋទាំងនោះ បានដាំដុះលើដីដែលស្ថិតក្នុង«តំបន់ការពារប្រើប្រាស់ច្រើនយ៉ាងសំឡូត» ដែលពួកគេគ្រប់គ្រង ។ មិនតែប៉ុណ្ណោះ បើតាមប្រភពដដែលបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនមនុស្ស០៤នាក់ ក្រុមមន្ត្រីឧទ្យាននុរក្សទាំងនោះ បានដកដំណាំស្វាយកែវល្មៀតរបស់ប្រជាពលរដ្ឋបំផ្លាញចោលអស់ជិត២០០ដើមទៀតផង។
នេះមិនមែនលើកទី១ទេ ដែលក្រុមមន្ត្រីឧទ្យាននុរក្សខាងលើនេះ ចុះបង្ក្រាបប្រជាពលរដ្ឋ និងដកបំផ្លាញដំណាំចេក ឬដំណាំស្វាយរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើនេះចោល គឺបានកើតឡើងច្រើនលើកហើយ។ ប៉ុន្តែទាំងអាជ្ញាធរទាំងមន្ត្រីឧទ្យាននុរក្ស ហាក់មិនបានជួបប្រជុំពិភាក្សាគ្នាម្ដងណា ដើម្បីរកដំណោះស្រាយជួនប្រជាពលរដ្ឋឲ្យដាច់ស្រេចថា តើដីនៅតំបន់ណាខ្លះ ដែលស្ថិតក្នុងការគ្រប់គ្រងដោយមន្ត្រីឧទ្យាននុរក្ស ? ហើយតំបន់ណាដែលពលរដ្ឋអាចកាប់ឆ្ការដាំដំណាំបាន ? មិនគួរបណ្ដែតបណ្ដោយរហូតពលរដ្ឋកាប់ឆ្កាស្រឡះ ដាំណាំធំធាត់រាប់ឆ្នាំទៅហើយ បែរជាត្រូវមន្ត្រីឧទ្យានុនរក្សដកឬកាប់បំផ្លាញចោលបែបនេះទេ ?
ទោះយ៉ាងណា ជុំវិញការឃាត់ខ្លួនពលរដ្ឋចំនួន០៤នាក់ខាងលើនេះ គេមិនទាន់ដឹងថា តើមន្ត្រីឧទ្យាននុរក្ស បញ្ជូនខ្លួនពួកគេទៅកន្លែងណានៅឡើយទេ ? ប៉ុន្តែបើតាមលោកធឹម ព្រឿង មេឃុំសំឡូត ដែលបានសរសេរក្នុងរបាយការណ៍របស់លោកថា ក្រោយពេលឃាត់ខ្លួន មន្ត្រីឧទ្យាននុរក្សបានបញ្ជូនខ្លួនពលរដ្ឋទាំង០៤នាក់នោះ ទៅកាន់ស្នាក់ការរបស់ពួកគេ នៅចំណុចទឹកធ្លាក់ ដើម្បីសាកសួរ ។ ប៉ុន្តែគេមិនទាន់ដឹងថា នឹងត្រូវកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ ឬយ៉ាងណានោះឡើយ ៕
ចែករំលែកព័តមាននេះ