ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដុត​ម៉ូតូ​ ទៅ​សុំ​ទោស​ប៉ូលិស​ចរាចរ​ណ៏​ហើយ លោក​ប្រាប់​តម្លៃ​ម៉ូតូ និង​ទឹកប្រាក់​ផាកពិន័យ

3 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្ត​ប៉ៃលិន បានអោយ​ដឹង​ថា គិត​មក​ដល់​រសៀល ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២០ បុរស​ម្នាក់ ដែល​បាន​ដុត​ម៉ូតូ​ចោល…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្ត​ប៉ៃលិន បានអោយ​ដឹង​ថា គិត​មក​ដល់​រសៀល ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២០ បុរស​ម្នាក់ ដែល​បាន​ដុត​ម៉ូតូ​ចោល ដោយ​ខឹង​នគរបាល​ធ្វើការ​ផាកពិន័យ​អស់​ជាង​១០​ម៉ឺន​នេះ បាន​ចូលខ្លួន​ទៅ​សុំ​ទោស​សមត្ថកិច្ច​វិញ​ហើយ តាម​ការ​ណែនាំ​របស់​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ពី​បុរស​ដែល​បាន​ដុត​ម៉ូតូ​ចោល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​អោយ​ដឹង​ថា លោក​មានឈ្មោះ ដូង វិ​ឆ័​យ អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក ដូង វិ​ឆ័​យ ត្រូវជា​កូនប្រសារ​របស់​លោក ង៉ែត ទូច មេ​ភូមិ​ទួល​ខ្ពស់ បាន​រៀបរាប់​ប្រាប់​ថា លោក​បាន​ដុត​ម៉ូតូ​នោះ​ពិតមែន គឺ​ស៊េរី​ឆ្នាំ​១៩៩៨ ម៉ាក​ហុងដា​ឌ្រី​ម គ្មាន​កញ្ចក់ គ្មាន​ស្លាក​លេខ គ្មាន​កុង​ទ័​រ និង​លោក​បើកបរ​អត់​ពាក់មួក​សុវត្ថិភាព​ទៀត ។ លោក​បន្ត​ថា ម៉ូតូ​ចាស់​នោះ រូប​លោក​ទិញ​គេ ក្នុង​តម្លៃ​២៦​ម៉ឺន​រៀល តែ​លោក​បាន​ប្រគល់​ប្រាក់​ឲ្យ​គេ​ចំនួន ៦​ម៉ឺន​រៀន​សិន នៅ​ខ្វះ​គេ​២០​ម៉ឺន​រៀល​ទៀត ។

លោក ដូង វិ​ឆ័​យ បន្ថែម​អោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ប៉ូលិស​ចរាចរណ៍​ចាប់​ផាកពិន័យ រូប​លោក​បាន​ដឹក​កូន​យក​ទៅ​មន្ទីរពេទ្យ ដែល​មាន​របួស​ក្បាល មែកឈើ​ធ្លាក់​ចំ ក៏​ត្រូវ​នគរបាល​ចរាចរណ៍​ឃាត់​ផាកពិន័យ ត្រឹមតែ​២​ករណី​ប៉ុណ្ណោះ គឺ​អត់​មួក និង​អត់​កញ្ចក់ ដោយ​តម្រូវ​ឱ្យ​បង់ប្រាក់​ចំនួន ១២០,០០០​រៀល​(១២​ម៉ឺន​រៀល​) ប៉ុន្តែ​រូប​លោក​គ្មាន​ប្រាក់​ច្រើន​ទេ សុំ​បង់​ត្រឹមតែ ២០,០០០​រៀល​(២​ម៉ឺន​រៀល​) ប៉ុន្តែ​នគរបាល​អត់​ព្រមយក​ទេ ហើយ​ណាមួយ​រូប​គាត់​ប្រញាប់​ដឹក​កូន​ទៅ​ពេទ្យ​ផង ខឹង​ចិត្ត​ក៏​ដុត​ម៉ូតូ រួម​បន្តដំណើរ​នាំ​កូន​ទៅ​ពេទ្យ​តែ​ម្តង ។

សូម​ជម្រាប​ថា ហេតុការណ៍​ដុត​ម៉ូតូ​ខ្លួនឯង​ចោល បាន​កើតឡើង​តាំងពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែឧសភា មក​ម្ល៉េះ ខណៈ​ពេល​នគរបាល​ចុះ​ដាក់​កម្លាំង​តាម​គោលដៅ ដើម្បី​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

សូម​រម្លឹក​ថា តម្លៃ​ម៉ូតូ​២៦​ម៉ឺន​រៀល​(​ឲ្យ​៦​ម៉ឺន​រៀល នៅ​ខ្វះ​គេ​២០​ម៉ឺន​រៀល​) ផាកពិន័យ ១២​ម៉ឺន​រៀល ខឹង​ដុត​ចោល​មុខ​ប៉ូលិស​ចរាចរណ៍

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ