ខេត្តប៉ៃលិន ៖ គេហទំព័រកោះសន្តិភាព បានចុះផ្សាយពីរឿងបុរសម្នាក់បានដុតម៉ូតូខ្លួនឯងចោល ព្រោះ
តែខឹងនឹងសមត្ថកិច្ច ចាប់ផាកពិន័យលើច្បាប់ចរាចរណ៍ គឺទទួលបានអ្នកខមមិនជាច្រើននៅក្នុងរឿងនេះ ដោយម្នាក់ៗបញ្ចេញមតិយោបល់ផ្សេងៗគ្នា ។ ក្នុងនោះ ក៏មានអាក់ខោនហ្វេសប៊ុកមួយ ឈ្មោះ (Kunthea Lim) ជារូបនារីដ៏ស្រស់ស្អាតម្នាក់ បានចូលខមមិនដោយបញ្ជាក់ជាច្រើនដងថា «បើរឿងនឹងពិតមែន សូមម្ចាស់ម៉ូតូខាងលើ ទៅយកម៉ូតូនៅកន្លែងនាងមួយគ្រឿង ទុកជិះប្រកបការងារ ដោយបានសរសេរដាក់លេខទូរស័ព្ទ (016393535)» ហើយថែមទាំងប្រាប់ទីតាំងរបស់ខ្លួនថា នៅរាជធានីភ្នំពេញផងដែរ ។ សូមរំលឹកថា៖ អត់មួក អត់កញ្ចក់ គ្មានស្លាកលេខ គ្មានកុងទ័រ ត្រូវផាកពិន័យ តែខឹងពេកដុតចោល(វីដេអូ)
បើតាមការបញ្ជាក់នៅលើខមមិនដ៏គួរឱ្យចាប់អារម្មណ៍ខាងលើ ដែលបង្ហាញនូវទឹកចិត្តសប្បុរសធម៌បែបនេះ ក៏មានអ្នកខ្លះឆ្លើយតបថា «បើប្អូនពិតជាមានសន្តានចិត្តល្អចឹង គ្នាមិនដឹងជាត្រេកអរយ៉ាងណានោះទេ» ។ អ្នកខ្លះថា «ពិតជាចិត្តសប្បុរសណាស់» ។
ហើយក៏មានអ្នកខ្លះបានខមមិនបែបបញ្ឈឺឱ្យនាង តែម្ចាស់អាខោននោះ នៅតែប្រកាន់ជំហរបន្តថា «នាងនឹងប្រគល់ជូនបុរស ដែលបានដុតម៉ូតូនោះមែន អាចទៅយកម៉ូតូ១គ្រឿង នៅកន្លែងរបស់នាង បានគ្រប់ពេលវេលា ដើម្បីឱ្យគាត់ឆាប់បានជិះប្រកបការងារ» ។
ទាក់ទិនស្រីស្អាតចង់ប្រគល់ម៉ូតូជូនពលរដ្ឋដែលដុតម៉ូតូនេះ ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តប៉ៃលិន បានទាក់ទងតាមលេខទូរស័ព្ទដែលទម្លាក់មក គិតត្រឹមវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៧ ឧសភា នេះ ជាច្រើនលើកច្រើនសារ តែអត់មានអ្នកទទួលដោយមិនដឹងថា នាងនិយាយលេង ឬនិយាយពិតប្រាកដនោះទេ ។
ទោះបីជាយ៉ាងណា កោះសន្តិភាពរង់ចាំការឆ្លើយតបពីនារីដែលមានសប្បុរសធម៌រូបនេះ ដោយក្តីរីករាយផងដែរ ដែលអាចទំនាក់ទំនងការិល័យកោះសន្តិភាពនៅរាជធានីភ្នំពេញក៏បាន ។
គួររំលឹកថា រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលចរាចរណ៍បានចាប់ផាកម៉ូតូរបស់ពលរដ្ឋម្នាក់ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ចែករំលែកព័តមាននេះ