ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​៤​រូប ប្រកាស​វ៉ៃ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បិទទ្វារ​សង្វៀន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែឧសភា ឆ្នាំ​២០២០ នេះ ប៉ុស្តិ៍​លេខ​៥ នឹង​តម្រូវ​អោយ​កីឡាករ​ដែល​ដណ្ដើម​បាន​កៅអី​៤​នាក់​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧ ប្រកួត​គ្នា​ជា​លក្ខណៈ​ស្វែងរក​២​នាក់​ទៅ​ប្រកួត​ដណ្ដើម​ពាន​ហើយ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែឧសភា ឆ្នាំ​២០២០ នេះ ប៉ុស្តិ៍​លេខ​៥ នឹង​តម្រូវ​អោយ​កីឡាករ​ដែល​ដណ្ដើម​បាន​កៅអី​៤​នាក់​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ទី​៧ ប្រកួត​គ្នា​ជា​លក្ខណៈ​ស្វែងរក​២​នាក់​ទៅ​ប្រកួត​ដណ្ដើម​ពាន​ហើយ បន្ទាប់​ពី​មិន​អាច​ដំអក់​ការ​ប្រកួត​មួយ​នោះ​ឱ្យ​នៅ​ត្រាំត្រែង ដោយ​អោយ​កីឡាករ​ផ្សេង​ទៀត​ប្រកួត​មិត្តភាព ហើយ​ផ្អឹប​អ្នក​ត្រូវ​ដណ្ដើម​ពាន​អោយ​នៅ​ទៀត​បាន​។

កីឡាករ​៤​នាក់ នឹង​ត្រូវ​ប្រកួត​គ្នា​យក​២​នាក់ ទៅ​ដណ្ដើម​យក​ពាន​ជើងឯក ក្នុង​ពេល​បន្ទាប់ ហើយ​អ្នក​ចាញ់ នឹង​ប្រកួត​យក​លេខ​៣ ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្នុង​ពេល​ខាង​មុខ​។

លោក អូ​ឡា​ឡា អ្នកសម្របសម្រួល​កម្មវិធី​បញ្ជាក់​ថា បន្ទាប់​ពី​សង្វៀន​បិទ​ចោល​មួយ​រយៈ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​បង្ក​ផល​ប៉ះពាល់ ប៉ុស្ដិ៍​លេខ​៥ គម្រោង​បើក​សង្វៀន​ជា​ថ្មី ក្នុង​បំណង​ប្រកួត​មិត្តភាព​លេង​ៗ​សិន​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ចង់ឱ្យ​គូប្រកួត​ដណ្ដើម​ពាន​ចេញ​ប្រកួត​នោះ​ទេ​។

យ៉ាងណាមិញ លោក​ថា ថ្នាក់ដឹកនាំ​បាន​សម្រេច​បន្ត​ការ​ប្រកួត​សម្រាប់​អ្នក​ត្រូវ​ប្រកួត​ដណ្ដើម​ពាន​ជើងឯក ដើម្បី​កុំឱ្យ​ដំអក់​កីឡាករ​ទាំងនោះ​ត្រាំត្រែង​។ អ្នក​ទាំង​៤ នឹង​ត្រូវ​ប្រកួត​គ្នា​ស្វែងរក​អ្នក​ឈ្នះ​នៃ​គូ​នីមួយ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លោក​ចាត់​ទុក​ថា បើ​ទោះជា​ការ​ប្រកួត​នោះ មិន​មាន​អ្នក​ទស្សនា​ដោយ​ផ្ទាល់ ក៏​ជា​រឿង​សំខាន់​ផង​ដែរ សម្រាប់​អ្នក​ទាំង​៤​។

លោក​ថា ការ​បិទ​ចោល​កន្លង​មក របស់​សង្វៀន​ប៉ុស្តិ៍​លេខ​៥ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​មួយ​ចំនួន ជា​ពិសេស​​នៅ​ពេល​កីឡាករ​នីមួយ​ៗ ដែល​ត្រូវ​មានឈ្មោះ​ដណ្ដើម​ពាន ហើយ​លែង​មាន​សកម្មភាព​។ លោក​ថា កីឡាករ​ដែល​មានឈ្មោះ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​រួម​មាន កីឡាករ រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​កងទ័ពជើងទឹក ត្រូវ​ប្រកួត​ជាមួយ​កីឡាករ វ៉ែន ហុង​ជី​វ៉ុ​ង មក​ពី​ក្លិប​កេងកង​បាត់ដំបង និង​កីឡាករ សោម វិ​ឆ័​យ មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធិ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​ខេត្តពោធិ៍សាត់​។

អ្នក​ទាំង​៤ សុទ្ធតែ​មិន​ធ្លាប់​ប្រកួត​ចាញ់​ដូច​គ្នា នៅ​ក្នុង​ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ ដែល​បាន​ធ្វើ​ឡើង​សម្រាប់​រដូវ​កាល​ទី​៧​នេះ ហើយ​ក៏​ជា​អ្នក​ដែល​មាន​សមត្ថភាព​ខ្លាំង​មុន​ឈាន​មក ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដ៏​សំខាន់​នេះ​ដែរ​។ ក្នុង​នោះ​ក៏​មានការ​ប្រកួត​គូ​ឯក​មិត្តភាព រវាង កីឡាករ​កម្ពុជា លី​ន វិ​រៈ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធិ និង​កីឡាករ វេ​ង សុ​ភ័​ក្រ មក​ពី​ក្លិប​កងទ័ព​ឆ័​ត្រ​យោង​៩១១​ផង​ដែរ​។ ការ​ប្រកួត​នេះ នឹង​ផ្សាយ​ផ្ទាល់​លើ​ផេ​ក និង​លើ​ទូរទស្សន៍​ចាប់ពី​ម៉ោង​៦​ល្ងាច​​តទៅ នៅ​ថ្ងៃ​សៅរ៍​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ