ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​កូ​វី​ដ​១៩ ខ្សែ​ចង្វាក់​ផលិតកម្ម​អាហារ​នៅ​កម្ពុជា​មិនសូវ​មានការ​ប៉ះពាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​កូ​វី​ដ ១៩ បាន​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​អោយ​សកម្មភាព​សេដ្ឋកិច្ច​និង​ការ​ផលិត​មួយ​ចំនួន​បាន​រាំងស្ទះ​ក៏​ប៉ុន្តែ​សម្រាប់​ខ្សែ​ចង្វាក់​ផលិតកម្ម​អាហារ​នៅ​កម្ពុជា​វិញ បែរជា​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​និង​មានការ​កើនឡើង​ទៅ​វិញ ។ បើ​តាម​លោក ឈា…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​កូ​វី​ដ ១៩ បាន​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​អោយ​សកម្មភាព​សេដ្ឋកិច្ច​និង​ការ​ផលិត​មួយ​ចំនួន​បាន​រាំងស្ទះ​ក៏​ប៉ុន្តែ​សម្រាប់​ខ្សែ​ចង្វាក់​ផលិតកម្ម​អាហារ​នៅ​កម្ពុជា​វិញ បែរជា​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​និង​មានការ​កើនឡើង​ទៅ​វិញ ។

បើ​តាម​លោក ឈា ឡាយ​ហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា ក្នុងអំឡុងពេល​កូ​វី​ដ ១៩​នេះ ឃើញ​ថា សម្រាប់​ឧស្សាហកម្ម​ផលិត​អាហារ មិន​ទាន់​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ព្រោះតែ​ក្នុង​ពេល​កូ​វី​ដ​១៩​ចាប់ផ្ដើម​វាយលុក ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​នាំ​គ្នា​ទិញ​អាហារ​រក្សា​ទុក​ក្នុងផ្ទះ ហើយ​ការ​នាំ​ចូល​ពី​ខាងក្រៅ​ក៏​បាន​កាត់​បន្ថយ​ច្រើន ដូច្នេះ​ហើយ​ទើប​តម្រូវការ​ក្នុងស្រុក​កាន់តែ​ច្រើន ធ្វើ​អោយ​អ្នក​ផលិត​អាហារ​ក្នុងស្រុក​បាន​បន្ថែម​ការ​ផលិត​បន្ថែម​ទៀត​ដើម្បី បំពេញតម្រូវការ ។

លោក​បន្ត​ថា កាលពី​កូ​វី​ដ​១៩ ផ្ទុះ​ឡើង​នៅ​កម្ពុជា ក្នុង​អំឡុង​ខែមីនា ឆ្នាំ ២០២០​នេះ​ឃើញ​ថា​ពលរដ្ឋ​ជា​ច្រើន​បាន​សម្រុក​ទិញ អាហារ​ណា​ដែល​អាច​រក្សា​ទុក​បាន​យូរ ហើយ​ពេល​នេះ​អ្នក​ផលិត​បាន​ជំរុញ​ការ​ផលិត​បន្ថែម ដើម្បី​បង្គ្រប់ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​កូ​វី​ដ ១៩ មាន​ស្ថានភាព​ធូរស្រាល​បន្តិច​វិញ​ការ​លក់​ផលិតផល​អាហារ​បែរជា​ថយ​ចុះ​ទៅ​វិញ ។ វា​អាច​ដោយសារ​តែ​ពលរដ្ឋ​ហ៊ាន​ចេញពីផ្ទះ​និង​រក​អាហារ​ខាងក្រៅ បរិភោគ ខុស​ពី​ពេល​ដែល​កូ​វី​ដ​១៩​កំពុង​ក្ដៅ ពួក​គាត់​សំងំ​នៅ​ក្នុងផ្ទះ ។

ដោយឡែក​លោក​ឧកញ៉ា​តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ក៏​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពិភពលោក​ជួប​ប្រទះ​នឹង​ជំងឺ​កូ​វី​ដ ១៩ ការ​នាំ​ចូល​ពី​ក្រៅ​មក​កាន់​កម្ពុជា​ឃើញ​ថា មានការ​ថយ​ចុះ​ច្រើន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល ។

ការ​ថយ​ចុះ​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​ខាងក្រៅ​គឺជា​ឱកាស​សម្រាប់​អ្នក​ផលិត​ក្នុងស្រុក ក្នុង​ការ​បង្កើន​ការ​ផលិត​និង​រក​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ខ្លួន​ផង​ដែរ ជាក់ស្ដែង​កាលពីមុន គ្រាន់តែ​ផលិតផល​មី​មួយ​មុខ​កម្ពុជា​បាន​នាំ​ចូល​ពី​ខាងក្រៅ ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក តែ​នៅ​ពេល​ដែល​មាន​រឹត​បន្តឹង​ច្រកព្រំដែន ឃើញ​ថា​ឧស្សាហកម្ម​ផលិត​មី​ក្នុង​ប្រទេស​កម្ពុជា ក៏​ចាប់ផ្ដើម​ពង្រឹង​ខ្លួន និង​មាន​ទីផ្សារ​កាន់តែ​ធំ ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ។

ហើយ​នៅ​ពេល​ដែល​មានការ​រឹត​បន្តឹង​ច្រកព្រំដែន​និង​កាត់​បន្ថយ​ការ​នាំ​ចូល​មី​ពី​ខាងក្រៅ​ក៏​ឃើញ​ថា​កម្ពុជា នៅ​តែ​មាន​មី​បរិភោគ ហើយ​មី​ដែល​ផលិត​ក្នុងស្រុក​ក៏​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ