GMAC ព្រួយបារម្ភ​ខ្លាំង​ចំពោះ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ ​ខណៈ​រោងចក្រ​ជាង ២០០​ព្យួរការងារ


រាជធានី​ភ្នំពេញ ៖ វិបត្តិ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ដោយសារ​បញ្ហា​កូ​វី​ដ ១៩ ដែល​អាច​ធ្វើ​ឱ្យ​វិស័យ​នេះ​ប្រឈម​នឹង​ការ​ព្យួរ​ការ ងារ​កាន់តែ​ច្រើន ។

ជាក់ស្ដែង​តាម​ការ​បញ្ជាក់​របស់​សមាគម​រោងចក្រ​កាត់ដេរ និង​សម្លៀក បំពាក់​កម្ពុជា ហៅ​កាត់​ថា GMAC បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី ៤​ខែឧសភា ឆ្នាំ ២០២០​នេះ មាន​រោងចក្រ​ប្រមាណ ១៨០ បាន​ព្យួរការងារ​រួច​ហើយ និង​ប៉ះពាល់​ដល់​កម្មករនិយោជិត ប្រមាណ​ជាង ១៥​ម៉ឺន​នាក់​ហើយ ។

សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បាន​បង្ហាញ​ពី​ការ ព្រួយបារម្ភ​ចំពោះ​ផល​ប៉ះពាល់​កាន់តែ​ធំ​ឡើង ដោយ​អាច​នឹង​មាន​អ្នក​ព្យួរការងារ​ប្រមាណ ២០​ម៉ឺន​នាក់​ថែម​ទៀត​នៅ​ពេល​ខាង​មុខ បើសិនជា​មិន​មានការ​បញ្ជា​ទិញ​ពី​ខាងក្រៅ ។ សមាគម​នេះ ក៏​បាន​ស្នើ​សុំ​ឱ្យ​អ្នកបញ្ជា​ទិញ​ជួយ​ពិនិត្យ​មើល​បញ្ហា​ត្រង់នេះ និង​ជួយ​ទិញ ផលិតផល​ពី​កម្ពុជា​វិញ នៅ​ពេល​ឆាប់​នេះ និង​ស្នើ​សុំ​អ្នកបញ្ជា​ទិញ​ដែល​មិន​ទាន់​ទូទាត់ ជួយ​ព​ន្លឿ​ន​ការ​ទូទាត់​ឱ្យ​បាន​ឆាប់​ៗ​ផង​ដែរ ។

យោង​តាម​លិខិត​អំពាវនាវ​មួយ​របស់​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក ជើង​កម្ពុជា បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី ៤​ខែឧសភា ឆ្នាំ ២០២០ រោងចក្រ ១៨០ បាន​ព្យួរ ប្រតិបត្តិការ​របស់​ខ្លួន ហើយ​រោងចក្រ ៦០ បន្ថែម​ទៀត​នឹង​ឈាន​ទៅ​រក​ការ​ព្យួរ​ផង​ដែរ ដោយ​កំពុង​ប៉ះពាល់​ដល់​កម្មករ​ជាង ១៥​ម៉ឹ​ន​នាក់ ដែល​ត្រូវ​ព្យួរការងារ​ជា​បណ្ដោះអាសន្ន រហូត​ដល់​ពេល​នេះ ដោយ​មិនដឹង​ច្បាស់​ថា នឹង​បន្តការងារ​វិញ​នៅ​ពេល​ណា ហើយ​កម្មករ ជិត ២០​ម៉ឺន​នាក់​នឹង​ត្រូវ​ព្យួរការងារ​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ដែល​នឹង​ប៉ះពាល់​មិន​ត្រឹម តែ​កម្មករ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សមាជិកគ្រួសារ​ប្រមាណ ២​លាន​នាក់​ដែល​ពឹងផ្អែក​លើ​ពួក គេ ។

GMAC ឱ្យ​ដឹង​ថា​ខ្លួន យល់​អំពី​ភាព​លំបាក​ដែល​អ្នកបញ្ជា​ទិញ​កំពុង​ប្រឈម ប៉ុន្តែ GMAC ពិតជា​អំពាវនាវ​យ៉ាង​ខ្លាំង​ទៅ​អ្នកបញ្ជា​ទិញ​ទាំងអស់ មេត្តា​គោរព​តាម​លក្ខខណ្ឌ ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែល​បាន​ទទួល​រួច​ហើយ ឬ​ដែល​កំពុង​ដឹក​ទៅ​អ្នកបញ្ជា​ទិញ ។ រោងចក្រ​នៅ​កម្ពុជា កំពុង​រង​គ្រោះ​រួច​ហើយពី​ការ​លុប​ចោលការ​បញ្ជា​ទិញ​ជា​ច្រើន និង​ការ គ្មាន​បញ្ជា​ទិញ​ថ្មី​ៗ ហើយ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​មិន​ទូទាត់​ប្រាក់​នោះ​ទេ ។
លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា បានឱ្យ​ដឹង​ថា ផល ប៉ះពាល់​ទៅ​លើ​កម្មករ​កាត់ដេរ​នៅ​កម្ពុជា ឃើញ​ថា​កាន់តែ​ធំ​ឡើង ដោយសារ​តែ​រោងចក្រ ជា​ច្រើន​បាន​ចាប់ផ្ដើម​ព្យួរការងារ​ហើយ​កម្មករ​កាន់តែ​ច្រើន ក៏​អត់​មានការ​ងារ​ធ្វើ ព្រមទាំង បាត់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ ។

លោក​បន្ត​ថា ការ​បាត់បង់​ការងារ​របស់​កម្មករ​នៅ​ពេល​នេះ បណ្ដាល​ពី​មិន​មានការ បញ្ជា​ទិញ និង​ការ​ទូទាត់​ប្រាក់​ពី​អ្នកបញ្ជា​មក​អ្នក​ផ្គត់ផ្គង់​ទើប​ថៅកែ​រោងចក្រ​មិន​មាន លទ្ធភាព​ក្នុង​ការ​បន្តការងារ​របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ថៅកែ​រោងចក្រ​ត្រូវ​បង្ខំចិត្ត​ព្យួរ ការងារ​មួយ​រយៈ​សិន ។ លោក​បន្ត​ថា​៖ « បើសិនជា​ស្ថានភាព​បែប​នេះ​នៅ​តែ​បន្ត​ទៀត ផល ប៉ះពាល់​នឹង​កាន់តែ​ធំ​ឡើង ហើយ​វា​នឹង​ធ្វើ​ឱ្យ​កម្មករ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាត់បង់​ចំណូល ហើយ​ខណៈ​នេះ គឺ​មានការ​ជំរុញ​ឱ្យ​អ្នកបញ្ជា​ទិញ​ជួយ​ទិញ និង​ទូទាត់​មក​កម្ពុជា ឱ្យ​បាន ទៀងទាត់​ផង ដើម្បី​ថៅកែ​រោងចក្រ​មាន​ប្រាក់​បើក​ឱ្យ​កម្មករ​» ។

លោក​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​បាត់បង់​អ្នកបញ្ជា​ទិញ យ៉ាង ច្រើន ជា​ពិសេស​ទៅ​លើ​អ្នកបញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់ និង​កាបូប​ធ្វើ​ដំណើរ ដោយឡែក​សម្រាប់​ផលិតផល​ស្បែកជើង នៅ​តែ​មានការ​បញ្ជា​ទិញ និង​មានដំណើរ​ការ ផលិត​ជា​ធម្មតា ។

សូម​បញ្ជាក់​ថា ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា មិនមែន មាន​តែ​ផលិតផល​វាយ​ន​ភណ្ឌ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ផង​ដែរ​ទៅ​ដល់ វិស័យ​ទេសចរណ៍ សេវាកម្ម​កម្សាន្ត និង​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ