ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ព្រំដែន​កម្ពុជា​-​ថៃ ​ជួយ​ដោះ​ស្រាយ​​បញ្ហា​ទំនាស់

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មន្ត្រី​កម្ពុជា​-​ថៃ​ជួប​ពិភាក្សា​គ្នា​ជា​បន្ទាន់ ក្រោយ​ផ្ទុះ​ទំនាស់​នៅ​ចំណុច​គោល​ដៅ​ចាស់ ដែល​ជា​ចំណុច​ប្រទាក់ប្រទាញ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ខណៈ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ក្នុង​កង​វរៈ​លេខ​២៣.០១ បាន​រាយ​របង​បន្លា​លួស​ហើយ​កម្ពុជា​សាងសង់​ផ្ទះ ក៏​ត្រូវ​បាន​រារាំង​រៀង​ៗ​ខ្លួន កាលពី​ថ្ងៃ​ទី​៥ ខែឧសភា…

ខេត្តឧត្តរមានជ័យ ៖ មន្ត្រី​កម្ពុជា​-​ថៃ​ជួប​ពិភាក្សា​គ្នា​ជា​បន្ទាន់ ក្រោយ​ផ្ទុះ​ទំនាស់​នៅ​ចំណុច​គោល​ដៅ​ចាស់ ដែល​ជា​ចំណុច​ប្រទាក់ប្រទាញ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ខណៈ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ក្នុង​កង​វរៈ​លេខ​២៣.០១ បាន​រាយ​របង​បន្លា​លួស​ហើយ​កម្ពុជា​សាងសង់​ផ្ទះ ក៏​ត្រូវ​បាន​រារាំង​រៀង​ៗ​ខ្លួន កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​និយាម​ការ (UA.៩៨ ៩៧៨៨៥៧៥៤) ស្ថិត​នៅ​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

លោក​វរសេនីយ៍ទោ ងួ​ន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា​២០២០​បានឱ្យ​ដឹង​ថា ហេតុការណ៍​ដែល​បាន​កើតឡើង​រវាង​កងកម្លាំង​ចម្រុះ​កម្ពុជា និង​កង​កម្លាំង​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​កង​វរៈ​លេខ​២៣.០១​នោះ វា​ជា​រឿង​ទំនាស់​លើ​គោលដៅ​ចាស់​កាលពី​កើត​មាន​ព្រឹ​ត្ត​ការណ៍​ផ្ទុះអាវុធ​តាម​ព្រំដែន​ក្នុង​អំឡុង​ឆ្នាំ​២០០៨​កន្លង​ទៅ ក្រោយ​ពេល​ប្រាសាទព្រះវិហារ​ត្រូវ​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក នា​ខែកក្កដា ។

លោក​វរសេនីយ៍ទោ​បាន​បញ្ជាក់​ថា ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ភ្លាម​ៗ​នេះ​ខាង​កម្ពុជា​ដឹកនាំ​កម្លាំង​ចម្រុះ​រួម​ដោយ​លោក​វរសេនីយ៍ទោ ឃី យូ​រ៉ា មេបញ្ជាការ​រង​កងវរៈសេនាតូច​លេខ​៤០៣ កង​ល្បាត​ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ​យោង​តាម​បទបញ្ជា​ឧត្តមសេនីយ៍ទោ សូរ្យ ណា​រ៉ា មេ​បញ្ជា​រង​យោធភូមិ​ភាគ​ទី​៤ ។

លោក​វរសេនីយ៍ទោ​មាន​ប្រសាសន៍​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ឈ្មោះ ឯក គឹ​ម​សាន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ ទូច ស្រី​នី អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកលក់​គ្រឿងទេស​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​បាន​សាងសង់​លំនៅ​ឋាន​នៅ​ចំណុច​ទំនាស់​នេះ ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ហាមឃាត់​មិន​ឱ្យ​សង់ ។

ចំណែក​កងកម្លាំង​ចម្រុះ​កម្ពុជា​ក៏​បាន​ហាមឃាត់​ក្រុម​ទាហាន​ថៃ ដែល​ធ្វើ​របង​រាយ​បន្លា​លួស​ស្ថិត​នៅ​លើ​តំបន់ហាមឃាត់​ផង​ដែរ គឺ​ហាមឃាត់​ដូច​គ្នា ។ តែ​ទោះជា​បែប​នេះ​ក្តី ភាគី​ទាំង​សងខាង​បាន​ឯកភាព​គ្នា បញ្ឈប់​ការ​សាងសង់​រៀង​ៗ​ខ្លួន​ទុក​ឱ្យ​នៅ​ទំនេរ រហូត​ដល់​មានការ​កំណត់ព្រំដែន​ផ្លូវការ​ច្បាស់លាស់ ។

ក្រុម​អ្នក​តាមដាន​បាន​និយាយ​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​ថៃ មិនដឹង​ពេល​ណា​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​នោះ​ឡើយ ទោះបី​មាន​កិច្ចព្រមព្រៀង​ព្រំដែន​បារាំង​-​សៀម​តាំងពី​ឆ្នាំ​១៩០៧​មក​ហើយ​ក្តី ក៏​នៅ​តែ​រារាំង​រៀង​ៗ​ខ្លួន ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ