ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ត្រី​ឡើងថ្លៃ​នេះ​គេអះអាង​ថា បណ្តាល​​​មក​ពី​ខ្សត់​ត្រី​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ត្រី​នៅ​តែ​បន្ត​ឡើងថ្លៃ​ស្រឺ​ត​ៗ ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូ​វី​ដ​១៩ និង​បាន​ប្រកាស​បិទ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ​ដែល​ជា​ច្រក​នាំ​ត្រី​ចិញ្ចឹម​ចូល ។ ទោះបីជា​យ៉ាងណា បញ្ហា​ត្រី​ឡើងថ្លៃ​នេះ ត្រូវ​បាន​គេអះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ត្រី​នៅ​តែ​បន្ត​ឡើងថ្លៃ​ស្រឺ​ត​ៗ ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូ​វី​ដ​១៩ និង​បាន​ប្រកាស​បិទ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ​ដែល​ជា​ច្រក​នាំ​ត្រី​ចិញ្ចឹម​ចូល ។ ទោះបីជា​យ៉ាងណា បញ្ហា​ត្រី​ឡើងថ្លៃ​នេះ ត្រូវ​បាន​គេអះអាង​ថា បណ្តាល​មក​ពី​ខ្សត់​ត្រី​តែ​ម្តង ។

ដើម្បី​ចង់​ដឹង​ពី​តម្លៃ​ត្រី​នៅ​លើ​ទីផ្សារ នៅ​ក្នុង​ស្ថានភាព ដែល​ប្រទេស​កំពុង​តែ​ជួប​នូវ​វិបត្តិ​កូ​វី​ដ​១៩ ការ​សាក​សួរ​អា​ជីករ​លក់​ត្រី​នៅ​មណ្ឌល​ចែកចាយ​ផល​នេសាទ គីឡូ​មែ​៉​ត្រ​លេខ​៩(​យឿ​ត្រី​ច្រាំង​ចំរេះ​)​បានឱ្យ​ដឹង​ថា ត្រី​ទន្លេ​មាន​ហាងឆេង នៅ​ពេល​ទម្លាក់​ចុះ​ពីលើ​រថយន្ត​ភ្លាម ព្រោះ​មាន​ម៉ូយ​មក​ដណ្តើម​គ្នា​ទិញ យក​ទៅ​លក់​នៅ​តាម​ផ្សារ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា ។

ស្ថិត​ក្នុង​ស្ថានភាព​មមាញឹក​ដែល​ម៉ូយ​កំពុង​តែ​ដណ្តើម​គ្នា​ទិញ​ត្រី លោក សុខ លន អាយុ​៥៦​ឆ្នាំ រស់នៅ​ខេត្តកំពង់ឆ្នាំង​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ត្រី​ឆ្នាំ​នេះ​ខ្សត់​ណាស់ មិន​សម្បូរ​នោះ​ទេ ដោយសារ​តែ​ទឹក​ស្រក​លឿន​ពេក​ហើយ​កន្លែង​នេសាទ​មួយ​ចំនួន​ទឹក​រីង​ហួត​អស់ ។

ទាក់ទិន​នឹង​ការ​ឡើងថ្លៃ​ត្រី​ត្រូវ​បាន​អ្នកជំនួញ​ត្រី​រូប​នេះ​និយាយ​ថា ដោយសារ​តែ​ខ្សត់​ត្រី និង​ម្យ៉ាងទៀត តម្រូវការ​ទីផ្សារ​ត្រី​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ទើប​ធ្វើ​ឱ្យ​ត្រី​ឆ្នាំ​នេះ​ឡើងថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ។ អាជីវករ​លក់​ត្រី​រូប​នោះ បានឱ្យ​ដឹង​ទៀត​ថា គាត់​ជា​ឈ្មួញកណ្តាល ដែល​ជា​រៀងរាល់ថ្ងៃ គាត់​បាន​ក្រោក​ពី​យប់ ទៅ​ប្រមូល​ទិញ​ត្រី​ពី​អ្នកនេសាទ​នៅ​តំបន់​សេះ​ស្លាប់ ខេត្ត​កំពង់ឆ្នាំង ដើម្បី​យក​មក​លក់​ដោយ​ម្នាក់​ៗ បាន​ប្រមាណ​២០​ទៅ​៣០​គីឡូក្រាម ។

ឈ្មួញ​ត្រី​ថា ជា​ទូទៅ​គាត់​ទិញ​ត្រី​បាន​ប្រមាណ​២០០​ទៅ​៣០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ បាន​រៀបចំ​វេច​ខ្ទប់​ចេញដំណើរ នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក មក​ដល់​យឿ​ត្រី​គីឡូម៉ែត្រ​លេខ​៩ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ដើម្បី​លក់​ឱ្យ​ម៉ូយ​ទិញ​បន្ត​យក​ទៅ​លក់​ចែកចាយ​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា ។

លោក សុខ លន់ បានឱ្យ​ដឹង​បន្ត​ទៀត​ថា ត្រី​ឆ្នាំ​នេះ​ថ្លៃ​ជាង​ឆ្នាំ​មុន ត្រី​ឆ្លូញ​តម្លៃ​២៧០០០​រៀល​ក្នុង​១​គីឡូ​ក្រាម លក់​ចេញ​បាន​២៨០០០​រៀល កំពឹស​តម្លៃ​៧៥០០​រៀល លក់​ចេញ​បាន​១៥០០០​រៀល ត្រី​ឆ្លាំង​១៥.​០០០​រៀល ត្រី​រ៉ស់​ទិញ​ចូល​១៤.០០០​រៀល លក់​ចេញ​១៧.០០០​រៀល ក្នុង​១​គីឡូក្រាម ត្រី​រៀល​ទិញ​ចូល​១​ម៉ឺន​រៀល លក់​ចេញ​បាន​១៨.០០០​រៀល ត្រី​កេះ​តម្លៃ​៣០.០០០​រៀល លក់​ចេញ​៤​ម៉ឺន​រៀល ត្រី​ឆ្កោក​តម្លៃ ៣៥.០០០​រៀល​ទៅ​៤​ម៉ឺន​រៀល ។

ចំណែក​កូន​ត្រី​តូច​ៗ​តម្លៃ​ប្រមាណ​៧​ពាន់​ទៅ​៨​ពាន់​រៀល ។ នេះ​មិន​គិត​ពី​ម៉ូយ​មក​ទិញ​យក​ទៅ​លក់រាយ​
នៅ​តាម​ផ្សារ គឺ​ត្រី​មាន​តម្លៃ​មិន​តិច​ពី​ជាង​២​ម៉ឺន​រៀល​ទៅ​៤​ម៉ឺន​រៀល​នោះ​ទេ ទៅ​តាម​ប្រភេទ​ត្រី ។ ចំណែក​អាជីវករ​លក់​ត្រី​ទន្លេ​ជា​ច្រើន​នាក់​ទៀត​ក៏​បានឱ្យ​ដឹង​ដូច​គ្នា​នេះ​ដែរ ។ ដោយឡែក ត្រី​ចិញ្ចឹម​ក្នុងស្រុក​ក៏​ដូច​ជា​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ក៏​បាន​ឡើងថ្លៃ​ផង​ដែរ ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ បាន​រាតត្បាត​ព្រមទាំង​មានការ​បិទ​ច្រកព្រំដែន​នោះ ។ ត្រី​ដែល​នាំ​ចូល​ពី​វៀតណាម បាន​មក​ដល់​នៅ​វេលា​រំលង​អធ្រាត្រ ហើយ​ត្រូវ​បាន​អាជីវករ​នាំ​យក​មក​ដាក់​ធុង និង​ឡាំង ដែក​ប្រស់​ឱ្យ​រស់​ដើម្បី​លក់​នៅ​ពេល​ថ្ងៃ ។

លោក ឡា ពៅ អាយុ​៣៥​ឆ្នាំ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ ជា​អាជីវករ​លក់​ត្រី​រ៉ស់ និង​អណ្តែង​ចិញ្ចឹម​នាំ​ចូល​ពី​វៀតណាម​បានឱ្យ​ដឹង​ថា ត្រី​បាន​ឡើងថ្លៃ​ចាប់​តាំង​ជំងឺ​កូ​វី​ដ​១៩ បាន​ផ្ទុះ​ឡើង និង​មានការ​បិទ​ច្រកព្រំដែន​វៀតណាម ។លោក ឡា ពៅ បាន​បញ្ជាក់​ថា ត្រី​ឡើងថ្លៃ​ហើយ​លក់​មិនសូវ​ដាច់​ទៀត មក​ពី​បញ្ហា​សេដ្ឋកិច្ច កម្មករ កម្មការិនី​អត់​ការងារ ជា​ហេតុ​ធ្វើ​ឱ្យ​ម៉ូយ​ដែល​មក​ទិញ​ត្រី​យក​ទៅ​លក់​តាម​រោងចក្រ លក់​ពុំ​ដាច់ ។

អាជីវករ​អាំងត្រី​លក់​តាម​រោងចក្រ​នៅ​ក្បែរ​ផ្សារ​ឯករាជ្យ​២​ម្នាក់​បានឱ្យ​ដឹង​ថា ជា​ទូទៅ​គាត់​បាន​ទិញ​កូន​ត្រី​រ៉ស់​ក្នុង​១​គីឡូក្រាម តម្លៃ​៦.៥០០​រៀល យក​មក​អាំង​លក់​នៅ​មុខ​រោងចក្រ ក្នុង​ត្រី​១​ក្បាល​បាន​២.៥០០​រៀល​ទៅ​៣.០០០​រៀល ។អាជីវករ​រូប​នោះ​ក៏​បាន​បញ្ជាក់​ថា ត្រី​បាន​ឡើងថ្លៃ​តាំងពី​បិទ​ច្រកព្រំដែន​វៀតណាម​មិន​ថា តែ​ត្រី​នាំ​ចូល​ទេ ត្រី​ទន្លេ​ក៏​ឡើងថ្លៃ​មិន​ចុះ​ដែរ ៕

អត្ថបទសរសេរ ដោយ