របរ​ចិញ្ចឹម​ក្រពើ​ឡុងចុង​គ្មាន​ទីផ្សារ​លក់


ខេត្តកំពង់ឆ្នាំង ៖ អ្នក​ចិញ្ចឹម​ក្រពើ​ឡុងចុង​យំ​មិន​ចេញ​ដោយសារ តែ​ការ​នាំ​ចេញ​ត្រូវ​ជាប់​គាំង ខណៈ​ដែល​កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​មានការ​បិទ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង ។

អាជីវករ​ដែល​ជា​អ្នក​ចិញ្ចឹម​ក្រពើ​ប្រមាណ​ជិត​២០​កន្លែង នៅ​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង​បាន​ត្អូញត្អែរ​ពី​ការ​បាត់បង់​ទីផ្សារ​សត្វ​ក្រពើ ។ ពួក​គាត់​មិន​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​បាន ។

ជុំវិញ​បញ្ហា​ក្រពើ​គ្មាន​ទីផ្សារ​នេះ​ដែរ លោក លី​ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា មិនមែន​ទើបតែ​កើត​មាន​សម័យ​កូ​វី​ដ​-១៩​នេះ​ទេ គឺ​មាន​តាំង​តែ​ពី​យូរណាស់​មក​ហើយ ។ សម្រាប់​ប្រទេស​កម្ពុជា​យើង​ទីផ្សារ​ក្រពើ​ក្នុងស្រុក គឺ​គ្មាន​ទាល់តែ​សោះ​កន្លង គឺ​មាន​ត្រឹម​ចែក​មេ​ក្រពើ​គ្នា​យក​ទៅ​ចិញ្ចឹម​តែ​ប៉ុណ្ណោះ ។

អ្នក​ចិញ្ចឹម​ក្រពើ​សព្វថ្ងៃ ពឹងផ្អែក​តែ​មួយ​ច្រក​គត់ គឺ​ទៅ​លើ​ប្រទេស​វៀតណាម ហើយ​បើ​ទីផ្សារ​នេះ​ធ្លាក់​ហើយ​គឺ​ចប់ ។ សម្រាប់​ទីផ្សារ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​កាលពីមុន គឺ​គេ​ទិញ​យក​ទៅ​លាត់ យក​ស្បែក និង​សាច់​លក់ និង​មួយ​ផ្នែក​ទៀត​នាំ​ចេញ​ទៅ​បន្ត​ទៅ​ប្រទេស​ចិន ដែល​នាំ​ចេញ​ទាំង​សាច់​ទាំង​ស្បែក ។

ដោយឡែក ប្រទេស​ថៃ គេ​មាន​ទីផ្សារ​គ្រប់គ្រាន់​របស់​គេ​សម្រាប់​នាំ​ចេញ ។ សម្រាប់​កម្ពុជា​មិន​មាន​អាជីវករ​ណា​ដែល​បោះទន់​ក្នុង​ការ​សម្លាប់​ក្រពើ​យក​ស្បែក​នោះ​ទេ ។ និយាយ​ដោយឡែក​សម្រាប់​អ្នក​ចិញ្ចឹម​ក្រពើ​ខេត្តកំពង់ឆ្នាំង​ទាំងអស់ គឺ​ចិញ្ចឹម​ក្រពើ​យក​តែ​កូន​នាំ​ចេញ​តែ​ប៉ុណ្ណោះ ។

កូន​ក្រពើ​ទើប​ញាស់​ក្នុង​មួយ​ក្បាល កាល​ដើម​ឡើយ​លក់​បាន​២០​ដុល្លារ ក្រោយមក​ធ្លាក់​នៅ​១៨ និង​១៥ ដុល្លារ ប៉ុន្តែ​នៅ​ឆ្នាំ​ចុង​ក្រោយ​នេះ​កូន​ក្រពើ​១ ក្បាល​បាន​ត្រឹមតែ​៥​ដុល្លារ​ប៉ុណ្ណោះ ហើយ​កូន​ក្រពើ​ទាំងនេះ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បញ្ជាក់​ថា ៖ កន្លង​ទៅ​ឮ​ថា នៅ​ឯ​ខេត្តសៀមរាប​មាន​អាជីវករ​ធ្វើ​ស្បែក​នាំ​ចេញ​ដែរ ក៏​ប៉ុន្តែ​មិន​ទទួល​ជោគជ័យ​ឡើយ ដោយសារ​តែ​ការ​ធ្វើ​នោះ​មិន​មានគុណ​ភាព ហើយ​គ្មាន​ការ​គាំទ្រ ។ បើ​ចង់​ធ្វើ​ទីផ្សារ​នាំ​ចេញ​ស្បែក​ក្រពើ​បាន​លុះត្រាតែ​មានការ​កុងត្រា​ច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន ព្រោះ​ការ​ចិញ្ចឹម​ក្រពើ​ឲ្យ​បាន​ស្បែក​ល្អ សម្រាប់​ការ​នាំ​ចេញ​នេះ គឺ​ត្រូវការ​ទីតាំង​អាង​ចិញ្ចឹម​ទ្រង់​ត្រូវ​ស្អាត ដាក់​ឲ្យ​វា​នៅ​ដាច់​ដោយឡែក ការពារ​វា​ខាំ​គ្នា ដាច់​ខូច​ស្បែក​ក្រពើ​ជាដើម ។ ការ​ចិញ្ចឹម គឺ​ត្រូវការ​ដើមទុន​ធំ​ណាស់ ខ្ទង់​ម៉ឺន​ដុល្លា​ឯណោះ ទើប​ធ្វើ​ឱយ​អាជីវករ​យើង មិន​ហ៊ាន​សម្រេចចិត្ត ។

សូម​បញ្ជាក់​ថា ៖ អាជីវករ​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តកំពង់ឆ្នាំង​មាន​ប្រមាណ​ជិត​២០ កន្លែង​ភាគច្រើន អ្នក​ចិញ្ចឹម ជា​មន្ត្រី​ជលផល​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ និង​ខ្លះ​ទៀត​ចូល​និវត្តន៍ ។ ចំណែកឯ​ខ្លះ​ទៀត​ក៏​មាន​ក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្ត​ផង​ដែរ ដែល​ពេល​នេះ​ពួក​គាត់​កំពុង​ប្រឈម លើ​បញ្ហា​ទីផ្សារ​ដែល​កើត​ឡើងជា​ច្រើន​ឆ្នាំ​មកនេះ និង​បន្ថែម​លើក​ចុង​ក្រោយ​បញ្ហា​កូ​វី​ដ​ក៏​រឹតតែ​ធ្វើ​ឲ្យ​ទីផ្សារ​ក្រពើ​កាន់តែ​គ្មាន​ឱកាស​សម្រាប់​ស្តារ​ឡើង​វិញ​បាន​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ