ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីសូល៍ ចម្លាក់​នាគ និង​ថ្ម​គ្រី​ស្តា​ល់ ត្រូវ​ប្រទះ​​ឃើញ​នៅ​​​ប្រាសាទកណ្ដាល​ស្រះ​ស្រង់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះ​ស្រង់ ដែល​ដឹកនាំ​ដោយ​លោក​គឹ​ម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​លោក​ម៉ៅ សុខ​នី ប្រធាន​ការដ្ឋាន បាន​រាយ​ការណ៍​ស្ដី​ពី ក្រុម​បុរាណ​វិទូ​កំពុង​កំណាយ​ស្រាវជ្រាវ…

ខេត្តសៀមរាប​៖ ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះ​ស្រង់ ដែល​ដឹកនាំ​ដោយ​លោក​គឹ​ម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​លោក​ម៉ៅ សុខ​នី ប្រធាន​ការដ្ឋាន បាន​រាយ​ការណ៍​ស្ដី​ពី ក្រុម​បុរាណ​វិទូ​កំពុង​កំណាយ​ស្រាវជ្រាវ បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ចំនួន​៣​ប្រភេទ គឺ​ចម្លាក់​នាគ ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់?​) និង​ត្រីសូល៍ នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​តាម​ការ​បញ្ជាក់​ពី​ក្រុមការងារ​បានឱ្យ​ដឹង​ថា ចាប់​តាំងពី​ផ្តើម​កំណាយ​រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ​បាន​រក​ឃើញ​បុរាណវត្ថុ​ជា​ច្រើន​ដែល​ស្ថិត​នៅ​រាយ​ប៉ាយ​លើ​ដី​ជុំវិញ​ទួល​ប្រាសាទ ។

ក្នុង​នោះ​បុរាណវត្ថុ​ចំនួន​បី​ប្រភេទ​ដែល​គេ​ពុំ​ធ្លាប់​បាន​ប្រទះ​ឃើញ​នៅ​ទី​នេះ​មាន​ជា​អាទិ៍​៖ ត្រីសូល៍​ធ្វើ​ពី​លោហៈ​ចំនួន​២ ដែល​១​នៅ​មាន​រូបរាង​ពេញលេញ និង​១​ទៀត​នៅ​សល់​តែ​បំណែក​ចុង​ស្រួច​មួយ​ចំហៀង ។

ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់?​) ជា​ច្រើន​គ្រាប់ ដូច​ធ្លាប់​រក​ឃើញ​នៅ​ក្នុង​រណ្តៅ​កំណាយ​ទីតាំង​ផ្សេង​ៗ​ពី​មុន​ដែរ និង​បំណែក​ចម្លាក់​ក្បាល​នាគ​មួយ​ធំ​ដែល​មួយ​ផ្នែក​ធំ​កប់​នៅ​ក្នុង​ដី​នៅឡើយ ។ ការ​​រក​ឃើញ​សំណល់​បុរាណវិទ្យា​ទាំងនេះ ក្រុម​បុរាណ​វិទូ នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ស្ថិត​នៅ​ក្នុង​សម័យ​កាលណា គេ​ដាក់​ដើម្បី​អ្វី និង​មាន​អ្វី​បន្ថែម​ទៀត​នោះ​ទេ ព្រោះ​ទើបតែ​ជា​ដំណាក់កាល​ដំបូង​នៃ​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​។ លទ្ធផល​នឹង​បង្ហាញ​ច្បាស់លាស់​ជាង​នេះ​នៅ​ក្រោយ​បញ្ចប់​ការងារ​ស្រាវជ្រាវ ។ បើសិនជា​មិន​មាន​អ្វី​រារាំង និង​រំខាន​ក្នុងអំឡុងពេល​កំណាយ កិច្ចការ​ស្រាវ​ជ្រាវ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​រយៈពេល​៦​ស​ប្តា​ហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០​មក ។

ក្នុង​ការ​រក្សា​ទុកដាក់​វត្ថុ​បុរាណ​វិញ ឯកឧត្ដម​អគ្គនាយករង​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ដើម្បី​រក្សា​ពី​សុវត្ថិ​ភាព ក្រុមការងារ​បាន​នាំ​យក​វត្ថុ​ទាំងនោះ​មក​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ដើម្បី​ជួសជុល សម្អាត និង​រក្សា​ទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ