ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញគាត់ចឹង​តែកុំហ៊ាន ​ជាព្រាន​​បោក​យក​​​​ខ្លួន​ប្រាណ​នារី​២នាក់​ជាមិត្តនឹង​គ្នា

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖យុវជន​ម្នាក់​បាន​ប្រើ​ល្បិច​ក្នុង​ការ​ឆបោក​ឆក់​យក​បេះដូង​ស្ត្រី​២​នាក់ ​ដែល​ជា​មិត្តភក្ដិ​នឹង​គ្នា ហើយ​ថែម​ទាំង​បោក​យក​ម៉ូតូ​ពី​ពួក​នាង​ម្នាក់​១​គ្រឿង​យក​ទៅ​លក់​បាន​សម្រេច​ជា​បន្តបន្ទាប់​ថែម​ទៀត ។ប៉ុន្តែ​ទ​ង្វើ​អាក្រក់​មិន​មាន​វាសនា​ល្អ​រហូត​នោះ​ទេ ទោះបី​នាង​ជា​សង្សារ​ទី​១​អត់​ហ៊ាន​ប្ដឹង ហើយ​ក៏​អត់​ហ៊ាន​ប្រាប់រឿងរ៉ាវ​ទៅ​ឪពុក​ម្ដាយតាម​ត្រង់​ក្តី ប៉ុន្តែ​នាង​ជា​សង្សារ​ទី​២​ ហ៊ាន​ប្រាប់​ឪពុក​ម្ដាយ​តាម​ត្រង់ ។…

ខេត្តកណ្តាល ៖យុវជន​ម្នាក់​បាន​ប្រើ​ល្បិច​ក្នុង​ការ​ឆបោក​ឆក់​យក​បេះដូង​ស្ត្រី​២​នាក់ ​ដែល​ជា​មិត្តភក្ដិ​នឹង​គ្នា ហើយ​ថែម​ទាំង​បោក​យក​ម៉ូតូ​ពី​ពួក​នាង​ម្នាក់​១​គ្រឿង​យក​ទៅ​លក់​បាន​សម្រេច​ជា​បន្តបន្ទាប់​ថែម​ទៀត ។
ប៉ុន្តែ​ទ​ង្វើ​អាក្រក់​មិន​មាន​វាសនា​ល្អ​រហូត​នោះ​ទេ ទោះបី​នាង​ជា​សង្សារ​ទី​១​អត់​ហ៊ាន​ប្ដឹង ហើយ​ក៏​អត់​ហ៊ាន​ប្រាប់រឿងរ៉ាវ​ទៅ​ឪពុក​ម្ដាយតាម​ត្រង់​ក្តី ប៉ុន្តែ​នាង​ជា​សង្សារ​ទី​២​ ហ៊ាន​ប្រាប់​ឪពុក​ម្ដាយ​តាម​ត្រង់ ។

ទីបំផុត ក៏​ឈាន​ដល់​ការ​ដាក់​ពាក្យបណ្ដឹង​រហូត​ដល់​សាលាដំបូង ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ហើយ​នគរ​បាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួលខេត្ត​ក​កណ្ដាល សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ផុង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់​ស្ពឺ ក៏​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ នៅ​សាលាឃុំ​ផុង ស្រុក​បរ​សេដ្ឋ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា យុវជន​រូប​នេះឈ្មោះ ឯក សុ​ភក្ត្រ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឈូក​កៀប ឃុំ​ផុង ស្រុក​បរ​សេដ្ឋ ត្រូវ​បានចាប់ខ្លួន​តាម​ដីកា​លេខ​៤៥៥ ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ចេញ​ដោយ​លោក ជួន វណ្ណៈ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្ដាល​។ ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ។

ចំណែកអ្នក​ចាញ់បោក​គឺ​ស្ត្រី​២​នាក់​ដែល​ជា​មិត្តភក្ដិ​នឹង​គ្នា ហើយ​ពួក​នាង​ទាំង​២​គឺជា​សង្សារ​របស់​ជនសង្ស័យ​ខាងលើ ។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា លើក​ទី​១​ជនសង្ស័យ​រូប​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ម្នាក់​ហើយ​បាន​លួងលោម​សុំ​ស្នេហា​ពី​នាង រហូត​នាង​ទន់​ចិត្ត​ស្រឡាញ់​ប្រគល់​ខ្លួនប្រាណ​និង​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្ដី​ប្រពន្ធ ហើយ​នាង​ម្នាក់​នេះ​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ផ្ទាល់ខ្លួន​១​គ្រឿង​ផង​ដែរ ។

ក្រោយ​ពី​នាង​ផ្ដល់​សេចក្តី​ស្នេហា​ឲ្យ​អស់ពី​បេះដូង​មួយ​រយៈពេល​មក ស្រាប់តែ​ថ្ងៃមួយ​ជន​នេះ​បាន​បោក​យក​ម៉ូតូ​របស់​នាង​ទៅ​លក់​រួច​គេចខ្លួន​បាត់​ស្រមោល​បោះបង់​ទាំង​រូប​នាង​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ប្រុស​ស្នេហ៍​ចោរ​នេះ ។ ក្រោយ​ពី​កើតរឿង​ដ៏​អាម៉ាស់​បែប​នេះ នាង​មិនហ៊ាន​ប្រាប់​ឪពុក​ម្ដាយ​ថា​បាត់​ម៉ូតូ​ព្រោះតែ​ចាញ់បោក​សង្សារ​នោះ​ទេ តែ​នាង​កុហក​ពួក​គាត់​ថា​ម៉ូតូ​នោះ​ត្រូវ​ចោរលួច​បាត់​ទៅ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ជនសង្ស័យ​រូប​នេះ ក្រោយ​ពី​គេចខ្លួន​ចេញពី​នាង​ជា​សង្សារ​បាន​ប្រហែល​២​ខែ ក៏​ទៅ​មាន​ទំនាក់ទំនង​អន្ទង​យក​បេះដូង​នារី​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្តិ​នាង​សង្សារ​ទី​១ ប៉ុន្តែ​រស់នៅ​ផ្ទះ​ផ្សេង​គ្នា​មិន​បាន​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ​ដូច​នាង​សង្សារ​ទី​១​ទេ ហើយ​នាង​ក៏​គ្មាន​ម៉ូតូ​ជិះ​ផ្ទាល់ខ្លួន​ដូច​ជា​នាង​ទី​១​ដែរ ។

លុះ​ក្រោយ​ពី​ស្គាល់​ចិត្តថ្លើម​គ្នា​ជាមួយ​នាង​ទី​២​មួយរ​យៈមក ពេល​ដែល​នាង​ស្រឡាញ់​ងប់​ដកចិត្ត​ពុំ​រួច​ហើយ​នោះ ជន​នេះ​បាន​ចាប់ផ្ដើម​លេង​មួយ​ក្បាច់​ទៀត គឺ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ជន​នេះ​បាន​ទូរស័ព្ទ​ទៅ​នាង​ទី​២​នេះ​ឲ្យ​ទៅ​ជួប​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​ក្នុងភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ។ ជន​នេះ​បាន​ប្រើ​ល្បិច​ប្រាប់​នាង​តាម​ទូរស័ព្ទ​ថា «​អូន​ឯង​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ទិញ​អី​ឲ្យ​បង​ហូប​បន្តិច បង​ឃ្លាន​ណាស់ ឥឡូវ​បង​កំពុង​នៅ​បន្ទប់​ជួល​»​។ ពេល​នោះ​នាង​ឆ្លើយ​វិញ​ថា «​អុ​ី​ចឹ​ង​ចាំ​អូន​ទិញ​បាយ​ឲ្យ​ហូប ស្រាប់តែ​ជន​នេះ​បដិសេធ​ថា​កុំ​ទិញ​អី ទិញ​តែ​ម្ហូប​មក​បាន​ហើយ​» ។

ខណៈនោះ នាង​ក៏​បាន​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ជិះ​ទៅ​ទិញម្ហូប​យក​ទៅ​ឲ្យ​សង្សារ​បណ្ដូលពោត​ដល់​បន្ទប់​ជួល​ខាងលើ ។ នៅ​ពេល​ទៅ​ដល់ ជនសង្ស័យ​បាន​ឲ្យ​នាង​ទុក​ម្ហូប​នៅ​ក្នុង​បន្ទប់ រួច​បបួល​នាង​ជិះ​ម៉ូតូ​ដែល​ខ្ចី​គេ​នោះ​ឌុ​ប​គ្នា​ទៅ​រក​ទិញ​បាយ​នៅ​ខាងក្រៅ ។ បន្ទាប់​ពី​ទៅ​ដល់​កន្លែង​លក់​បាយ​ជន​នេះ​បាន​ប្រើ​ល្បិច​មួយទៀត​ដោយ​ប្រាប់​នាង​ជា​សង្សារ​ទី​២​នេះ​ថា «​អូន​ចុះ​ទៅ​ទិញ​បាយ​មក
បង​យក​ម៉ូតូ​នេះ​ទៅ​ចាក់​សាំង​ឲ្យ​ពេញ​សិន​» ឯ​នាង​បាន​តប​វិញ​ថា «​ចាក់​ធ្វើ​អី​បង ម៉ូតូ​ខ្ចី​គេ​ហ្នឹង​មិនបាច់​ចាក់​ទេ​» ប៉ុន្តែ​ជនសង្ស័យ​ក៏​បាន​តប​វិញ​ថា មិន​អី​ទេ​អូន ចាក់​ឲ្យ​ពេញ​ឲ្យ​គេ​ទៅ ។

បន្ទាប់​មក នាង​ក៏​បាន​ដើរទៅ​ទិញ​បាយ​ទាំង​មិនដឹង​ថា ប្រុស​ស្នេហ៍​ចិត្តវៀចវេរ​ឡើយ​។ ចំណែក​ជន​នេះ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​បាត់​ស្រមោល​ឥត​អាល័យ ហើយ​យក​ម៉ូតូ​នោះ​លក់​បាន​៣០០​ដុល្លារ​ចាយវាយ​ហ្មត់ដូច​អាចម៍​ទីទុយ ។ ចំណែក​នាង​សង្សារ ក្រោយ​ពី​យួរ​ថង់​បាយ​ឈរ​ចាំ​ប្រុស​ស្នេហ៍​ចាំ​បាត់​ៗមិនឃើញ​វិល​វិញ ទើប​ដឹង​ថា​ចាញ់បោក​ប្រុស​ព្រាន​បណ្តូលពោត​រូប​នេះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយសារ​តែ​ជា​ម៉ូតូ​ខ្ចី​អ្នក​ជិតខាង ពុំ​មែន​ជា​របស់​ផ្ទាល់​ខ្លួនឯង​នាង​មិន​អាច​លាក់ លៀម​រឿងរ៉ាវ​នេះ​បាន ក៏​និយាយ​ទម្លាយ​រឿង​ដែល​នាង​លួចលាក់​មាន​សង្សារ​ក្បត់ចិត្ត​ឪពុក​ម្ដាយ ហើយ​ត្រូវ​សង្សារ​ជាទីស្រឡាញ់​ប្រើ​ល្បិច​ថោកទាប​បែប​នេះ​បោកប្រាស់​នាង​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​បានដឹង ។ បន្ទាប់​មក ឪពុក​ម្ដាយ​នាង​បាន​នាំ​ទៅ​ដាក់​ពា្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ពើក​និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ជួយ​អន្តរាគមន៍ ។ ប៉ុន្តែ​ដោយជនសង្ស័យ​គេចខ្លួន​រក​មិនឃើញ ទើប​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ហើយ​សាលាដំបូង​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ។

យ៉ាងណា​ក៏​ដោយ ជនសង្ស័យ​ជា​ព្រាននារី​និង​ជា​ចោរ​នៅ​តែ​បន្ត​រត់គេច​ខ្លួន​ទើប​ចាប់​មិន​បាន ហើយ​រហូត​មក​ដល់​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែឧសភា ខណៈ​ជន​នេះ​ត្រឡប់​ចូល​ផ្ទះ​ដែល​គេ​ថា​ជង់​មិន​ភ្លេច​កុក ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ផុង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់​ឃាត់ខ្លួន​បាន និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ