ឱ្យកូនយក​ភ្លើងទៀន​មក​បំភ្លឺដើម្បី​ចាក់​សាំង​ឱ្យភ្ញៀវ កើតអន្តរាយ​​ភ្លាម​


ខេត្តរតនគិរី ៖ លំនៅ​ឋាន​មួយ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង ថែម​ទាំង​ឆក់​យកអាយុ​ជីវិត​ក្មេង​ពីរ​នាក់ ជា​កូនប្រុស​-​ស្រី​របស់​ម្ចាស់ផ្ទះ​យ៉ាង​អាណោច​អា​ធ​ម័​ទៀត​ផង តែ​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក ។
គ្រោះ​អគ្គិភ័យ​លេប​ត្របាក់​លំនៅ​ឋាន និង​ស្លាប់​ក្មេង​ពីរ​នាក់​ផង​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំង​២០២០ នៅ​ក្នុងភូមិ​រំយោល ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្មេង​តូច​ពីរ​នាក់​ដែល​ស្លាប់​ក្នុង​អណ្ដាតភ្លើង គឺ​កូន​បង​ភេទ​ស្រី អាយុ​៤​ឆ្នាំ និង​កូន​ប្អូន​ភេទ​ប្រុស អាយុ​២​ឆ្នាំ ។ ម្ចាស់ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​នោះ​ឈ្មោះ ជី​ន សុ​ជាតិ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ទំពួន រស់នៅ​ភូមិ​អូរ​ជុំ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ឯ​ប្តី​មិន​បាន​ស្គាល់ឈ្មោះ​នៅឡើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ការ​ឆេះ​នេះ បណ្តាល​មក​ពី​ផ្ទះ​គាត់​ប្រកប​របរ​លក់​សាំង​ដប ខណៈនោះ​មាន​ម៉ូយ​មក​ចាក់​សាំង ស្ត្រី​ជា​ម្ដាយ​ឱ្យ​កូន​បំភ្លឺ ស្រាប់តែ​យក​ភ្លើងទៀន​មក​បំភ្លឺ ស្រាប់តែ​ឆាបឆេះ​សន្ធោសន្ធៅ​តែ​ម្តង ។ ក្នុង​ពេល​នោះ ក៏​មាន​អន្តរាគមន៍​ពី​សមត្ថកិច្ច ដោយ​ប្រើ​រថយន្ត​ពន្លត់​អស់​ចំនួន​បី​គ្រឿង​ផង​ដែរ ។

ក្រោយ​មាន​ហេតុការណ៍​កើតឡើង នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​អូរ​ជុំ ដឹកនាំ​ដោយ​លោក ធូ ឃឿ អភិបាលស្រុក ជា​ប្រធាន​ប្រតិបត្តិ​អនុ​សាខា​កាកបាទក្រហម​ស្រុក​អូរ​ជុំ បាន​នាំ​យក​ថវិកា​ចំនួន​៥០០.០០០​រៀល និង​អង្ករ​៥០​គីឡូក្រាម រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ផង​ដែរ បាន​ជួយ​ឧ​ប​ត្ថ​ម​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ធ្វើ​បុណ្យសព​បងប្អូន​កូន​ក្មេង​ពីរ​នាក់ ដែល​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នោះ​ទៀត​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ