ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាក់ ចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ០៥ខែឧសភា ឆ្នាំ ២០២០ ៖ បន្ទាប់ពីការបោះផ្សាយទទួលបានជោគជ័យកាលពីខែមេសា សញ្ញាបណ្ណសាជីវកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក…

រាជធានីភ្នំពេញ, ថ្ងៃទី ០៥ខែឧសភា ឆ្នាំ ២០២០ ៖ បន្ទាប់ពីការបោះផ្សាយទទួលបានជោគជ័យកាលពីខែមេសា សញ្ញាបណ្ណសាជីវកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ត្រូវបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាដែលអនុញ្ញាតឱ្យចាប់ផ្តើមសកម្មភាពជួញដូរ ។ មូលបត្របំណុលនេះនឹងត្រូវបានជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជាក្រោមនិមិត្តសញ្ញា “PRA23A” ។ សញ្ញាបណ្ណសាជីវកម្មប្រាសាក់ គឺជាសញ្ញាបណ្ណទី ៦ ដែលត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងជាសញ្ញាបណ្ណទី ២ ដែលត្រូវបានធានាដោយស្ថាប័ន Credit Guarantee and Investment Facility (CGIF) ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ។

ស្ថាប័ន CGIF បានបញ្ជាក់ថា នេះគឺជាសញ្ញាបណ្ណទី ២ ដែលត្រូវបានធានាដោយស្ថាប័ន CGIF នៅក្នុងទីផ្សារមូលបត្រកម្ពុជា ។ ស្ថាប័ន CGIF បានធានា ១០០% លើសញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ដែលបានបោះផ្សាយលក់ចំនួន ១២៧,២ ប៊ីលានរៀល ដែលមានរយៈពេល ៣ ឆ្នាំជាមួយនឹងអត្រាគូប៉ុងថេរ ៧,៥០% ក្នុងមួយឆ្នាំ ។ ការបោះផ្សាយមូលបត្របំណុលលើកទី ១ របស់ ប្រាសាក់ នេះបង្ហាញពីការកៀរគរដើមទុនធំជាងគេតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលធនរបស់ប្រទេសកម្ពុជា ។ សញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ត្រូវបានចុះបញ្ជីលក់ក្រោមក្របខណ្ឌការបោះផ្សាយសញ្ញាបណ្ណពហុរូបិយប័ណ្ណអាស៊ាន+៣ (AMBIF) តាមរយៈការប្រើប្រាស់ទម្រង់ឯកសាររួមសម្រាប់ដាក់ពាក្យស្នើសុំការបោះផ្សាយក្នុងប្រទេសកម្ពុជាស្របតាមកម្មវិធីគំនិតផ្ដួចផ្ដើមវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ាន +៣ (ABMI) ។

លោកស្រី Sun Guiying នាយកប្រតិបត្តិរបស់ស្ថាប័ន CGIF បានមានប្រសាសន៍ថា «នេះជាកិត្តិយសរបស់យើងដែលបានបញ្ចប់ប្រតិបត្តិការសម្រាប់ដំណាក់កាលទីមួយនេះប្រកបដោយជោគជ័យក្នុងប្រទេសកម្ពុជា នៅពេលដែលប្រទេសកំពុងស្ថិតក្នុងស្ថានភាពជំងឺឆ្លងកូវីដ ១៩ និងបានទទួលការសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត ។ ប្រតិបត្តិការនេះ គឺជាការបង្កើតសម័យកាលមួយដែលមិនត្រឹមតែបង្ហាញពីការបង្កើនដើមទុនធំជាងគេតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលធនរបស់ប្រទេសកម្ពុជាទេ ថែមទាំងជាប្រតិបត្តិការដែលផ្អែកលើទីផ្សារ និងត្រូវបានធ្វើបរិវិសកម្មទាំងអស់ដោយវិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលនេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាផងដែរ ។ សញ្ញាបណ្ណនេះត្រូវបានបោះផ្សាយជាប្រាក់រៀល ដែល CGIF បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកតម្កើងប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជ្រោមជ្រែងចំពោះតម្រូវការដើមទុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធំជាងគេបំផុតដើម្បីធ្វើបំណែងចែកហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងរូបវន្តបុគ្គលនៅក្នុងប្រទេសអំឡុងពេលដ៏លំបាកនេះ» ។

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានមានប្រសាសន៍ថា «មូលបត្របំណុល គឺជាទីផ្សាមូលធនថ្មីមួយដែលមានសុវត្ថិភាព និងជាជំហានមួយដ៏ប្រសើរក្នុងការបង្កើនដើមទុនរយៈពេលវែង ។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណរបស់ប្រាសាក់ជំរុញឱ្យប្រាសាក់អាចធ្វើពិពិធកម្មប្រភពមូលធនជាប្រាក់រៀល ទៅជាកម្ចីជាប្រាក់រៀលក្នុងការទ្រទ្រង់សហគ្រាសខ្នាតតូចបំផុត សហគ្រាសខ្នាតតូច និងមធ្យម នៅតាមជនបទ និងសហគ្រិនជាស្ត្រី ក៏ដូចជាការលើកតម្កើងការប្រើប្រាស់ប្រាក់រៀលស្របទៅតាមការខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ឱ្យកាន់តែទូលាយ ។ សព្វថ្ងៃនេះ ក្នុងចំណោមផលបត្រកម្ចីសរុបចំនួន ២.៦៧០ លានដុល្លាអាមេរិក យើងមានផលបត្រកម្ចីជាប្រាក់រៀលចំនួន ១៣% និងប្រមាណជា ៨០% ជាហិរញ្ញប្បទានទៅដល់ម្ចាស់សហគ្រាសខ្នាតតូចបំផុត សហគ្រាសខ្នាតតូច និងមធ្យម ដែលជាស្ត្រី ។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណនេះ នឹងត្រូវបានប្រើប្រាស់ក្នុងការផ្តល់កម្ចីជូនដល់សាខារបស់ប្រាសាក់នៅតាមបណ្ដា ភូមិ ឃុំ» ។ លោកបានបន្ថែមទៀតថាសញ្ញាបណ្ណសាជីវកម្មប្រាសាក់ ជាសញ្ញាបណ្ណដំបូងបំផុតដែលមានការធានាដោយស្ថាប័ន CGIF ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ដល់ស្ថាប័នហិរញ្ញវត្ថុ នៅក្នុងទីផ្សារមូលបត្រកម្ពុជា ។ ជារួម នេះគឺជាការវិនិយោគមួយដែលមិនមានហានិភ័យសម្រាប់អ្នកវិនិយោគិន ។
លោកបានបន្តទៀតថា «តាងនាមឱ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងទីប្រឹក្សាសញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ទាំងអស់ដែលបានជួយឱ្យសម្រេចបានលទ្ធផលជោគជ័យដូចថ្ងៃនេះ ។ នេះជាសមិទ្ធផលដ៏ធំមួយរបស់ ប្រាសាក់ ។ ខ្ញុំសូមកោតសរសើរចំពោះវិជ្ជាជីវៈ និងភាពស្មោះត្រង់របស់ទីប្រឹក្សាទាំងអស់ ។ លទ្ធផលនេះនឹងមិនអាចកើតឡើងសម្រាប់ពួកយើងឡើយក្នុងការកៀរគរទុនដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា តាមរយៈការបោះសញ្ញាបណ្ណ កំឡុងពេលដែលមានជំងឺរាតត្បាតជាសកល ប្រសិនបើគ្មានការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ពីក្រុមការងារ និងសង្ឃឹមថាស្មារតីដដែលនេះនឹងនៅតែបន្តនៅក្នុងគម្រោងអនាគតរបស់យើងផងដែរ» ។

លោក Shuzo Shikata នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានមានប្រសាសន៍ថា «ការបោះផ្សាយ និងការធ្វើបរិវិសកម្មទាំងស្រុងដោយជោគជ័យនៃសញ្ញាបណ្ណប្រាសាក់ សឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនចំពោះផ្សារមូលធនកម្ពុជា និងចំពោះក្រុមហ៊ុនកម្ពុជា ។ នេះគឺជាកិត្តិយសដ៏ធំធេងដែលយើងខ្ញុំបានជួយសម្រួលឱ្យមានប្រតិបត្តិការនេះកើតឡើង ពោលគឺយើងបានធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេនៅកម្ពុជា និងស្ថាប័ន CGIF បានរួបរួមគ្នាដើម្បីបោះផ្សាយលក់មូលបត្របំណុលធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ផ្សារមូលធនរបស់ប្រទេសកម្ពុជា ។ ប្រតិបត្តិការនេះនឹងផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់ក្រុមហ៊ុនក្នុងស្រុកដទៃទៀតដើរតាម ហើយយើងខ្ញុំទន្ទឹងរង់ចាំនឹងសម្របសម្រួលដើម្បីឱ្យមានការកៀរគរមូលនិធិដោយជោគជ័យបែបនេះបន្ថែមទៀត» ។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ៖
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ជាគ្រឹះស្ថានដាក់ប្រាកបញ្ញើធំជាងគេបំផុតនៅកម្ពុជា ។ ក្នុងខែមីនា ឆ្នាំ ២០២០ ប្រាសាក់ នៅតែបន្តក្នុងការនាំមុខទីផ្សារ បើគិតពីទ្រព្យសកម្ម ឥណទានដុល ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញសុទ្ធ ។ តាមរយៈការពង្រីកសាខារហូតដល់ ១៨០ សាខា និងម៉ាស៊ីនអេធីអឹម ចំនួន ១៣៨ គ្រឿង គ្របដណ្តប់ទូទាំងប្រទេស ប្រាសាក់ ផ្តល់នូវផលិតផលនិងសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដល់សហគមន៍ និងសហគ្រាសខ្នាតតូចនៅជនបទ ប្រកបដោយនិរន្តរភាព ។

គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ លទ្ធផលដ៏ល្អប្រសើររបស់ ប្រាសាក់ ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុល ដែលបានកើនឡើងដល់ ២.៧២៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើរបស់អតិថិជន ដែលបានកើនឡើងដល់ ១.៨១៨ លានដុល្លារអាមេរិក ទ្រព្យសកម្មសរុបរបស់ប្រាសាក់ បានកើនឡើងដល់ ៣.២៨១ លានដុល្លារអាមេរិក ។

អំពីស្ថាប័ន CGIF៖
ស្ថាប័ន Credit Guarantee and Investment Facility (“CGIF”) ត្រូវបានបង្កើតឡើងជាពហុភាគីដោយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (“ អាស៊ាន”) ចិន ជប៉ុន កូរ៉េ (“អាស៊ាន+៣”) និង ធនាគារអភិវឌ្ឍន៍អាស៊ី(“ADB”)។ ស្ថាប័ន CGIF ត្រូវបានបង្កើតឡើងជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយនឹងដើមទុនចំនួន ១.០៧៧,៦ លានដុល្លារអាមេរិក ដែលបានមកពីភាគីចូលរួមបរិច្ចាគ ។ ក្នុងនាមជាផ្នែកសំខាន់នៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី ស្ថាប័ន CGIF ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍ និងពង្រឹងរូបិយប័ណ្ណក្នុងស្រុក និងទីផ្សារសញ្ញាបណ្ណក្នុងតំបន់ ក្នុងអាស៊ាន+៣ ។ ស្ថាប័ន CGIF បានចាប់ផ្តើមប្រតិបត្តិការធានារបស់ខ្លួននៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១២ និងផ្តោតលើការផ្តល់ឥណទានជាចម្បងចំពោះសញ្ញាបណ្ណដែលបោះផ្សាយជារូបិយប័ណ្ណក្នុងស្រុក ដោយក្រុមហ៊ុនបោះផ្សាយដែលមានកេរ្តិ៍ឈ្មោះសក្ដិសមនឹងទទួលបានឥណទាន នៅក្នុងតំបន់អាស៊ាន+៣ ។

អំពី ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ៖
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវសេវាវិនិយោគគ្រប់បែបរួមមាន ការធានាទិញមូលបត្រ ការប្រឹក្សាយោបល់ ការរួមបញ្ចូលគ្នា និងការទិញក្រុមហ៊ុន និងឈ្មួញជើងសាមូលបត្រផងដែរ ។ នៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ត្រូវបានទទួលស្គាល់ជា “Best Corporate and Investment Bank” ដោយទស្សនាវដ្ដី Asiamoney ។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១០ ហើយគឺជាក្រុមហ៊ុនមូលបត្ររបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណពេញលេញពីគណៈកម្មការមូលបត្រកម្ពុជាដើម្បីធ្វើប្រតិបតិ្តការអាជីវកម្មមូលបត្រ ។
ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានទទួលនូវជោគជ័យពីប្រតិបត្តិការជាច្រើនដែលរួមមាន មូលបត្រកម្មសិទ្ធិ របស់ កំពង់ផែក្រុងព្រះសីហនុ (CSX listing: PAS) មូលបត្រកម្មសិទ្ធិរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (CSX listing: PPSP) សញ្ញាបណ្ណសាជីវកម្មដំបូងនៅកម្ពុជាដែលបោះផ្សាយហត្ថាកសិករលីមីតធីត (CSX listing: HKL21A) ធនាគារ ABA (CSX listing: ABAA22A) និងគម្រោងហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត ។


សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក
ការសាកសួរព័ត៌មាន៖ Pen.Sovannsoksitha@prasac.com.kh
+៨៥៥-១២ ៥០៥ ២៨៦ / +៨៥៥-១៦ ៥០៥ ២៨៦
គេហទំព័រ ប្រាសាក់៖ www.prasac.com.kh
សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងស្ថាប័ន CGIF និងការធានា
ការសាកសួរអំពីការធានា៖ guarantee_enquiries@cgif-abmi.org
ការសាកសួរព័ត៌មាន៖ media@cgif-abmi.org
+៦៣ ២ ៦៨៣ ១៣៤៣
+៦៣ ៩០៨ ៨៩៩ ៣៩២៤
គេហទំព័រ ស្ថាប័ន CGIF៖ www.cgif-abmi.org
សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុន អេសប៊ីអាយ
ការសាកសួរព័ត៌មាន៖ cf@sbiroyal.com
+៨៥៥ ២៣ ៩៩៩ ៥៩៥
+៨៥៥ ៧៨ ៧៧៧ ០៦៤
គេហទំព័រក្រុមហ៊ុន អេសប៊ីអាយ៖ www.sbiroyal.com​ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ