ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន ៣គ្រួសាររស់នៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ នៅតែបន្ត ប្រកមុខរបរដុតក្រឡានលក់ដើម្បីបង្កើនជីវភាពគ្រួសារ ក្រៅពីការងារស្រែចម្ការ ខណៈដែលប្រជាពលរដ្ឋច្រើនគ្រួសារទៀតបានបោះបង់ចោល ។
យ៉ាងនេះក្តីមន្ទីរទេសចរណ៍ខេត្តបានអំពាវនាវឲ្យពួកគាត់បន្តមុខរបរដូនតានេះជាបន្តទៀត ដើម្បីពង្រឹងវិស័យទេសចរណ៍ក្នុងតំបន់ បងស្រី ឆុន សុឃីម អាយុ ៣៩ឆ្នាំ បានមានឱ្យដឹងថា គាត់បានបន្តមរតកនេះពីឪពុកម្ដាយមកដល់ពេលនេះមានរយៈពេល ២០ឆ្នាំហើយ គឺការដុតក្រឡានលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។
បច្ចុប្បន្នគាត់មានកូនដល់ទៅ ៦នាក់ រស់ពឹងអាស្រ័យលើការធ្វើស្រែ និងបង្កើនមុខរបរដ៏តូចតាច គឺដុតក្រឡាន ។ កាលដើមឡើយអ្នកភូមិទ្រាត្បូង នេះមានប្រមាណជាង ១០គ្រួសារ ដែលបានបង្កើតមុខរបរដុតក្រឡានលក់ដូចគាត់ដែរ ប៉ុន្តែក្រោយពីពួកគេមានជីវភាពធូរធារ ព្រោះបានកូនចេញទៅធ្វើការនៅក្រៅប្រទេស ពួកគេបាននាំគ្នាឈប់អស់ទៅ នៅសល់តែ ៣គ្រួសារប៉ុណ្ណោះ ។
ស្ត្រីរូបនេះបានបញ្ជាក់ទៀតថា ចាប់ពីម៉ោងប្រមាណ ៩ព្រឹកទៅ គឺចាប់ផ្ដើមអារបំពង់ឫស្សី រួចលាងអង្ករដំណើបលាយជាមួយវត្ថុធាតុផ្សំមួយចំនួន រួចច្រកក្នុងបំពង់ឫស្សី និងយកស្លឹកជន្លុះ មកញាត់ជាគម្រប បន្ទាប់មកទៀតយកទៅដាក់បញ្ឈរដុតឱ្យឆ្អិន ទើបយកមក សក ឱ្យស្អាតទុកព្រឹកឡើងម៉ោងជាង ៥ភ្លឺ យកទៅលក់នៅផ្សារ ហើយមានម៉ូយចាំទទួល និងសល់ប៉ុន្មានទើបដើរលក់ ។ ដល់ម៉ោងប្រហែលម៉ោង ៨ព្រឹក គឺអស់ត្រឡប់មកផ្ទះវិញហើយ ។
ជាមធ្យមក្នុងមួយថ្ងៃគាត់លក់បានពី ៦ ទៅ ៧ ម៉ឺនរៀល ឬច្រើនជាងនេះ ។ មានពេលខ្លះ មានអាណិកជនមកពីក្រៅប្រទេសកុម្ម៉ង់ឱ្យគាត់ដុតក្រឡាន តាមគេត្រូវការដូចជាដាក់ដូងឱ្យច្រើន កាត់បំពង់ឫស្សីឱ្យវែងជាដើម ពួកគេបានយកក្រឡានគាត់ទៅចែកបងប្អូនពិសារដល់សហរដ្ឋអាមេរិក ជាដើមព្រោះល្បីក្រឡានគាត់ឆ្ងាញ់ណាស់ ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មុខរបរដុតក្រឡាន គឺជាប្រពៃណីវប្បធម៌ជាតិដ៏យូរលង់ណាស់មកហើយ បច្ចុប្បន្នក្នុងភូមិទ្រាត្បូង នេះគឺមួយភាគធំបានបោះបង់មុខរបរនេះនៅសល់តិចតួចប៉ុណ្ណោះ ។ លោកនឹងរៀបចំឲ្យមានការដុតក្រឡាននេះជាសហគមន៍ឡើងវិញដើម្បីពង្រឹងវិស័យទេចរណ៍នៅក្នុងតំបន់ផង និងបង្កើនចំណូលដល់ប្រជាពលរដ្ឋផង ព្រោះយោងទៅតាមស្ថានភាពបច្ចុប្បន្ន ផ្លូវក្នុងភូមិទ្រាត្បូង បានចាក់កៅស៊ូហើយថ្មីៗនេះ គាត់សំណូមអ្នកដែលនៅសេសសល់បន្តមុខរបរនេះជាបន្តទៀត និងសុំឱ្យប្រជាពលរដ្ឋដែលទំនេរពីការងារស្រែចម្ការ សូមបង្កើនមុខរបរដោយការដុតក្រឡាននេះឡើងវិញ នៅពេលដែលមន្ត្រីជំនាញគាត់រៀបចំចងក្រងជាសហគមន៍ ។
សូមមបញ្ជាក់ដែរថា ក្រឡាន គឺជាអាហារម្យ៉ាងមានរស់ជាតិឆ្ងុយឆ្ងាញ់ ដែលអាហារនេះគេបានយកអង្ករដំណើប លាយសណ្ដែកក្រហម ជាមួយសាច់ដូង ដាក់ស្ករបន្តិច អំបិលបន្តិច រូចច្រកក្នុងបំពង់ឫស្សី មានប្រវែងប្រហែលពី ៣ ទៅ ៤ តឹក ដាក់បញ្ឈរ រួចដុតឱ្យឆ្អិន ទើបយកមកបកពិសារ ៕
ចែករំលែកព័តមាននេះ