កសិករ​បង្ខំចិត្ត​ដក​ដំឡូង​មី​លក់ ទោះ​តម្លៃ​ថោក​ក៏​ដោយ ដើម្បី​ជីវភាព (​វី​ដេ​អូ)


ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រោយ​ពី​ប្រទេស​ថៃ បាន​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មិន​ឱ្យ​ម៉ូតូ ឬ​រថយន្ត​ចេញចូល​ទៅ​មក ដើម្បី​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដឹក​ទំនិញ​យក​ទៅ​លក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ផ្សេង ដូច​ជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង នៅ​ចំណុច​បាន​ឡែ​ម ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ជាដើម ។

សេចក្តីរាយការណ៍​បន្ត​ថា ដូច្នេះ​ហើយ ទើប​មក​ដល់​ពេល​នេះ កសិផល​ដំឡូង​មី មានការ ធ្លាក់​ថ្លៃ​ជាង​មុន តែ​ទោះបីជា​យ៉ាងណា កសិករ​បង្ខំចិត្ត​ជួល​កម្មករ ឱ្យ​ចូល​ទៅ​ប្រមូល​ផល​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

បើ​តាម​ប្រភព​ពី​កសិករ​ម្នាក់​ឈ្មោះ ឡោ សុខ​បូ​ន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន បានឱ្យ​ដឹង​ថា គាត់​បាន​ដាំដំឡូង​មី​ចំនួន​៣​ហិ​កតា​នៅ​ត្រង់​ចំណុច​ភូមិ​ទឹកផុស ដោយ​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​អស់​រយ​:​ពេល​៣​ថ្ងៃ​មក​ហើយ ក៏​លក់​បាន​ចំនួន​ជាង​២០​តោន​ដែរ ។
លោក​បន្ត​ទៀត​ថា តម្លៃ​ទីផ្សារ​ដំឡូង​មី​បច្ចុប្បន្ន​មានការ​ធ្លាក់​ចុះ​ជាង​មុន ដោយ​ដំឡូង​មី​១​គីឡូ ក្រាម​ឈ្មួញ​ទិញ​តម្លៃ​១.៥​បាត (​ប្រាក់​ថៃ​) ដោយ​កាលពីមុន​កើត​មាន​ជំងឺ​កូ​វី​ដ​១៩​នោះ ដំឡូង​មី​ឡើងថ្លៃ​រហូត​ដល់​១​គីឡូក្រាម​២.២​បាត​ឯណោះ ។

លោក​បញ្ជាក់​ថា ទោះបីជា​ការ​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​មាន​រយ​:​ពេល​យូរ​មិន​ទាន់​មានការ​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ ដោយសារ​តែ​បញ្ហា​​ជំងឺឆ្លង​កូ​វី​ដ​១៩ តែបើ​មាន​ឈ្មួញ​នៅ​ទទួល​ទិញ​មើម ដំឡូង​មី ទោះបីជា​មាន​តម្លៃ​ថោក​ក៏​គាត់​នៅ​តែ​ដឹក​យក​ទៅ​លក់ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

លោក​បញ្ជាក់​ថា​ទៀត ចំពោះ​ការ​ជួល​ឱ្យ​កម្មករ​ប្រមូល​ផល​នៅ​ក្នុង​ចម្ការ គឺ​ក្នុង​១​តោន​អស់​២៥០​បាត​(​ប្រាក់​ថៃ​) និង​ជួល​ដឹក​មើមដំឡូង​មី​ចេញពី​ចម្ការ​យក​ទៅ​លក់​នៅ​ស្តង់​ក្នុង​១០​តោន អស់​ថ្លៃ​១២០០​បាត​(​ប្រាក់​ថៃ​) បើ​សរុប​ថ្លៃ​ជី ថ្លៃ​ភ្ជួរ​រាស់ ដាំ និង​ដក​មើមដំឡូង​មី បើ​តម្លៃ​ទាប​បែប​នេះ គឺ​មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ ។

ចំណែក​កម្មករ​ម្នាក់​ឈ្មោះ លឹ​ម ង៉ា​ន់ ហៅ​ក្រឹម អាយុ​២៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ណា​ន ណា​វី ៣២​ឆ្នាំ ស្រុក​កំណើត​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បានឱ្យ​ដឹង​ថា គាត់​មក​ស៊ីឈ្នួល​ដក​ដំឡូង​មី​នៅ​ក្នុង​ខេត្ត​ប៉ៃលិន អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ ដោយ​ក្នុង​១​ថ្ងៃ​ៗ​អាច​ទទួល​បាន​ប្រាក់​កម្រៃ​៣៥០០០​ទៅ​៤០០០០​រៀល ដោយ​ស្នាក់​នៅ​ក្នុង​ខ្ទម​ចាំចម្ការ​ជាមួយ​ប្រពន្ធ និង​កូន ។

លោក​បន្ត​ទៀត​ថា ក្រៅពី​ដក​ដំឡូង​មី បើ​មានការ​ងារ​អ្វី​ផ្សេង​ទៀត ដូច​ជា កាច់​ពោត និង​ដាំដំឡូង​មី ក៏​នាំ​គ្នា​ធ្វើការ ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព ដោយសារ​ជំងឺឆ្លង​កូ​វី​ដ​១៩​នេះ ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​ចេញ​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ ឬ​ប្រទេស​ថៃ​បាន​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កសិកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ