វិស័យទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរី ទើប​ល្អ​​ឡើង​បាន៣%ទៅ៥%​ប៉ុណ្ណោះ


ខេត្តមណ្ឌលគិរី​ ៖ ខណៈ​​ជំងឺ​កូ​វី​ដ​១៩​កាន់តែ​ធូរស្រាល វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ក៏​កាន់តែ​ប្រសើរ​ឡើង​បន្តិច​ម្ដង​ៗ ដោយ​សង្កេត​ឃើញ​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​ជា​បណ្ដើរ​វិញ​ហើយ នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ចាប់ផ្ដើម​មាន​មនុស្ស​ម្នា​ជា​ធម្មតា ខុស​ប្លែក​កាលពី​អំឡុង​ខែមីនា និង​ខែមេសា ដែល​មានសភាព​ស្ងាត់ជ្រងំ ​។

ជាក់ស្ដែង​ នៅ​រមណីយដ្ឋាន​កោះ​ម្យើ​ល​លើ អ្នកទេសចរ​ជា​ច្រើន​បាន​ទៅ​កម្សាន្ត​ទីនោះ មាន​ទាំង​អ្នក​ទេស​ចរ​ក្នុង​ខេត្ត​ផ្ទាល់ និង​ទេសចរ​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ៗ ទោះបីជា​រមណីយដ្ឋាន​មួយ​នេះ​ ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​សែន​មនោ​រម្យ​ជាង​១០០​គីឡូម៉ែត្រ រហូត​ក្បែរ​ព្រំប្រទល់​ខេត្តរតនគិរី​ឯណោះ ។ កោះ​ម្យើ​ល​លើ​ ជា​រម​ណីយ​​ដ្ឋាន​មួយ​យ៉ាង​ប្លែក បើ​ធៀប​និង​បណ្ដា​រមណីយដ្ឋាន​ផ្សេង​ទៀត​ក្នុង​ខេត្តមណ្ឌលគិរី ព្រោះថា រម​ណីយ​​ដ្ឋាន​នេះ ​ស្ថិត​តាម​បណ្ដោយ​ដង​ទន្លេស្រែពក មាន​វាល​ខ្សាច់​យ៉ាង ស្រស់​ស្អាត មាន​ស្ថានភាព​ទឹក​រាក់​ល្មម អំណោយផល​ដល់​ការ​លេង​កម្សាន្ត​ជា​ខ្លាំង​ទាំង​ក្មេង​ៗ​និង​មនុស្ស​ចាស់ ។

អ្នកទេសចរ​ ដែល​បាន​ទៅ​កម្សាន្ត​ទីនោះ​លើក​ឡើង​ថា ចំណុច​ពិសេស​របស់​រមណីយដ្ឋាន​កោះ​ម្យើ​ល​លើ ព្រោះ​ស្ថិត​តាម ដង​ទន្លេ មានព្រៃ​ឬ​ស្សី​អម​តាម​មាត់ច្រាំង​ទន្លេ​ជា​ម្លប់​សម្រាប់​អ្នកទេសចរ​សម្រាក ឬ​អាច​វេច​ខ្ចប់​អាហារ​ទៅ​ចម្អិន​ហូប ជា​លក្ខណៈ​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ ។

រមណីយដ្ឋាន​នេះ​មាន​វាល​ខ្សាច់ ស្ថានភាព​ទឹក​មិន​ហូរ​ខ្លាំង​អាច​លេង​កម្សាន្តដោយ​សុវត្ថិភាព មិនតែ​ប៉ុណ្ណោះ ទី​នេះ​ប្លែក​ខុស​ពី​រមណីយដ្ឋាន​ដទៃ​ក្នុង​ខេត្ត ព្រោះ​តំបន់​ទេសចរណ៍​ភាគច្រើន​ក្នុង​ខេត្ត មណ្ឌលគិរី ជា​កន្លែង​គយគន់​ទេសភាព​ព្រៃ​ភ្នំ ឬ​ក៏​ជា​ទឹកជ្រោះ ទឹកអូរ ជាដើម ដែល​អាច​ចាត់​ទុក​ថា រមណីយដ្ឋាន កោះ​ម្យើ​ល​លើ​ជា​កន្លែង​ទេសចរណ៍​តែ​មួយ​គត់​របស់​ខេត្តមណ្ឌលគិរី​ដែល​ស្ថិត​ជាប់​ដង​ទន្លេ ។

នៅ​រមណីយដ្ឋាន​កោះ​ម្យើ​ល​លើ​អ្នក​ទេសចរណ៍​ក៏​អាច​ជួល​ទូក​របស់​អ្នកស្រុក ដើម្បី​ជិះ​លេង​កម្សាន្ត​មើល​ទេ​ភាព​តាម​ដង​ទន្លេ ។ រមណីយដ្ឋាន​ស្ថិត​នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃិ​លឹ​ក ស្រុក​កោះ​ញែក មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​១៤០ គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ប្រហែល​៤០​គីឡូ​ជា​ផ្លូវ​គ្រួ​ស​ក្រហម ប៉ុន្តែ​រម​នី​យ​ដ្ឋា​ន​នេះ​មាន ឆ្នេរ​ខ្សាច់​រំលេច​ឡើង​តែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ ចំណែក​រដូវរ​ស្សា​ទឹកនឹង​ជន់​លេច​អស់ ។

​អភិបាលខេត្ត​មណ្ឌលគិរី ​លោក ស្វាយ សំ​អ៊ា​ង បាន​ប្រាប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា វិស័យ​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរី ទើប​ល្អ​ឡើង​វិញ​តិចតួច ដោយ​ភ្ញៀវ​ទេសចរ​ដែល​ចាប់ផ្ដើម​ចូល​មក​កម្សាន្ត​មាន​ប្រមាណ ៣%​ទៅ​៥%​ប៉ុណ្ណោះ ៕

ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ