ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ដែល​ប្រព្រឹត្ត​ខុស​នឹង​ទទួលទោស​ចំពោះ​មុខ​ច្បាប់​ដូច​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹ​ម សន្ដិភាព បាន​បញ្ជាក់​ថា មន្ត្រី​អនុវត្ត​ច្បាប់​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​សកម្មភាព​បំពាន​ច្បាប់​ក្នុង​ពេល​បំពេញ​មុខងារ​របស់​ខ្លួន ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក្រោយ​ពី​មហាជន​មួយ​ចំនួន​បាន​រិះគន់​មន្ដ្រី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹ​ម សន្ដិភាព បាន​បញ្ជាក់​ថា មន្ត្រី​អនុវត្ត​ច្បាប់​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​សកម្មភាព​បំពាន​ច្បាប់​ក្នុង​ពេល​បំពេញ​មុខងារ​របស់​ខ្លួន ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក្រោយ​ពី​មហាជន​មួយ​ចំនួន​បាន​រិះគន់​មន្ដ្រី នគរបាល​ចរាចរណ៍​នៅ​ពេល​អនុវត្ត​ច្បាប់​តែងតែ​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ ហើយ​ពេល​ខ្លះ​ក៏​ធ្វើ​លើស​ពី​អ្វី​ដែល​ច្បាប់​អនុញ្ញាត​ផង​ដែរ ។

លោក គឹ​ម សន្ដិភាព បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០២​ថា «​មន្ត្រី​អនុវត្ត​ច្បាប់​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ​នូវ សកម្មភាព​បំពាន​ច្បាប់​ក្នុង​ពេល​បំពេញ​មុខងារ​របស់​ខ្លួន យោង​តាម​មាត្រា​៧៤ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​» ។

អ្នកនាំពាក្យ​ដដែល​បាន​លើក​ឡើង​ថា យោង​តាម​មាត្រា​៧៤ បាន​បញ្ជាក់​ថា មន្ដ្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ណា​ដែល​នៅ​ក្នុង​ក្របខ័ណ្ឌ​មុខងារ ឬ​ក្នុង​ឱកាស​បំពេញ​មុខងារ​របស់​ខ្លួន ដែល​បាន​ដកហូត​យក​បណ្ណ​បើកបរ​ផ្លា​ក​លេខ​បណ្ណ​សម្គាល់​យានជំនិះ ឬ​ឃាត់​ទុក​យានជំនិះ​ដោយ​បំពាន​ច្បាប់​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ ១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១០០ ០០០​រៀល ទៅ​៨០០ ០០០​រៀល ។

ក្នុង​ករណី​ដែល​មន្ដ្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើ​ឲ្យ​មានការ​ខូចខាត ឬ​បាត់បង់​ផ្នែក​ណា​មួ យ​នៃ​យានជំនិះ​ដែល​បាន​ឃាត់​ទុក អង្គភាព​សាមី​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​សងការ​ខូចខាត ឬ​បាត់បង់​នោះ ។

គួរ​ឮ​កថា ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ​តាម​អនុក្រឹត្យ លេខ​៣៩ ដែល​សមត្ថកិច្ច​ទូ​ទាំង​ប្រទេស ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ​តទៅ​ក្នុង​គោលបំណង​កាត់​បន្ថយ​គ្រោះ​ចរាចរណ៍ ជា​ពិសេស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ ។

សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៣.៩១៩​នាក់ និង​៥៦៨​គោលដៅ ផង​ដែរ ។ ទោះបីជា​មាន​មន្ត្រី​នគ​បាល​ភាគច្រើន​បាន​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​បាន​ល្អ​ក៏​ប៉ុន្តែ ក៏​មាន​មន្ត្រី​នគ​បាល​ចំនួន​តូច​បាន​អនុវត្ត​លើស​ពី​ច្បាប់​អនុញ្ញាត​ក៏​មាន​ដែរ ។

ចំពោះ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នេះ កាលពី​ពេល​កន្លង​មក​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ លើក​ឡើង​ថា សមត្ថកិច្ច​នឹង​មិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ ដែល​ធ្វើ​ដំណើរ​ប្រកបដោយ​ការ​គោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះ​ទេ ។ បងប្អូន​អ្នក​ត្រឹមត្រូវ គឺ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​រលូន លើកលែងតែ​បាន​ធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់​ចំណុច​ណាមួយ​ដូច​ជា មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា​ជាដើម ទើប​សមត្ថកិច្ច​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ