ខេត្តកំពង់ចាម ៖ រមណីយដ្ឋានកែច្នៃឆ្នេរខ្សាច់កោះប៉ែន ស្ថិតកៀកនៅនឹងក្រុងកំពង់ចាម បានសង្កេតឃើញថា គិតចាប់តាំងពីក្រោយបុណ្យចូលឆ្នាំខ្មែររួច ភ្ញៀវទេសចរហាក់នាំគ្នាមកលំហែកាយលេងកម្សាន្តជាបន្តបន្ទាប់គ្នា ពិសេសគឺនៅថ្ងៃចុងសប្តាហ៍ ។
ជួបជាមួយ ស្ត្រីម្នាក់ឈ្មោះសៀង ហៃ អាយុ២៦ឆ្នាំ បានរៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹង កាលពីល្ងាច
ថ្ងៃទី៣ ឧសភា ថា ក្រោយពីជំងឺកូវីដ-១៩បានផ្ទុះឡើង ធ្វើឱ្យមនុស្សដែលធ្លាប់មកកំសាន្តលេងនៅរម
ណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន បែរជាគ្មានមនុស្សមកលេង ព្រោះតែម្នាក់ៗខ្លាចរអារពីការឆ្លងជំងឺ ។ ការ
ជួលពោងហែលទឹកទន្លេមេគង្គ មានសភាពស្ងាត់ប្រហែល២សប្តាហ៍ហើយ ទើបតែក្រោយបុណ្យចូលឆ្នាំខ្មែរ
នេះ សង្កេតឃើញចាប់ផ្ដើមមកកម្សាន្តលេងជាបណ្ដើរៗ ។ ជាក់ស្ដែង នៅថ្ងៃសៅ ទី២ ឧសភា នេះ មនុស្សមកលេងរាប់រយនាក់នាក់ឯណោះ ។
តាម៉ាប់រស់នៅស្រុកចំការលើ បានរៀបរាប់ប្រាប់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនបាននាំសមាជិកក្រុមគ្រួសារមកលេងឆ្នេរខ្សាច់កោះប៉ែនទេ ទើបតែនៅថ្ងៃទី៣ ឧសភា គាត់បាននាំគ្នាមកលេងមានចំនួន១៣នាក់ជិះរថយន្តចំនួន២គ្រឿង ចេញពីផ្ទះនៅឃុំបុសខ្នុរស្រុកចំការលើ មកលេងឆ្នេរខ្សាច់កោះប៉ែន។
ជាមួយនឹងការផ្ដល់សេវាម្ហូបអាហារលក់ក្នុងតំលៃសមរម្យ ហើយថែមទាំងមានរសជាតិឆ្ងាញ់ផលដែរ។នេះជាលើកទី៣ ហើយដែលបាននាំកូនៗមកលេង ក្នុងពេលខាងមុខ ប្រសិនបើមានឱកាសទំនេរគាត់នឹងនាំសមាជិកក្រុមគ្រួសារមកកម្សាន្តលេងនៅឆ្នេរខ្សាច់កោះប៉ែនម្ដងទៀត។ ទោះបីជានៅក្នុងខេត្តកំពង់ចាមជំងឺកូវីដ ហាងបីដូចជាមានសភាពស្ងប់ស្ងាត់ ក៏ពិតមែនប៉ុន្តែសម្រាប់ក្រុមគ្រួសាររបស់គាត់នៅតែបង្កើនការប្រុងប្រយ័ត្នមុននឹងទទួលទានអាហារ គឺនាំគ្នាលាងដៃជាមួយអាល់កុល ។
លោកស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ឧសភា ថា ឆ្នេរខ្សាច់កោះប៉ែន កន្លងទៅមានសភាពស្ងប់ស្ងាត់ ដោយនៅថ្ងៃទីបីថ្ងៃបង្ហើយចូលឆ្នាំ មានមនុស្សមកលេងប្រមាណ២០០នាក់ប៉ុណ្ណោះ ។ មកដល់ពេលនេះ នៅតាមរមណីយដ្ឋានមួយចំនួន ក្នុងខេត្តកំពង់ចាមត្រូវបានបើកវិញជាបណ្ដើរៗ តែមិនមានលក្ខណៈទូលំទូលាយនោះឡើយ ។
ចូលដល់ខែមិថុនាខាងមុខ ឆ្នេរខ្សាច់កោះប៉ែន រួមទាំងប្រដឹសឫស្សីសម្រាប់ជាស្ពានឆ្លងចេញពីត្រោយក្រុងកំពង់ចាម ហ្នឹងត្រូវរុះជាបណ្ដើរៗ ព្រោះរដូវវស្សាបានឈានចូលមកដល់ ពោលគឺទីនេះអាចលេងកម្សាន្តបានតែក្នុងរដូវប្រាំងប៉ុណ្ណោះ ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តថា ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកអភិបាលខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមករមណីយដ្ឋានទឹកឆា ត្រូវបានបិទ ដើម្បីចៀសវាងមនុស្សដែលមកលេងច្រើនណែនតាន់តាប់ កុំឱ្យឆ្លងជំងឺ។