រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ។
ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើកម្ពុជា ។ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា ៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៤១°C ។
ដោយផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតតិចទៅបង្គួរ ។ ចំណែកឯបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។
ដោយឡែកបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C ។ នៅបណ្តាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ ។
ចំពោះបណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ ។
ក្រសួងបានបញ្ជាក់ និងបានអំពាវនាវសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងការកើនឡើងនូវ សីតុណ្ហភាពអប្បបរមា និងអតិបរមានៅបណ្តាខេត្តភាគពាយ័ព្យរហូតទៅដល់ ៤០-៤១°C នាថ្ងៃទី៨-៩-១០ ខែឧសភា ៕
ចែករំលែកព័តមាននេះ