រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈ ក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងសកម្មភាពសេដ្ឋកិច្ចជាមួយវិស័យឯកជន ខណៈកន្លងមកនេះរាជរដ្ឋាភិបាល ក៏បានជួយអន្តរាគមន៍ដល់វិស័យឯកជន ចំនួន ៣ ជុំមកហើយ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយកិច្ច ប្រជុំពិភាក្សារវាងរាជរដ្ឋាភិបាល និងវិស័យឯកជនកាលពីថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០២០ មកនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ ចំនួន ៣ជុំ រួច មកហើយ ដើម្បីគ្រប់គ្រងផលប៉ះពាល់នៅក្នុងវិស័យសំខាន់ៗដោយគិតគូរលើគ្រប់ទិដ្ឋភាព ក្នុងនោះរួមមាន ៖ ទី ១ ជួយដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអាជីវកម្ម ដែលទទួល រងផលប៉ះពាល់ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចបន្តអាជីវកម្មបាន, ទី ២ ជួយដល់កម្មករ និយោជិតដែលបាត់បង់ ឬត្រូវព្យួរការងារឱ្យមានលំនឹងជីវភាព និងទី ៣ ទ្រទ្រង់កំណើន ជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។
នៅក្នុងកិច្ចប្រជុំនោះលោកបណ្ឌិតសភាចារ្យ អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯក ជនជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ កម្ពុជា ។ ក្នុងបរិការណ៍រីករាលដាលនៃជំងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាល និងវិស័យឯកជន កំពុងតែប្រឈមនឹងបញ្ហារួមក្នុងការបន្តលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើ ដំណើរក្នុងទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា ។លោកបន្តថា ៖ «ការរួមចំណែកក្នុងការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រ ឈមរួមចំពោះមុខ និងក្នុងការជួយស្ដារការអភិវឌ្ឍប្រទេសកម្ពុជាក្នុងអំឡុងពេលលំបាកនេះ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន» ។
លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងពិចារណាលើធាតុចូលសំខាន់ៗ ដើម្បីរៀប ចំជាកញ្ចប់វិធានការអន្តររាគមន៍ជាបន្តបន្ទាប់ទៀត ដើម្បីស្ដារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ។ វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្តសហការយ៉ាងជិតស្និតក្នុងការត្រៀមកម្លាំង រួចជាស្រេច ក្នុងការចាប់យកកាលានុវត្តភាពថ្មីនានាដែលអាចកើតឡើងក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ ១៩ ។
តំណាងពីវិស័យឯកជនបានលើកឡើងពីកាវាយរតម្លៃស្ថានភាពធុរកិច្ចបច្ចុប្បន្ននៅ ក្នុងប្រទេសកម្ពុជា និងលើកឡើងអំពីបញ្ហាប្រឈមដែលកំពុងបន្តជួបប្រទះ ក្នុងវិស័យនី មួយៗ បន្ថែមទៀត និងបានស្នើជាវិធានការជូនរាជរដ្ឋាភិបាលពិចារណាផងដែរ សំដៅចូល រួមចំណែកស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។ វិស័យឯកជនក៏បានសម្ដែងពីឆន្ទៈ និងការអត់ធ្មត់របស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយ បញ្ហាប្រឈមពាក់ព័ន្ធនានា ។
សូមបញ្ជាក់ថា បញ្ហាកូវីដ ១៩ បាននិងកំពុងជះឥទ្ធិពលជាបន្តបន្ទាប់ទៅលើវិស័យ សំខាន់ ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ជាក់ស្ដែងរហូតមកដល់ពេលនេះ រោងចក្រប្រ មាណ ១៣០ រោងចក្របានដាក់ពាក្យស្នើសុំព្យួរការងារ ដោយសារតែមិនមានការបញ្ជា ទិញពីខាងក្រៅ ហើយក៏កំពុងប្រឈមនឹងការបាត់បង់ការងារពីកម្មករប្រមាណ ១០ម៉ឺន នាក់ផងដែរ ។
ក្រៅពីវិស័យកាត់ដេរ វិស័យទេសចរណ៍ក៏ទទួលផលអាក្រក់ផងដែរពីកូវីដ ១៩ ក្នុងនោះ សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនត្រូវបានបិទ ហើយក្រុមហ៊ុនអាកាសចរ ណ៍ជាច្រើនក៏បានផ្អាកការហោះហើរ និងធ្វើឱ្យអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជា ស្ទើរ តែលែងដំណើរការទៅហើយ ៕
ចែករំលែកព័តមាននេះ