ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លី​គ​ត្រឡប់​មក​វិញ ក៏​ត្រូវការ​ពេល​2-3​​ស​ប្ដា​ហ៍​ដើម្បី​ប្រមូល​កម្លាំង​កីឡាករ​ដូច​​ដើម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ុំ វ​ណ្ណា គ្រូបង្វឹក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់​ថា បើ​លី​គ​ត្រឡប់​មក​វិញ យ៉ាង​ហោច​ណាស់ ក៏​ត្រូវការ​ពេល​២​ទៅ​៣​ស​ប្ដា​ហ៍…

រាជធានី​ភ្នំពេញ ៖ លោក ស៊ុំ វ​ណ្ណា គ្រូបង្វឹក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់​ថា បើ​លី​គ​ត្រឡប់​មក​វិញ យ៉ាង​ហោច​ណាស់ ក៏​ត្រូវការ​ពេល​២​ទៅ​៣​ស​ប្ដា​ហ៍ ដើម្បី​ប្រមូល​កម្លាំង​កីឡាករ​មក​ល្អ​ដូច​ដើម ។ ការ​ថ្លែង​បែប​នេះ គឺ​បន្ទាប់​ពី​បច្ចុប្បន្ន លី​គ​បាន​និង​កំពុង​ត្រូវ​បាន​ផ្អាក ហើយ​កីឡាករ​បាន​ត្រឹមតែ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀងខ្លួន ឬ​តាម​ទី​សាធារណៈ​ផ្ដោតទៅ​លើ​ការ​រក្សា​កម្លាំង​តែ​ប៉ុណ្ណោះ ដ្បិត​ការ​ហ្វឹកហាត់​ពេញលេញ​ពុំ​មាន​ឡើយ​ចាប់តាំងពី​ចុងខែ​មីនា ឆ្នាំ​២០២០ ដោយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​នៅ​កម្ពុជា​។

លោក ស៊ុំ វ​ណ្ណា បាន​សម្ដែង​ក្ដី​រំពឹង​ថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នឹង​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ក្លិប​នីមួយ​ៗ ប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ស្ដារ​កម្លាំង​កីឡាករ​មុន​លី​គ​កំពូល​កម្ពុជា ចាប់ផ្ដើម​ការ​ប្រកួត​ឡើង​វិញ​។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ក្រុម​មួយ​ចំនួន​ដែល​ចាប់ផ្ដើម​ហាត់​មុន លោក​គិត​ថា ការ​ហាត់​នោះ​ក៏​មាន​កម្រិត​ដែរ គាត់​មិន​អាច​ឲ្យ​កីឡាករ​ទាំងអស់​ទៅ​ហាត់​ជុំ​គ្នា​ទេ យ៉ាងច្រើន​គាត់​ហាត់ Fitness ឬអ្វី​ផ្សេង​ៗហើយ​កីឡាករ ក៏​មិន​លើស​ពី​១០​នាក់​ដែរ ទៅ​តាម​ការ​បែងចែក​ពួក​គាត់ ។ គ្រាន់តែ​គាត់​ចាប់ផ្ដើម​មុន ការ​ប្រមូលផ្ដុំ​កម្លាំង​មក​វិញ វា​បាន​ល្អ​ប្រសើរ​ជាង​យើង ហើយ​បើ​លី​គ​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ​វា​មិន​ទាន់​ទេ ។ តែ​ខ្ញុំ​គិត​ថា CNCC នឹង​ផ្ដល់​ឱកាស​ឲ្យ​ក្រុម​ផ្សេង​ៗ យ៉ាង​ហោច​ណាស់ ២ ឬ ៣​ស​ប្ដា​ហ៍ឬ​១​ខែ ដើម្បី​ឲ្យ​កីឡាករ​ត្រៀមកម្លាំង​បាន​ល្អ ទាំង​ក្លិប​ចាប់ផ្ដើម​មុន និង​ចាប់ផ្ដើម​ក្រោយ​។

គ្រូបង្វឹក​ដឹកនាំ​ក្រុម​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន គិត​ត្រឹម​ស​ប្ដា​ហ៍​ទី​៥ ឆ្នាំ​២០២០​រូប​នេះ បន្ថែម​ថា កីឡាករ​អាជីព បើ​គាត់​ឈប់​៤​ឬ​៥​ស​ប្ដា​ហ៍​ហើយ ពួក​គាត់​ធ្វើ​តែ Fitness ឬអ្វី​ផ្សេង​ៗ នៅ​តែ​ក្នុងផ្ទះ ឬ​ទី​សាធារណៈ​សម​ស្រប​ណាមួយ វា​មិន​ពេញលេញ​សម្រាប់​ការ​លេង​កម្រិត​ខ្ពស់​នោះ​ទេ ។

បើ​លេង​កម្រិត​ខ្ពស់ គឺ​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​។ អ៊ីចឹង​លោក​សង្ឃឹមថា CNCC និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ហ្វឹកហាត់​ឆ្ពោះទៅ​រក​បន្ដ​ការ​ប្រកួត​លី​គ និង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០​។

បច្ចុប្បន្ន ពិភពលោក​បាន​និង​កំពុង​ជួប​ប្រទះ​វិបត្តិ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​វីរុស​កូ​រ៉ូ​ណា ឬ​ក៏​ហៅ​ជា​ផ្លូវការ​ថា កូ​វី​ដ​-១៩ (COVID-19) ដែល​នាំ​ឲ្យ​សកម្មភាព​នានា​នៅ​ស្ទើរ​ជុំវិញ​ពិភពលោក ត្រូវ​បាន​ផ្អាក ឬក៏​ពន្យារពេល​ជា​បណ្ដោះអាសន្ន​ដោយ​មិន​មាន​​កាល​កំណត់​ច្បាស់លាស់ ។ ក្នុង​នោះ​រួម​មាន​ទាំង​វិស័យ​បាល់ទាត់​ដូច​គ្នា ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​​​ដល់​បញ្ហា​ហិរញ្ញវត្ថុ គ្រា​ដែល​ជំងឺ​កូ​វី​ដ​-១៩ (COVID-19)​បាន​ផ្ទុះ​ឡើង​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ខណៈ​កីឡាករ​ស្ទើរ​ជុំវិញ​ពិភពលោក​ដូច​គ្នា​ធ្វើការ​ហ្វឹកហាត់​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​។

មក​ទល់​ពេល​នេះ លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២០ បាន​ផ្អាក​ការ​ប្រកួត​ជាង​១​ខែ​មក​ហើយ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ (COVID-19)​។ តែ​បច្ចុប្បន្ន​ជំងឺ​រាតត្បាត​ជា​សាកល​នេះ បាន​ធូរស្រាល​ច្រើន​នៅ​កម្ពុជា​ហើយ ដោយ​ក្នុង​ចំណោម​១២២​ករណី បានជា​សះស្បើយ ១២០​ករណី នៅ​សល់​តែ​២​ករណី​ប៉ុណ្ណោះ​។

យ៉ាងណា​ក៏​ដោយ ចំពោះ​ការ​ត្រឡប់​មក​វិញ នៃ​លី​គ​កំពូល​កម្ពុជា នឹង​បន្ដ​ការ​ប្រកួត​វិញ​ពេល​ណា​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ថ្មី​នោះ​ទេ ស្រប​ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល និង​ក្រសួង​សុខា​ភិបាល បាន​បន្ដ​អំពាវនាវ​ឲ្យ​បញ្ចៀស​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​នៅឡើយ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ