ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ សា​វិ​ន និង​ឡុ​ង បេន​លឿន ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន​ក្នុង​កម្មវិធី​ប្រដាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ សុខ សា​វិ​ន​មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​និង​កីឡាករ ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ក្នុង​កម្មវិធី​ប្រដាល់​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​»​បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​យកឈ្នះ​គូប្រកួត​ដោយ​ពិន្ទុ​រៀង​ៗ​ខ្លួន​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​​ស៊ី កាលពី​ថ្ងៃ​សៅរ៍…

រាជធានី​ភ្នំពេញ ៖ កីឡាករ សុខ សា​វិ​ន​មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​និង​កីឡាករ ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ក្នុង​កម្មវិធី​ប្រដាល់​«​កម្ពុជា​សង្វៀន​គុន​ខ្មែរ​»​បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​យកឈ្នះ​គូប្រកួត​ដោយ​ពិន្ទុ​រៀង​ៗ​ខ្លួន​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​​ស៊ី កាលពី​ថ្ងៃ​សៅរ៍ ទី​២ ឧសភា​។

កីឡាករ សុខ សា​វិ​ន បាន​យកឈ្នះ​កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ដោយ​ពិន្ទុ​បន្ទាប់​ពី​ពួក​គេ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ពេញ​រយៈពេល​៥​ទឹក ។ កីឡាករ​ពុទ្ធ សំបូរ រាង​អន់​កម្លាំង​បន្តិច ជាក់ស្ដែង​ការ​ប្រកួត​ទើបតែ​ឈាន​ចូល​ដល់​ទឹក​ទី​២​ប៉ុណ្ណោះ គេ​ត្រូវ​សុខ សា​វិ​ន ទាត់​ឱ្យ​ដួល​ជា​ញឹកញាប់​។​ទោះជា​យ៉ាងណា ពុទ្ធ សំបូរ​នៅ​តែ​ព្យាយាម​ប្រើ​កណ្ដាប់ដៃ​វាយ​និង​លើកជើង​ទាត់​សង​វិញ​យ៉ាង​សន្ធាប់ ប៉ុន្តែ​មិន​អាច​បំបាក់ស្មារតី​សុខ សា​វិ​ន​បាន​ឡើយ ។

ផ្ទុយ​ទៅ​វិញ សុខ សា​វិ​នកាន់តែ​បង្កើន​ការ​វាយលុក​កាន់តែ​ខ្លាំង​ឡើងធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​ទឹក​ទី​៥ ចៅក្រម​ប្រកាស​ឱ្យ សុខ សា​វិ​ន ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ទាល់តែ​បាន ។
ចំណែក​កីឡាករ ឡុ​ង បេន​លឿន​បាន​យកឈ្នះ​កីឡាករ​ជើង​ចាស់​សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍​ដោយ​ពិន្ទុ ។

នៅ​ទឹក​ទី​១​និង​ទី​២ សេក គឹ​ម​រួន ហាក់​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដោយគេ​ឃើញ​កីឡាករ​រូប​នេះ​សម្រុកចូល​វាយ​សន្ធាប់​ទៅ​លើ​គូប្រកួត​យ៉ាង​ចាស់ដៃ តែ​ត្រូវ​ឡុ​ង បេន​លឿន​ធាក់​និង​ទាត់​សង​វិញ​ភ្លាម​ៗ ។ សេក គឹ​ម​រួន ចាប់ផ្ដើម​ថមថយ​កម្លាំង​ខ្លាំង​ខណៈ​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៣ ។ ស្នៀត​កណ្ដាប់ដៃ​របស់​គេ​មានឱកាស​វាយ​ម៉ាត់​សង​វិញ​មួយ​ៗ​ប៉ុណ្ណោះ ក្រៅពី​នោះ​ត្រូវ​កីឡាករ ឡុ​ង បេន​លឿន ចាប់​ក្រៀក​ឡើង​ជង្គង់​បុក​ចូល​ពោះ​ទឹក​ពេញ​ៗ​តែ​ម្ដង​។

ចប់​ការ​ប្រកួត​ទឹក​ទី​៥ ឡុ​ង បេន​លឿន​ត្រូវ​បាន​គេ​ប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ ។ ដោយឡែក កីឡាករ ឡុ​ង សុ​ភី មក​ពី​ក្លិប​កុលបុត្រ​កូន​ខ្មែរ​ខណ្ឌទួលគោក និង​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សរី​វង្ស​ពោធិ​សែន​ជ័យ​វិញ​បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​គ្នា​ធ្វើ​ឱ្យប្រាក់​រង្វាន់​ត្រូវ​ចែក​គ្នា​ម្នាក់​ពាក់​កណ្ដាល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ