ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩​ធ្វើ​ឱ្យ​ហាង​របស់​កំពូល​តារា​ល្បី​​ប្រកាស​កំណត់​អស់​ដង្ហើម​នៅ​ចុង​ខែ​នេះ

3 ឆ្នាំ មុន

តៃវ៉ាន់ ៖ តាម​ប្រភព​ព័ត៌មាន Straits Times បានឱ្យ​ដឹង​ថា សូ​ម្បី​តែ​ភោជនីយដ្ឋាន​របស់​កំពូល​តារាភាពយន្ត​តៃវ៉ាន់ លោក Jay Chou…

តៃវ៉ាន់ ៖ តាម​ប្រភព​ព័ត៌មាន Straits Times បានឱ្យ​ដឹង​ថា សូ​ម្បី​តែ​ភោជនីយដ្ឋាន​របស់​កំពូល​តារាភាពយន្ត​តៃវ៉ាន់ លោក Jay Chou ក៏​មិន​អាច​រួច​ផុត​ពី​ការ​បិទទ្វារ​ឈប់​ដំណើរ ដោយសារ​តែ​ស្នាដៃ​របស់​ជំងឺ​កូ​វី​ដ​១៩​។

នៅ​ថ្ងៃ​សុក្រ​នេះ ភោជនីយដ្ឋាន Mr J French-Italian Restaurant បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដំណើរការ​ហាង​របស់​ខ្លួន គឺ​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ខាង​មុខ​នេះ​។ ផុត​ពី​ថ្ងៃ​នោះ​ទៅ គឺ​គ្មាន​ទេ​ហាង​មួយ​នេះ​។

ភោជនីយដ្ឋាន​ដែល​មា​នទី​តាំងនៅ​មូលដ្ឋាន​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​តៃប៉ិ ក៏​បាន​ក្រើន​រំលឹក​​ដល់​អតិថិជន​ថា ហាង​មាន​វិបត្តិ​ខ្លាំង​ដោយសារ​តែ​មានការ​រឹតត្បិត​មិន​ឱ្យ​មាន​មនុស្ស​ចូល​មក​ក្នុង​សាលា ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។ ខាង​ហាង​បាន​និយាយ​ថា អតិថិជន​គួរតែ​ជូនដំណឹង​ដល់​ក្រុម​សន្តិសុខ​ថា ពួក​គេ​ត្រូវ​ចូល​ទៅ​ញ៉ាំ​អី​នៅ​ហាង បើ​មិន​ដូច្នោះ​ទេ សន្តិសុខ​នឹង​មិន​អាច​ឱ្យ​ចូល​បាន​ឡើយ​។

ហាង​អាហារ​ដែល​បាន​បើក​នៅ​ឆ្នាំ​២០០៧ មួយ​នេះ ធ្លាប់​បាន​ចូល​ក្នុង​រឿង​មាន​ចំណងជើង​ថា «Secret»​។ វា​ជា​រឿង​ចេញ​នៅ​ឆ្នាំ​២០០៧ ដែល​មានការ​សម្តែង​ដោយ Jay Chou, Gwei Lun-mei និង Anthony Wong​។

ភោជនីយដ្ឋាន​នេះ ក៏​បាន​ក្លាយជា​កន្លែង​ដែល​ត្រូវ​តែ​ទៅ​សម្រាប់​អ្នកគាំទ្រ​របស់ Jay Chou នៅ​ពេល​ពួក​គេ​ទៅ​តៃប៉ិ ហើយ​ក៏​ជា​កន្លែង​ដែល​លោក Chou តែងតែ​ជប់លៀង​ពេល​បាន​ពានរង្វាន់​នីមួយ​ៗ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភោជនីយដ្ឋាន​នេះ គឺជា​ការ​បណ្តាក់ទុន​រួម​គ្នា​រវាង​តារា​សម្តែង Jay Chou និង​មិត្តភក្តិ​របស់​គាត់ ហើយ​វា​ធ្លាប់​មាន​សាខា​មួយទៀត​នៅ​តៃប៉ិ​ដែល​បាន​បិទ​កាលពី​ឆ្នាំ ២០១៣៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ straitstimes (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ