ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេ និង​ទោច​មកុដ ​បង្ហាញ​ខ្លួន​​ក្នុង​ព្រៃ​ឧទ្យាន​​អង្គរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ចាប់តាំងពី​ឆ្នាំ​២០១៣​មក គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះ​លែង​សត្វ​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​បានជា​ច្រើន​ប្រភេទ​ដូច​ជា សត្វ​ទោច​មកុដ​ចំនួន​១០​ក្បាល…

ខេត្តសៀមរាប​៖ ចាប់តាំងពី​ឆ្នាំ​២០១៣​មក គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះ​លែង​សត្វ​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​បានជា​ច្រើន​ប្រភេទ​ដូច​ជា សត្វ​ទោច​មកុដ​ចំនួន​១០​ក្បាល សត្វ​ឈ្លូស​ចំនួន​៤​ក្បាល សត្វ​ស្វា​ព្រាម​ចំនួន​១២​ក្បាល សត្វ​សំពោចក្រអូប​ចំនួន​៥​ក្បាល សត្វ​ភេ​ខ្លួន​រលោង​ចំនួន​៥​ក្បាល ដែល​មក​ដល់​ពេល​នេះ​សត្វ​ទាំង​អស់នោះ​នៅ​តែ​មាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការ​យកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជា​ប្រចាំ​ពី​ក្រុមការងារ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​ដោយឡែក​សត្វ​ទោច​មកុដ​ចំនួន​៣​គ្រួសារ ដែល​ក្នុង​នោះ​នៅ​ក្បែរ​ប្រាសាទ​តា​នៃ​មាន​ចំនួន​៥​ក្បាល ទើបតែ​កើត​បានកូន​មួយ​បន្ថែម ដែល​មាន​អាយុ​ប្រហែល​៤​ស​ប្តា​ហ៍​ហើយ ។ ក្រៅពី​នោះ​សត្វ​ទោច​មកុដ​ផ្សេង​ទៀត​ដែល​បាន​ដោះ​លែង​នា​ពេល​កន្លង​មក គឺ​នៅ​ខ្លោងទ្វារ​ខ្មោច​មាន​ចំនួន​៤​ក្បាល និង​នៅ​ខ្លោងទ្វារ​តា​កាវ​មាន​ចំនួន​២​ក្បាល កំពុង​ផ្សាំ​ក្នុង​ទ្រុង ហើយ​គ្រោង​នឹង​ដោះ​លែង​នៅ​រដូវវស្សា​ខាង​មុខ​នេះ ។ សរុប​នៅ​ឧទ្យាន​អង្គរ សត្វ​ទោច​មកុដ​ទាំងអស់​មាន​ចំនួន​១១​ក្បាល ។ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ក្រុមការងារ​គ្រោង​នឹង​យក​២​ក្បាល​បន្ថែម​ទៀត​ដាក់​នៅ​ក្បែរ​បឹង​សន្ធ​មារ​(​ខាងជើង​ឈៀង​ខាងលិច​ក្នុង​បរិវេណ​តំបន់​អង្គរធំ​) ក្រោយ​ពី​សង់​ទ្រុង​ដែក​សម្រាប់​ផ្សាំ​រួចរាល់​។

ចំពោះ​សត្វ​ភេ​ខ្លួន​រលោង ដែល​គម្រោង​បាន​ដោះ​លែង​ចំនួន​៥​ក្បាល​កន្លង​មក ពេល​នេះ​កើត​បានកូន​ចំនួន​២​បន្ថែម ដែល​កូន​ភេ​ទាំង​២​នោះ​មាន​អាយុ​ប្រហែល​៣​ខែ​ហើយ ។

ដើម្បី​ឲ្យ​សត្វព្រៃ​ទាំង​អស់នោះ​បន្ត​វត្ត​មាននៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​យើង និង​បង្កើន​ចំនួន​បន្ថែម​ទៀត អាជ្ញាធរ​ជាតិ​អប្សរា និង​គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ សូម​អំពាវនាវ​ជូន​សាធារណជន ភ្ញៀវ​ជាតិ អន្តរជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ ត្រូវ​ចូលរួម​ថែរក្សា​សត្វ​ទាំងនោះ​ទាំងអស់​គ្នា ចៀសវាង​ពេល​ប្រទះ​ឃើញ​មាន​បំណង​មិនល្អ និង​មេត្តា​កុំ​ផ្តល់​ចំណី​ឲ្យ​សត្វ​ទាំងនោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ