ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​ងាប់​ច្រើន​យ៉ាងនេះ​ មាន​អ្នក​​ទទួល​ខុស​ត្រូវទេ​?

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ម្ចាស់​រថយន្ត​​ដឹក​មាន់ម្នាក់បានអះអាង​​ថា លោក​អនុសេនីយ៍ឯក ជុន បូ​រ៉ា មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត បាន​រំលោភ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ចូល​ទៅ​ចាប់រថយន្ត​​ដឹក​មាន់របស់​អាជីវករ​នៅ​ខេត្តឧត្តរមានជ័យ ទាំង​ដែល​រថយន្ត​ដឹក​មាន់​មាន​បង្កាន់ដៃ​បញ្ជាក់​ពី​ការ​ដឹក​ចែកចាយ​មាន់​ពី​ក្រុមហ៊ុន​ដែល​មាន​វិសាលភាព​ក្នុង​ខេត្តឧត្តរមានជ័យ…


ខេត្តព្រះវិហារ ៖ ម្ចាស់​រថយន្ត​​ដឹក​មាន់ម្នាក់បានអះអាង​​ថា លោក​អនុសេនីយ៍ឯក ជុន បូ​រ៉ា មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត បាន​រំលោភ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ចូល​ទៅ​ចាប់រថយន្ត​​ដឹក​មាន់របស់​អាជីវករ​នៅ​ខេត្តឧត្តរមានជ័យ ទាំង​ដែល​រថយន្ត​ដឹក​មាន់​មាន​បង្កាន់ដៃ​បញ្ជាក់​ពី​ការ​ដឹក​ចែកចាយ​មាន់​ពី​ក្រុមហ៊ុន​ដែល​មាន​វិសាលភាព​ក្នុង​ខេត្តឧត្តរមានជ័យ ។

​​ផ្ទុយ​ទៅ​វិញ​ បែរ​មន្ត្រី​អាវុធហត្ថ​រូប​នេះ បាន​ឆក់​យក​សោ​រថយន្ត​​ ទាំង​ដែល​មិន​បាន​ធ្វើ​កំណត់ហេតុ​ឃាត់​ត្រឹមត្រូវ នៅ​ទីតាំង​កើតហេតុ រួច​ក៏​បើករថយន្ត​ដឹក​មាន់​នេះ​មក​ទុក​ចោល​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ខេត្តព្រះវិហារ រួច​ក៏​ជិះ​រថយន្ត​ចេញ​ទៅ​បាត់ ដោយ​មិន​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​-​ទទួល ជាមួយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ឡើយ បើ​ទោះបីជា​មន្ត្រី​ពេទ្យសត្វ​បាន​ទូរស័ព្ទ​ហៅ​លោក​អោយមក​ធ្វើ​កំណត់ហេតុ​ប្រគល់​-​ទទួល វត្ថុ​តាង​ក៏​ដោយ ដោយ​លោក​និយាយ​ថា​ មិន​បាន​មក​ធ្វើ​កំណត់ហេតុ​ទេ ​កាលពី​ព្រលប់​ថ្ងៃ​ទី​១​ ឧសភា កន្លងមក ។

ទាក់ទិនករណីខាងលើ តាម​ការ​បញ្ជាក់​ពី​លោក វេ​ង ហុង​លី​ម នាយការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រមាញ់​ខេត្តព្រះវិហារ បានអោយ​ដឹង​ថា តាម​ការ​ពិនិត្យ​ទៅ​លើ​រថយន្ត​ដឹក​មាន់​នេះ គឺ​ម្ចាស់​រថយន្ត មាន​លិខិតបញ្ជាក់​ពី​ក្រុមហ៊ុន​ត្រឹមត្រូវ ហើយ​ម្យ៉ាងវិញទៀត មិនដឹង​ថា​​រថយន្ត​នេះ​ កងកម្លាំង​អាវុធហត្ថ​ជាំ​ក្សាន្ត​ ចាប់​នៅ​ទីតាំង​ណា​ច្បាស់លាស់​នោះ​ទេ ព្រោះ​មន្ត្រី​អាវុធហត្ថ​ដែល​នាំ​រថយន្ត​មក​ម​មន្ទីរ ពុំ​មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឡើយ ។ បន្ទាប់​ពី​មានការ​ពិនិត្យ​រួច ជំនាញ​ពេទ្យសត្វ​បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់ មាន់​និង​រថយន្ត​ដឹក​មាន់​នោះ​ទៅ​ម្ចាស់​អោយ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​ទាំង​យប់​តែ​ម្តង ។

ជុំវិញ​ករណី​នេះ អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ជុន បូ​រ៉ា បាន​ទេ ដោយ​ទូរស័ព្ទ​ទៅ​លេខ​០៩៧៥៥៥០៥០៥ របស់​លោក​ជុន បូ​រ៉ា តែ​មាន​អ្នក​លើក​ថា មិនមែន​ជា​លោក​ជុន បូ​រ៉ា ទេ ។

ដោយឡែក​លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានអោយ​ដឹង​ថា ជុំ​វិញ​ហេតុ​ការ​ឃាត់​រថយន្ត​នេះ លោក​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​របស់​លោក តែ​ទាក់ទង​នឹង​ការ​រំលោភ​ដែន​សមត្ថកិច្ច​លោក​មិន​បាន​បញ្ជាក់​ទេ តែ​លោក​ថា មានការ​ស្នើ​សុំ​កម្លាំង​របស់​លោក​ពី​អ្នករក​សុ​ី​ម្នាក់​ឈ្មោះ គី​ម នៅ​ស្រុក​ជាំ​ក្សាន្ត ទៅ​ជួយ​ឃាត់​រថយន្ត​នេះ​ថា​មិន​មានច្បាប់ តែ​ប្រសិនបើ​ជំនាញ​ពិនិត្យ​ថា​ត្រឹមត្រូវ ក៏​តាម​ជំនាញ​ចុះ ។

លោក កង សៅ​គុណ បន្ត​ទៀត​ថា ក្រោយ​ពី​កើតរឿង​នេះ​រួច​មក មន្ត្រី​របស​លោក​ក៏​បាន​សារភាព​កំហុស​ដែរ តែ​ទោះជា​បែប​នេះ​ក្តី លោក​បាន​បញ្ជា​អោយ​មន្ត្រី​របស់​លោក ហៅ​អ្នក​ដែល​ប្តឹង​អោយ​ឃាត់​ឡាន​មាន់​នោះ ចេញ​មុខ​មក​សងការ​ខូចខាត​ពេលវេលា នឹង​មាន់​ងាប់​ទាំងនោះ ដល់​ម្ចាស់​ឡាន​ដឹង​មាន់​នោះ​វិញ ។

​ទោះជា​បែប​នេះ​ក្តី​ម្ចាស់​ឡាន​ដឹក​មាន់ ឈ្មោះ ធឿ​ន សេង​ហ៊​ន់ មិន​សុខចិត្ត​ទៅ​នឹង​ទ​ង្វើ​របស់​លោក ជុន បូ​រ៉ា មន្ត្រី​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​នោះ​ទេ ដោយសារ​តែ​លោក​បាន​ធ្វើ​អោយ​ខាតបង់​ពេលវេលា​របស់​គាត់ នឹង​បាន​ធ្វើ​អោយ​មាន់​របស់​គាត់​ងាប់​អស់​ជាង​២០០​ក្បាល អស់​ទឹកប្រាក់​ជា​ច្រើនលាន​រៀល ដូច្នេះ​លោក​ស្នើរ​ដល់​អាជ្ញាធរ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត ជួយ​រក​យុត្តិធម៌​អោយ​គាត់​ផង ព្រោះ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​នរណា​ម្នាក់ ចេញ​មុខ​មក​ទទួលខុសត្រូវ ចំពោះ​ការ​ខាតបង់​នេះ​នៅឡើយ បើ​ពុំនោះ​ទេ​លោក​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ