រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករហ៊ឹម សារ៉ាន់ គឺជាកីឡាករជើងខ្លាំង នៅក្នុងវិស័យប្រដាល់។ ក្នុងជំនួបជាមួយកីឡាករកំពុងឡើងកូដ កីឡាករ អ៊ុំ កំសត់ នៅលើសង្វៀនប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទីសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២០នេះ កីឡាករបង្គោលក្រហម ហ៊ឹម សារ៉ាន់ បានធ្វើឱ្យបរាជ័យយ៉ាងអស់ចិត្ត ពេញរយៈពេល៥ទឹក បើទោះជាបង្គោលខៀវ អ៊ុំ កំសត់ ប្រឹងស្ទុះស្ទារតាំងពីដើមទី។
ការប្រកួតជាថ្មីក្រោយបិទសង្វៀន ព្រោះតែផ្ទុះជំងឺកូវីដ១៩នេះ មិនមានអ្នកទស្សនាទៅកាន់សង្វៀននោះទេ គឺមានតែគណៈកម្មការ និងក្រុមការងារប៉ុណ្ណោះ ដោយសារតែនោះគឺជាការប្រកួតបិទទ្វារដែលមិនអនុញ្ញាតិអោយអ្នករស់នៅជុំវិញសង្វៀន ក្នុងភូមិព្រែកកំពិស ចូលទស្សនានោះទេ។
កីឡាករល្បីឈ្មោះ ហ៊ឹម សារ៉ាន់ ដែលជាជើងខ្លាំង១រូបផង ត្រូវប៉ះកីឡាករម្ខាងទៀត គឺ អ៊ុំ កំសត់ ដែលជាកីឡាករពូកែស្នៀត និងមានថ្វីដៃមិនធម្មតាម្នាក់។ ការប្រកួតនេះ ម្នាក់ៗមានការរំពឹងថា កីឡាករបង្គោលក្រហមនឹងឈ្នះដោយមិនពិបាក បើទោះជាកីឡាករបង្គោលខៀវ អ៊ុំ កំសត់ មានសមត្ថភាពមិនធម្មតាក៏ដោយ។
កីឡាករ ហ៊ឹម សារ៉ាន់ បានសារភាពថា ក្នុងមួយរយៈចុងក្រោយ គេរសាត់ឆ្ងាយពីការប្រកួតបើធៀបនឹងរយៈពេលមុន ប៉ុន្តែគេនៅតែប្រឹងប្រែងហ្វឹកហាត់ មិនសូវធ្វេសប្រហែសនោះទេ។
យ៉ាងណាមិញ អ្នកខ្លះក៏យល់ស្របតាំងពីដំបូងថា កីឡាកររូបនេះ ដោយសារតែរវល់តែនឹងការងារខាងក្រៅច្រើនជាងឡើងប្រដាល់ ពិតជាពិបាកឱ្យអ្នកគាំទ្រជឿថា គេនៅតែមានសមត្ថភាពដូចដើមដូច្នេះមែន។ អ៊ីចឹងហើយ ទើបកីឡាករ អ៊ុំ កំសត់ ធ្វើឱ្យអ្នកទស្សនាខកចិត្ត ដោយសារតែការប្រកួតនៅក្នុងថ្ងៃនោះ មិនសូវមានការវាយសម្រុក ហើយគ្រាន់តែឈានដល់ទឹកទី២ ក្នុងពេលកីឡាករបង្គោលខៀវ សម្រុកចូលវាយបកតែមួយប្រាវ ក៏ត្រូវម្ខាងទៀតវ៉ៃត្រូវយ៉ាងអាម៉ាស់ម្ដងជាពីរដង។
កីឡាករអ៊ុំ កំសត់ ស្ទុះវ័ធកែងផង ម៉ាត់ផង ហើយក្នុងពេលអុកមួយកែងចំក្បាល ដោយកុំតែការប្រកួតត្រូវវាយជួងអោយសម្រាក កុំអីការប្រកួតនឹងត្រូវបញ្ចប់។ អ៊ុំ កំសត់ និយាយថា ខ្លួនខកចិត្តសម្រាប់ការបរាជ័យដោយពិន្ទុនៅក្នុងថ្ងៃនោះ ប៉ុន្តែលោកក៏បានប្រឹងប្រែងអស់ពីសមត្ថភាពផងដែរ ដូច្នេះលោកពិតជាទទួលយកលទ្ធផល និងអស់ចិត្តសម្រាប់ការកាត់ក្ដីនោះ។
ក្រោយលទ្ធផលស្ដែងឡើងថា កីឡាករបង្គោលខៀវចាញ់ ទោះមិនទាន់ប្រកាសផ្លូវការ ម្នាក់ៗសុទ្ធតែលាន់មាត់ថា អ៊ុំ កំសត់ ពិតជាធ្លាក់ដៃជាងមុន ប៉ុន្តែកម្លាំង និងសមត្ថភាពរបស់គេ គឺនៅតែខ្លាំង ប្រសិនបើគេមិនស៊យត្រូវហ៊ឹម សារ៉ាន់ វាយចំចំណុចសំខាន់ និងចាញ់ប្រៀបខ្លាំងនៅចុងទឹកទី៥ ក៏ប្រហែលមិនចាញ់យ៉ាងអាម៉ាស់នោះដែរ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ