ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ផ្ទុះ​កំហឹង​សង្ខាង​លើ​វិ​ថី​ត្រួត​ពិនិត្យ​​ចរាចរណ៍ តើ​ខាង​ណា​​ខុស?​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ភាព​ចម្រូងចម្រាស់​ប្រជាពលរដ្ឋ​លើកគ្នា​បិទផ្លូវ​តវ៉ា និង​បាន​ចោទ​សមត្ថ​កិច្ច​​ថា អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជ្រុល ដោយ​ចាប់​ដាក់​ខ្នោះ ហើយ​វាយ​លើ​រា​ង្គ​កាយ​អ្នក​បើកបរ​រ៉ឺ​ម៉ក់​ដឹក​ពូក​លក់​តាម​មូលដ្ឋាន​ម្នាក់ ធ្វើ​ឲ្យ​អ្នកស្រុក​ខឹងសម្បា​យ៉ាង​ខ្លាំង​។ ករណី​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២…

ខេត្តស្វាយរៀង ៖ មាន​ភាព​ចម្រូងចម្រាស់​ប្រជាពលរដ្ឋ​លើកគ្នា​បិទផ្លូវ​តវ៉ា និង​បាន​ចោទ​សមត្ថ​កិច្ច​​ថា អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជ្រុល ដោយ​ចាប់​ដាក់​ខ្នោះ ហើយ​វាយ​លើ​រា​ង្គ​កាយ​អ្នក​បើកបរ​រ៉ឺ​ម៉ក់​ដឹក​ពូក​លក់​តាម​មូលដ្ឋាន​ម្នាក់ ធ្វើ​ឲ្យ​អ្នកស្រុក​ខឹងសម្បា​យ៉ាង​ខ្លាំង​។

ករណី​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល ទើប​ដោះ​ស្រាយ​​​បញ្ចប់រឿង​ដោយ​ឲ្យ​សមត្ថកិច្ច (​ដែល​វាយ និង​ដាក់​ខ្នោះ​អ្នកបើកបរ​រ៉ឺ​ម៉ក់​) មក​សុំ​ទោស​ជា​សាធារណៈ​នៅ​មុខ​មហាជន ដើម្បី​បញ្ចប់រឿង​។

រីឯ​ម្ចាស់​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក់​ម្នាក់ ក្នុង​ចំណោម​រ៉ឺ​ម៉ក់​៣​គ្រឿង​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទាំង​៣​រ៉ឺ​ម៉ក់​មាន​ទីលំនៅ​ឯ​ខេត្តតាកែវ ហើយ​បាន​នាំ​គ្នា​មក​រកស៊ី​ដឹក​ពូក​លក់​តាម​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ជា​ច្រើន​ខែ​មក​ហើយ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១ ខែឧសភា​នេះ ក៏​មានច្បាប់​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ផ្លូវគោក ត្រូវ​ឲ្យ​អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក់​មាន​ប័ណ្ណបើកបរ ។ ប៉ុន្តែ​រូប​គាត់​ទៅ​ធ្វើ​ប័ណ្ណ​បើក​បរ​មិន​ទាន់ ក៏​សម្រេចចិត្ត​សុំ​លក់​ពូក​ឱ្យ​អស់ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន ទើប​ទៅ​ធ្វើ​ប័ណ្ណ​បើកបរ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២ ខែឧសភា​នេះ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​១៨​ម៉ឺន​រៀល​ក្នុង​ម៉ូតូ​រ៉ឺ​ម៉ក់​មួយ ។

ម្ចាស់​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក់​បន្ត​ថា ពេល​នោះ​រូប​គាត់​គ្មាន​ប្រាក់​បង់ លុះដល់​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក សមត្ថកិច្ច​ឈរជើង​នៅ​គោលដៅ​នោះ​បាន​នាំ​គ្នា​ចេញ​ទៅ​ហូប​បាយ​អស់ ចំណែក​ពួក​គាត់​ក៏​បើក​ម៉ូតូ​រ៉ឺ​ម៉ក់​ចេញ​ទៅ​ដែរ ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​តាម និង​ចាប់​វាយ រួច​ដាក់​ខ្នោះ ចាប់​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​ច​ន្ទ្រា ពេល​នោះ​មហាជន​ក្នុងភូមិ​ឃើញ​ក៏​នាំ​គ្នា​មក​បិទផ្លូវ​តវ៉ា​មិន​ឲ្យ​សមត្ថកិច្ច​ចាប់​ពួក​គាត់​យក​ទៅ​នោះ​ទេ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ទោ សួគ៌ ធី អធិការរង​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក​អធិការដ្ឋាន​នគ​បាល​ស្រុក​ច​ន្ទ្រា បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ការ​រឹតបន្តឹង​នូវ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

លោក​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ គឺ​អ្នកបើកបរ​ម៉ូតូ​រ៉ឺ​ម៉ក់ គ្មាន​ប័ណ្ណបើកបរ និង​ដឹក​សំពីង​សំពោង​​ខុស​បច្ចេកទេស សមត្ថកិច្ច​ក៏​បាន​ឃាត់​រ៉ឺ​ម៉ក់​មក​សាកសួរ និង​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ក៏​ប៉ុន្តែ​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក់​រូប​នោះ​មិន​ព្រម​បង់ប្រាក់​ផាកពិន័យ ហើយ​ថែម​ទាំង​បើក​ម៉ូតូ​រ៉ឺ​ម៉ក់​ចេញ​ទៅ​ទៀត ពេល​នោះ​សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ឈប់ ក៏​ប៉ុន្តែ​អ្នកបើកបរ​រ៉ឺ​ម៉ក់​មិន​ព្រម​ឈប់​នោះ​ទេ ទើប​សមត្ថកិច្ច​យើង​បើករថយន្ត​ដេញ​តាម​ទាន់​នៅ​កន្លែង​កើតហេតុ​ខាងលើ រួច​ឲ្យ​យក​ម៉ូតូ​រ៉ឺ​ម៉ក​ត្រឡប់​មក​កន្លែង​សមត្ថកិច្ច​ឈ​ជើង​វិញ ប៉ុន្តែ​អ្នក​បើក​រ៉ឺ​ម៉ក់​មិន​ព្រម ទើប​មានការ​ចាប់​វាយ​ខ្នោះ និង​មានការ​ប្រវាយប្រតប់​គ្នា​កើតជា​រឿង រហូត​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា​បិទផ្លូវ​តែ​ម្តង​។

ក្រោយ​ពី​មានការ​សម្របសម្រួល​ពី​លោក​ឧត្តមសេនីយ៍ត្រី ភោគ សា​ខុន ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង និង​លោក​អភិបាលស្រុក​ច​ន្ទ្រា បាន​ចុះ​ទៅ​សម្របសម្រួល​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក់​ទាំង​៣​គ្រឿង ក៏​ឈាន​ដល់​ការ​ព្រមព្រៀង​ដោយ​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក់​ឲ្យ​សមត្ថកិច្ច​ទាំង​៤​រូប មក​សុំ​ទោស​រូប​គាត់​ជា​សាធារណៈ​នៅ​មុខ​មហាជន ហើយ​លោក​វរ​សេនីយ៍ទោ សួគ៌ ធី អធិការរង​ស្រុក​ច​ន្ទ្រា បាន​ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​តាម​ការ​ទាម​ទារ​​របស់​មហាជន ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​បាន​បំបែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។ សូម​ប្រជាពលរដ្ឋ​ចូលរួម​អនុ​វត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ