ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជ្រូក​រស់​រក្សា​លំនឹង​ល្អ​ក្នុង​ពេល​កូ​វី​ដ​-១៩ រាលដាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់កាល​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នៅ​លើ​ពិភពលោក​បាន​ធ្វើ​ឱ្យ​ប៉ះ ពាល់​វិស័យ​ជា​ច្រើន និង​បាត់បង់​ចំណូល​ពលរដ្ឋ​ក៏​មិន​តិច​ដែរ ក៏​ប៉ុន្តែ​សម្រាប់​វិស័យ​ចិញ្ចឹម ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ឃើញ​ថា មាន​ទីផ្សារ​ល្អ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់កាល​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នៅ​លើ​ពិភពលោក​បាន​ធ្វើ​ឱ្យ​ប៉ះ ពាល់​វិស័យ​ជា​ច្រើន និង​បាត់បង់​ចំណូល​ពលរដ្ឋ​ក៏​មិន​តិច​ដែរ ក៏​ប៉ុន្តែ​សម្រាប់​វិស័យ​ចិញ្ចឹម ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ឃើញ​ថា មាន​ទីផ្សារ​ល្អ ដោយ​តម្លៃ​ជ្រូក​រស់ និង​សាច់​ជ្រូក លើ​ទីផ្សារ​បាន​រក្សា​តម្លៃ​មួយ​ខ្ពស់ ដែល​ធ្វើ​ឱ្យ​កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​ក៏​ដូច​ជា​ក្រុមហ៊ុន​ចិញ្ចឹម ជ្រូក​តូច​ធំ បន្ត​សម្រុក​ចិញ្ចឹម​ផ្គត់ផ្គង់ ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ត្រូវ​រឹត​បន្តឹង ដើម្បី ទប់ស្កាត់​កូ​វី​ដ ១៩ ។

លោក លី ឡា​វី​ល ប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានឱ្យ​ដឹង​ថា បច្ចុប្បន្ន តម្លៃ និង​ទីផ្សារ​ជ្រូក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ឃើញ​ថា មាន​ស្ថេ​រ​ភាពល្អ ក្នុង​នោះ ទាំង​ការ នាំ​ចូល និង​ការ​ចិញ្ចឹម​ក្នុងស្រុក​ក៏​មាន​ភាព​ស៊ីចង្វាក់​គ្នា គឺ​អ្នក​នាំ​ចូល មិន​នាំ​ច្រើន លើស​ពី តម្រូវការ ដូច្នេះ​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ក៏​អាចរ​ស់បាន ។លោក​បន្ត​ថា សព្វថ្ងៃ​តម្រូវការ​ជ្រូក​លើ​ទីផ្សារ​ក្នុង​ប្រទេស​ទាំងមូល​មាន​ប្រមាណ ៧០០០ ទៅ ៨០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​ការ​ផ្ដល់​ជូន​ពី​ក្រុមហ៊ុន​ផ្គត់​ក្នុងស្រុក និង​ពី កសិករ មាន​ប្រមាណ​ពី ៥០ ទៅ ៦០​ភាគរយ ពេល​ខ្លះ​អាច​បាន​ពី ៦០ ទៅ ៧០​ភាគរយ ដោយ​នាំ​ចូល​ប្រមាណ​ពី ៣០០០ ទៅ ៤០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ។

លោក​បន្ត​ថា​៖ «​បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​តែ​មួយ​នោះ​ទេ ដោយ​កាលពីមុន គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​នៅ​ពេល​វៀតណាម​ជួបនឹង​ជំងឺ កាលពី​កន្លង​ទៅ​ធ្វើ​ឱ្យ​ជ្រូក​នៅ​វៀតណាម​ខូច និង​កំទេច​ចោល​ច្រើន ធ្វើ​ឱ្យ​ជ្រូក​នៅ​វៀតណាម​ឡើងថ្លៃ​ខ្ពស់ ដូច្នេះ​ហើយ​ទើប​ឈ្មួញ បាន​បង្វែរ​ការ​នាំ​ចូល​ពី​វៀតណាម​ទៅ​នាំ​ពី​ប្រទេស​ថៃ មក​ផ្គត់ផ្គង់​ក្នុង​ប្រទេស​កម្ពុជា​វិញ » ។

លោក ឡា​វី​ល បាន​បន្ថែម​ថា បើ​តាម​ការ​ការ​សង្កេត​ទៅ​លើ​សកម្មភាព​ជាក់ស្ដែង មន្ត្រី រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ឃើញ​ថា​ទៅ​ថ្ងៃ​ខាង​មុខ​កម្ពុជា នឹង​អាច​គ្រប់គ្រង បាន​នូវ​ទីផ្សារ និង​តម្លៃ​ល្អ​បែប​នេះ​បន្ត​ទៀត ពីព្រោះ ខាង​អគ្គនាយកដ្ឋាន​សុខភាព និង ផលិតកម្ម​សត្វ ក៏​ហាក់​មានការ​យល់​គ្នា​ជាមួយ​វិស័យ​ឯកជន ទាស់​តែ​ក្រុម​អ្នក​នាំ​ចូល​ទេ ដែល​ចង់ឱ្យ​មានការ​នាំ​ចូល​ច្រើន ក៏​ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ស្វាគមន៍​ពី​ខាង​អគ្គនាយកដ្ឋាន និង​រាជរដ្ឋាភិបាល​នៅឡើយ ។

លោកបន្ថែមថា ៖‍ «អ្នកនាំចូលចង់នាំចូលច្រើន ក៏ប៉ុន្តែពួកគេមិនយល់ពីអ្នកចិញ្ចឹម ក្នុងស្រុក ព្រោះថាបើនាំចូលកាន់តែច្រើន នឹងសម្លាប់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកកាន់តែច្រើន ហើយក៏មិនដឹងពីសុវត្ថិភាពនៃជ្រូកនាំចូលនោះ កម្រិតណានោះដែរ ដូច្នេះហើយ ការកម្រិ តបរិមាណនាំចូលជាអាទិភាពទី ២ បន្ទាប់ពីអ្នកក្នុងស្រុក គឺជាកត្តាសំខាន់ណាស់ ដើម្បី ជួយអ្នកនៅក្នុងស្រុក» ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមចិញ្ចឹមសត្វរូបនេះបន្ថែមថា បច្ចុប្បន្ន អ្នកចិញ្ចឹម ជ្រូកអាចចាប់ផ្ដើមចិញ្ចឹមឡើងវិញបានហើយ ក៏ប៉ុន្តែលោកថាគួរតែចិញ្ចឹមលក្ខណៈបច្ចេក ទេសត្រឹមត្រូវ ដើម្បីបង្ការការឆ្លងជំងឺនៅពេលណាមួយដោយមិនដឹងមុន ។

កសិករ​ចិញ្ចឹម​ជ្រូក​មួយ​រូប​នៅ​ខេត្តស្វាយរៀង បានឱ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ លោក​អាច​រក​ប្រាក់​ចំណេញ​វិញ​បាន​ខ្លះ​ហើយ បន្ទាប់​ពី​លោក​បាន​ខាត​ច្រើន​កាលពី​កំឡុង កម្ពុជា​ជួប​ប៉េ​ស​ជ្រូក​អាហ្វ្រិក ហើយ​កាលនោះ គឺ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​មិន​ហ៊ាន​បរិភោគ សាច់​ជ្រូក​នោះ​ទេ ព្រោះតែ​ខ្លាច​ជំងឺ ខណៈ​មន្ត្រី​ជំនាញ​អះអាង​ថា​វា​មិន​ឆ្លង​មក​មនុស្ស​ក្ដី ។

អ្នក​ចិញ្ចឹម​ជ្រូក​រូប​នេះ​បាន​បន្ត​ថា បើសិនជា​ស្ថានភាព​ទីផ្សារ និង​តម្លៃ​ជ្រូករ​ស់បាន ល្អ​ប្រសើរ​ដូច​ពេល​នេះ គឺជា​ការ​ល្អ​ណាស់ ហើយ​វា​នឹង​ជំរុញ​ដល់​ចង្វាក់​ផលិតកម្ម ការ​ផ្គត់ ផ្គង់​សាច់​ជ្រូក​លើ​ទីផ្សារ​ពី​សំណាក់​ផលិតផល​ក្នុងស្រុក​នឹង​កាន់តែ​ច្រើន​ហើយ​អាច​គ្រប់គ្រាន់​នៅ​ពេល​ខាង​មុខជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ