ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​នឹង​រំសាយ​លី​គ Serie A បើ​ក្លិប និង​អ្នកជំនាញ​​សុខភាព មិន​ចុះសម្រុង​គ្នា

3 ឆ្នាំ មុន

ប្រទេស​អុី​តា​លី​ ៖ រដ្ឋមន្ត្រី​កីឡា​លោក Vincenzo Spadafora បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​សម្រេច​លុប​ចោល​ក្របខ័ណ្ឌ Serie A រដូវ​កាល​នេះ…

ប្រទេស​អុី​តា​លី​ ៖ រដ្ឋមន្ត្រី​កីឡា​លោក Vincenzo Spadafora បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​សម្រេច​លុប​ចោល​ក្របខ័ណ្ឌ Serie A រដូវ​កាល​នេះ ប្រសិនបើ​មិន​មាន​កិច្ចព្រមព្រៀង​គ្នា​ស្តី​ពី​ដំណើរការ​ដោះស្រាយ​ការ​ចាប់ផ្តើម​លី​គ​ឡើង​វិញ​រវាង​ក្លិប និង​អ្នកជំនាញ​សុខភាព ។

លី​គ​បាល់ទាត់​អុី​​តា​លី​ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី ៩ ខែ មីនា ដោយសារ​តែ​ការ​រាតត្បាត​ពី​មេរោគ​កូ​វី​ដ​-១៩ ។ បើ​ទោះបីជា​វា​ត្រូវ​បាន​គេ​សង្ឃឹមថា នឹង​អាច​ចាប់ផ្តើម​ការ​ហ្វឹកហាត់​ឡើង​វិញ​នៅ​ដើមខែ ឧសភា ប៉ុន្តែ​បញ្ហា​ជា​បន្តបន្ទាប់​បាន​នាំ​ឲ្យ​មាន​ភាព​មិន​ចុះសម្រុង​គ្នា​មួយ​រវាង​សហព័ន្ធ​បាល់ទាត់​អ៊ី​តា​លី (FIGC) និង អាជ្ញាធរ​ពាក់ព័ន្ធ ។

លោក Spadafora បាន​ប្រាប់​ទៅ​កាន់​វិទ្យុ​ក្នុងស្រុក Rai កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​យើង​នឹង​បញ្ជាក់​វា​យ៉ាង​ច្បាស់ ។ ប្រសិនបើ​ភាគី​ទាំងអស់​ព្រមព្រៀង​លើ​ពិធីសារ​ក្នុង​ការ​ហ្វឹកហាត់ ហើយ​លទ្ធផល​បន្ទាប់​វា​នឹង​ក្លាយជា​សញ្ញា​វិជ្ជមាន ទាក់ទង​នឹង​ការ​ចាប់ផ្តើម​លី​គ​ឡើង​វិញ ប៉ុន្តែ​ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង នោះ​យើង​នឹង​ធ្វើការ​ប្រកាស​លុប​ចោល​លី​គ​រដូវ​កាល​នេះ​តែ​ម្តង​» ។

កាលពី​ថ្ងៃ​ពុធ​លោក Spadafora ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ទៅ​កាន់​ទូរទស្សន៍​ឯកជន La7 ថា​លោក​មាន​ជំនឿ​ថា​លី​គ Serie A ទំនងជា​មិន​អាច​បញ្ចប់​យុទ្ធនាការ​រដូវ​កាល​នេះ​បាន​ទេ «​ខ្ញុំ​មើលឃើញ​ពី​ផ្លូវ​ដ៏​តូច​ចង្អៀត​កាន់តែ​ខ្លាំង​ឡើង សម្រាប់​ការ​បន្ត​ដំណើរការ​នៃ​ក្របខ័ណ្ឌ Serie A ។ ប្រសិនបើ​ខ្ញុំ​ជា​ប្រធាន​ក្លិប ខ្ញុំ​នឹងផ្តោត​លើ​រដូវ​កាល​ក្រោយ​វិញ​» ។

សូម​រំលឹក​ជូន​ថា លី​គ​បាល់ទាត់​ប្រទេស​បារាំង និង​ហូ​ឡង់​បាន​សម្រេច​ធ្វើការ​ប្រកាស រំសាយ​លី​គ​រដូវ​កាល​នេះ​របស់​ខ្លួន​រួចរាល់​ហើយ ខណៈ​ដែល​លី​គ​កំពូល​អង់គ្លេស អេ​ស្ប៉ា​ញ និង​អ៊ី​តា​លី​ផ្ទាល់ សុទ្ធតែ​បង្ហាញ​គោល​ជំហរ​របស់​ពួក​គេ ចង់​បញ្ចប់​លី​គ​បាល់ទាត់​រដូវ​កាល​នេះ ៕ (ដកស្រង់​ចេញពី AS)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ