សហរដ្ឋអាមេរិក ៖ បណ្ដាអ្នកដំណើរកាលពីថ្ងៃទី២៩ មេសា បានរាយការណ៍ប្រាប់ប៉ូលិសពីការធំក្លិនស្អុយយ៉ាងខ្លាំងនៅតាមវិថីមួយនៃក្រុងញូវយ៉ក ។
អាជ្ញាធរក្រុងញូវយ៉កបានបើកការស៊ើបអង្កេតមួយនាថ្ងៃទី៣០ មេសា លើសហគ្រាសរកស៊ីខាងបញ្ចុះសពនៅ BROOKLYN បន្ទាប់ពីប៉ូលិសរកឃើញនៅមុខច្រកចូលក្រុមហ៊ុននេះ នូវសាកសពមនុស្សច្រើនសិបនាក់ ដែលស្អុយរលួយដាក់តម្រៀបគ្នាក្នុងបណ្ដារថយន្តកាំមីញ៉ុង ។
តាំងពីចាប់ផ្ដើមការឆ្លងរាលដាលនៃវីរុស COVID-19 មក ក្រុងញូវយ៉កជាក្រុងរងការប៉ះពាល់ខ្លាំងជាងគេជាមួយមនុស្សបាត់បង់ជីវិតដល់ទៅ១៧.០០០នាក់ ។ ការបាត់បង់ជីវិតច្រើនបែបនេះនាំឲ្យផ្នែកបញ្ចុះសពវិលក្បុងពិបាករកកន្លែងកប់ ។ បណ្ដារថយន្តកាំមីញ៉ុងកា្លសេ ត្រូវបានគេឃើញនៅពាសពេញទីក្រុង ដើម្បីជួយគ្រប់គ្រងសាកសពដែលមានច្រើន ។
កាលពីថ្ងៃទី២៩ មេសា សាកសពមនុស្សច្រើនសិបនាក់ ដែលតាមសារព័ត៌មានអាមេរិកទាំងឡាយថា រហូតដល់៦០នាក់ត្រូវបានរកឃើញក្នុងបណ្ដារថយន្តកាមីញ៉ុង នៅមុខក្រុមហ៊ុនបញ្ចុះសព ANDREW CLECKLEY ជាសហគ្រាសមួយស្ថិតនៅតាមមហាវិថីធំមួយនៃសង្កាត់ BROOKLYN ។ អភិបាលក្រុងញូវយ៉កលោកប៊ីលដឹប្លាស៊ីយ៉ូ បានចាត់ទុកសភាពការណ៍នោះថាជាសភាពការណ៍ដ៏ទារុណ និងមិនអាចទទួលយកបាន ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ