ខេត្តស្វាយរៀង ៖ បើតាមសេចក្តីសេចក្តីរាយការណ៍បានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើង ខណៈពេលលោកតាម្នាក់ជិះម៉ូតូដឹកចៅៗ២នាក់ទៅចូលរួមពិធីមង្គលការក្មួយនៅឯស្រុកស្វាយជ្រំ ក៏មានរថយន្ត១គ្រឿងបើកកៀរ ហើយកិនពីលើចៅស្រី២នាក់បងប្អូន បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកលោកតារងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចលើស្ពានហាយវ៉េ ចន្លោះគីឡូម៉ែត្រលេខ១២៥/១២៦ ស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
បើតាមសម្តីបុរសម្នាក់ឈ្មោះ សុខ វ៉ាន អាយុ៥៤ឆ្នាំ ត្រូវជាតារបស់កុមារីរងគ្រោះទាំង២នាក់ខាងលើនេះ បានឲ្យដឹងថា ចៅស្រីដែលត្រូវរថយន្តកិននោះទី១-ឈ្មោះវរៈ អាយ៉ា អាយុ១០ឆ្នាំ និងទី២-ឈ្មោះ វ៉ាន ស្រីវ៉ា អាយុ៨ឆ្នាំ មានទីលំនៅភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទ៌។ ហើយចៅស្រីឈ្មោះវរៈ អាយ៉ា គឺមានឳពុកឈ្មោះ កែន ដារ៉ា អាយុ២៨ឆ្នាំ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវរថយន្យបុក កាលពី៧ឆ្នាំមុន ឥឡូវកូនស្រីត្រូវរថយន្តកិនបណ្តាលឱ្យបាត់បង់ជីវិតទៀត។
តាមសម្តីលោកតារបស់កុមារីរងគ្រោះបន្តទៀតថា មុនពេលកើតហេតុ ប្អូនប្រុសគាត់ឈ្មោះប្រាក់ សុគន្ធារី អាយុ៥០ឆ្នាំ បានជិះមូតូម៉ាកឡែត ពណ៌សលាយខៀវ ពាក់ស្លាកលេខស្វាយរៀង 1-N6468 ដោយឌុបចៅស្រី២នាក់ខាងលើពីខាងកើតទៅលិច ក្នុងគោលបំណងទៅការក្មួយនៅស្រុកស្វាយជ្រំ ដែលត្រូវចូលរោងនៅថ្ងៃ៣០ ខែមេសានេះ ហើយត្រូវការនៅថ្ងៃទី១ ខែឧសភា ស្អែកនេះ។
លោកតាកុមារីរងគ្រោះបន្តថា ហើយរូបគាត់ជាបង បានជិះម៉ូតូតាមពីក្រោយ ដោយដឹកចៅ២នាក់ លុះមកដល់លើស្ពានហាយវ៉េ កន្លែងកើតហេតុ គឺមានរថយន្តមួយគ្រឿងពណ៌ស មិនចាំស្លាកលេខ បានបើកយ៉ាងលឿនស្របទិសគ្នាពីកើតមកលិច លុះពេលមកចំណុចកើតហេតុ រថយន្តនោះក៏វ៉ាជែងម៉ូតូ ហើយក៏កៀរប៉ះដៃម៉ូតូលោកតា និងចៅ បណ្តាលឲ្យដួលម៉ូតូតែម្តង។
លោកបតាបន្តទៀតថា ពេលនោះលោកតាដួលដោយក្បាលលោកទៅទិសខាងជើង រីឯចៅស្រីទាំងពីររបស់លោកតា ដួលបោកក្បាលមកត្បូង ស្រាប់តែចំកង់រថយន្តខាងក្រោយ កិនចំពីលើក្បាល (ពាក់មួកសុវត្ថិភាពទាំង២នាក់) បណ្តាលឱ្យកិនបែកទាំងក្បាល និងបែកទាំងមួកសុវត្ថិភាពធ្វើឱ្យបាត់បង់ជីវិតភ្លាមៗមួយរំពេចតែម្តង រីឯរូបគាត់ជាជីតាបានរងរបួសស្រាល ចំណែកឯម៉ូតូគ្មានខូចអ្វីនោះទេ។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុនោះ រថយន្តបង្កបានបន្ថែមល្បឿនបើកគេចទៅទិសខាងលិចបាត់ស្រមោលតែម្តង បន្សល់ទុកសពកុមារីរងគ្រោះ២នាក់បងប្អូន និងលោកតារងគ្រោះនៅនឹងកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចនគបាលក្រុង និងនគបាលចរាចរណ៍ខេត្ត បានហៅរថយន្តសាមុយដឹកសពជនរងគ្រោះយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ស្នងការដ្ឋាននគបាលខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ