ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុន អេ​ស៊ី​លី​ដា នឹង​ចាប់ផ្ដើម​ជួញ​ដូរ​ជា​ផ្លូវការ​នៅ​ចុងខែ​ឧសភា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រារាំង ដល់​ដំណើរការ​សេដ្ឋកិច្ច​កម្ពុ​ជាមួយ​ចំនួន​ក្ដី ក៏​ប៉ុន្តែ​មិន​អាច​រារាំង​ដល់​ដំណើរការ​បោះផ្សាយ មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់ ធនាគារ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រារាំង ដល់​ដំណើរការ​សេដ្ឋកិច្ច​កម្ពុ​ជាមួយ​ចំនួន​ក្ដី ក៏​ប៉ុន្តែ​មិន​អាច​រារាំង​ដល់​ដំណើរការ​បោះផ្សាយ មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់ ធនាគារ អេ​ស៊ី​លី​ដា នោះ​ទេ ជាក់ស្ដែង​យោង​តាម សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ធនាគារ អេ​ស៊ី​លី​ដា កាលពី​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ ២០២០ បញ្ជាក់​ថា ធនាគារ​បាន​បញ្ចប់​ដំណើរការ​បរិវិសកម្ម​រួច​ជា​ស្រេច​កាលពី​ថ្ងៃ​ទី ២៤ ខែមេសា ឆ្នាំ ២០២០ និង​រង់ចាំ​ការ​ចុះបញ្ជី​ភាគហ៊ុន​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។

បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ប្រសាសន៍​ថា ធនា​គារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គ្រោង​នឹង​ចុះបញ្ជី​ភាគហ៊ុន​ជា​ផ្លូវការ​នៅ​ក្នុង​ក្រុម ហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ក្នុង​ខែឧសភា ឆ្នាំ ២០២០ ។ បន្ទាប់​ពី​ការ​ចុះបញ្ជី​នេះ​ត្រូវ​បាន បញ្ចប់ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នឹង​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​មានការ ជួញដូរ​ភាគហ៊ុន​ជា​សាធា​រណៈ​នៅ​កម្ពុជា ។

លោក​បន្ត​ថា ទោះបីជា​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ជាស​កល​ពី​ការ​រីក រាលដាល​នៃ វីរុស​កូ​វី​ដ ១៩ យ៉ាងណា​ក៏​ដោយ ក៏​វិនិយោគិន​ចំនួន ២៤៩៧​នាក់ បាន​ចូលរួម​ក្នុង​ដំណើរ ការ​បរិវិសកម្ម​ដោយ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ និង​ថវិកា​ដើម្បី​វិនិយោគ​នៅ​ក្នុង ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ។ ការ​ចូលរួម​យ៉ាង​សកម្ម​នេះ ស្តែង​ចេញពី​ការ​ជឿ​ទុកចិត្ត របស់​សាធារណជន ចំពោះ​លទ្ធ​ផល​ប្រតិបត្តិការ និង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ ក៏​ដូច​ជា ការ​ឈានមុខ​គេ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ។

លោក​បន្ថែម​ថា យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​នេះ និង​សូម ថ្លែងអំណរគុណ​ដល់​អតិថិជន និង​វិនិយោគិន​ទាំងអស់​ដែល​បាន​វិនិយោគ​ក្នុង​ការ​បោះ ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ ។

​លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល ស៊ី បាន​មាន​ប្រសាសន៍​ថា ទោះបីជា​ស្ថិត​នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​វីរុស កូ​វី​ដ ១៩ យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ធ្វើ​បរិវិសកម្ម​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ទទួល​បាន​លទ្ធផល​ល្អ ។

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី និង​គណៈ​គ្រប់គ្រង ធនាគារ បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា ចិត្ត​ខ្ពស់​ក្នុង​ការ​ជំរុញ​ការ​ចុះបញ្ជី ទៅ​តាម​ផែនការ​ដែល បាន​គ្រោងទុក ហើយ​ការ​ប្តេជ្ញា​ចិត្ត នេះ​ហាក់ដូចជា​ការ​សម្រេចចិត្ត​ដ៏​ប្រយ័ត្នប្រយែង​មួយ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​ទិញ មូល​ប​ត្រ​ដែល​ដឹកនាំ​គម្រោង​ដ៏​សំខាន់​នេះ ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល ស៊ី នឹង​បន្ត​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ទាំង​ក្រុមហ៊ុន​បោះ​ផ្សាយ និង​ទាំង​វិនិយោគិន យ៉ាងច្រើន​ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​បោះផ្សាយ​លក់​មូល ប​ត្រ​កម្មសិទ្ធិ​ជា​សា​ធារណៈ​នេះ​ដោយ​ផ្តោត​លើ​ការ​បង្កើន​សន្ទនីយ​ភាព​ដល់​ភាគហ៊ុន​របស់​ធនាគារ​នៅ​ក្នុង​ទីផ្សារ​បន្ទាប់ ។

លោក​បន្ត​ថា យើងខ្ញុំ​ជឿជាក់​ថា ការ​ជួយ​ក្រុមហ៊ុន​បោះផ្សាយ​ក្នុង​ការ​ធ្វើការ​បោះ ផ្សាយ​ភាគហ៊ុន​បន្តបន្ទាប់​មក​ទៀត និង​ការ​រៀបចំ​វិធីសាស្ត្រ​ជួញដូរ​តាម​ការ​ចរចា​នា​ពេល​អនាគត​នឹង​ជួយ​បង្កើន​សន្ទនីយ​ភាព និង​ទាក់ទាញ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន មិន ត្រឹមតែ​សម្រាប់​ភាគហ៊ុន​របស់ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ប៉ុណ្ណោះ​ទេ ថែម​ទាំង​ស​ម្រាប់​ទីផ្សារ​មូលធន​នៅ​កម្ពុជា​ផង​ដែរ ។

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រ​តិ ប​ត្តិ​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា កាលបរិច្ឆេទ​នៃ​ការ​បោះផ្សាយ​លក់​ជា​ផ្លូវការ​នៃ​មូល ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់ ធនាគារ អេ​ស៊ី​លី​ដា នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា អាច នឹង​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ចុងខែ​ឧសភា​នេះ ។ តាម​ពិត​ទៅ​ក៏​ចង់​ធ្វើ​ឱ្យ​លឿន​បំផុត​នៅ​ត្រឹម ដើមខែ ឬ​ពាក់​កណ្ដាល​ខែ​ដែរ ក៏​ប៉ុន្តែ​វា​ជា​ពេលវេលា​លឿន​ពេក ខ្លាច​វិនិយោគិន​មិន​ទាន់ បាន​ត្រៀមខ្លួន​រួចរាល់ ដូច្នេះ​រំពឹង​នៅ​ចុងខែ​ឧសភា​នេះ វិនិយោគិន​នឹង​រួចរាល់​ទាំងអស់​គ្នា ក្នុង​ការ​ចូលរួម​ក្នុង​ការ​លក់​ជា​ផ្លូវការ។

លោកស្រី​បន្ត​ថា បើ​ទោះបីជា​ពេល​នេះ​ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ នៅ​តែ​ជា​បញ្ហា​ចោទ ក៏​ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ការ​វិនិយោគ​នានា​នៅ​ក្នុង​ប្រទេស គឺ​នៅ​តែ​មានដំណើរ​ការ​ជា​ហូរហែ ដូច្នេះ​ហើយ​យើង​រំពឹង​ថា ការ​ប្រកាស​ជួញដូរ​ជា​ផ្លូវការ​នឹង​ទទួល​បានការ​គាំទ្រ តែ​យ៉ាងណា​ក៏​យើង​មិន​អាច​ទាយ​ទុកជា​មុន​ថា​វា​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ព្រោះ​អ្វី​ៗ​សុទ្ធ​តែ​មិន​អាច​មើលឃើញ​មុន​ដឹង​ទុក​មុន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សូម​សាធារណជន​ពិនិត្យ​លទ្ធផល​នៃ​ការ​ធ្វើ​បរិវិសកម្ម​តាម​រយៈ​តំណ​ភ្ជាប់ ៖
https://www.acledabank.com.kh/kh/assets/pdf_zip/subscription-result.pdf

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ