ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នលើជនត្រូវចោទ២នាក់ ពីបទកាស់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
សេចក្តីរាយការណ៍បន្តថា ជនត្រូវចោទខាងលើមាន ១.ឈ្មោះ ឡុង សុខុន ភេទប្រុស អាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និង២.ឈ្មោះសំអាត យ៉ាណូ ភេទស្រី អាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគ្រញូងសែនជ័យ ឃុំពីរធ្នូ ស្រុកស្នូល ខេត្តក្រចេះ។
គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានចាប់ឃាត់ខ្លួនមនុស្ស២នាក់ដែលជាមុខសញ្ញាមេខ្លោងដ៏សកម្មក្នុងការគូសវាសចែកដីរដ្ឋ នៅត្រង់ចំណុចអូរយីងខាងជើង ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តមណ្ឌលគិរីហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ