ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ថ្ងៃ​ប្រជាពលរដ្ឋ​នៅ​រាជធានី​សម្រុក​ទៅ​ឆៀករថយន្ត​ជិត​១​ម៉ឺន​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​​ទី​២៧​ រហូត​ដល់​ថ្ងៃ​ទី​៣០ ​ខែមេសា​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​សម្រុក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានយន្ត​(​ឆៀក​) ចំនួន​៩៦៤៧​គ្រឿង…

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​​ទី​២៧​ រហូត​ដល់​ថ្ងៃ​ទី​៣០ ​ខែមេសា​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​សម្រុក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានយន្ត​(​ឆៀក​) ចំនួន​៩៦៤៧​គ្រឿង ខណៈ​ពេល​ដែល​សមត្ថកិច្ច​ប្រកាស​ចាប់ផ្តើម​អនុវត្ត​ន៏ និង​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៏​ចេញ​ថ្មី ចាប់ពី​ថ្ងៃ​ទី​១ ​ខែឧសភា​នេះ​តទៅ ។

លោក អ៊ុ​ន វ៉ា​ត ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានអោយ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ​ខែឧសភា​នេះ​ថា បន្ទាប់​ពី​សមត្ថកិច្ច​ប្រកាស​ចាប់ផ្តើម​អនុវត្ត​ន៏ និង​រឹត​បន្តឹង​ច្បាប់​ចរាចរ​ណ៏​ចេញ​ថ្មី ចាប់ពី​ថ្ងៃ​ទី​១ ​ខែឧសភា​នេះ​តទៅ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​២៧​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​សម្រុក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​គ្រប់​ប្រភេទ មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ។

លោក​បាន​បន្ត​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ រថយន្ត​ដែល​បាន​ចូល​ឆៀក​នៅ​តាម​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ទាំង​៥​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​សរុប​៩៦៤៧​គ្រឿង ក្នុង​នោះ រថយន្ត​គ្រួសារ​ចំនួន​៦៣៤៦​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ចំនួន​៧១៥​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​ចំនួន​៤២​គ្រឿង រថយន្ត​ដឹក​ទំនិញ​ធុន​តូច​ចំនួន​៥៥៣​គ្រឿង រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ចំនួន​១៩៦៩ គ្រឿង និង​គ្រឿងចក្រ​ចំនួន​២២​គ្រឿង​ផង​ដែរ ។

លោក អ៊ុ​ន វ៉ា​ត បានអោយ​ដឹង​ទៀត​ថា សម្រាប់​ថ្ងៃ​ធម្មតា​នៅ​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានយន្ត​ខ្លះ​មាន​តែ​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ប្រមាណ​តែ​៣០​ទៅ​៥០​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ចន្ទ​មកនេះ មានការ​កើនឡើង​ពី​៣០០​ទៅ​៥០០​គ្រឿង និង​កើន​ជា​រៀងរាល់ថ្ងៃ​ថែម​ទៀត​ផង ។

លោក អ៊ុ​ន វ៉ា​ត បាន​បញ្ជាក់​ថា សម្រាប់​នៅ​រាជធានី​ភ្នំពេញ មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានយន្ត ចំនួន​៥​ទីតាំង គឺ​ទី​១-​នៅ​ឬ​ស្សី​កែវ​ឬ​ជិត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទី​២-មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ចំការ​ដូង ទី​៣-មជ្ឈមណ្ឌល​ត្រួតពិនិត្យ វាល​ស្បូវ ទី​៤មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​៦ ខណ្ឌ​ជ្រោយចង្វារ និង​ទី​៥-​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បឹង​បៃតង ខណ្ឌ​សែន​សុខ ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​២៣ ដល់​៣០ ខែមេសា ឆ្នាំ​២០២០ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​នៅ​ទូ​ទាំង​ប្រទេស មាន ចំនួន​សរុប​១៧.១៨៩​គ្រឿង ក្នុង​នោះ​ចំនួន​នៃ​ការ​ទៅ​ទទួល​សេវា មានការ​កើនឡើង​ខ្ពស់​ជាងគេ ក្នុង​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៩ ខែមេសា ដែល​មាន​ចំនួន​រហូត​ដល់ ៤.១១៦ គ្រឿង និង​នៅ​ថ្ងៃ​ទី​៣០ ខែមេសា មាន​ចំនួន​រហូត​ដល់​៤.៤៣២​គ្រឿង​។

សូម​បញ្ជាក់​ថា ចន្លោះ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ ចំនួន​យានយន្ត​ដែល​បាន​ចុះបញ្ជី​សម្រាប់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​ជាង​២​លាន​២៥​ម៉ឺន​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ