អតីតតារាសម្តែងនាឆ្នាំ៨០ និង៩០ អ្នកស្រី សួស សុគន្ធថាវរី នៅតែសន្សំចិត្តចង់ហក់ចូលវិស័យសិល្បៈជាថ្មីឡើងវិញដដែល បើទោះបីមកទល់ពេលនេះ អ្នកស្រីបានឃ្លាតឆ្ងាយពីសិល្បៈប្រមាណជិត៣០ឆ្នាំ និងកំពុងផ្ញើវាសនាជីវិតថ្មីជាមួយស្វាមីនៅប្រទេសអាល្លឺម៉ង់ក៏ដោយ។
យ៉ាងណារហូតមកដល់ពេលនេះ អ្នកស្រីនៅមិនទាន់មានឱកាសបានវិលមកកាន់ការសម្តែងជាថ្មី ដូចទៅនឹងតារារួមជំនាន់មួយចំនួនទៀតនៅឡើយទេ ដោយសារគេហាក់បាត់មុខអ្នកស្រីឈឹង និងមិនមានព័ត៌មានអ្វីចុះផ្សាយពីជីវិតអ្នកស្រី ដែលកំពុងរស់នៅប្រទេសក្រៅ។
បើទោះបីជាមានមនុស្សតិចដែលបានដឹងពីជីវភាពឯកជន ប៉ុន្តែអ្នកស្រី សួស សុគន្ធថាវរី នៅតែរក្សានូវគោលបំណងចង់វិលមកសង្វៀនសិល្បៈជាថ្មីឡើងវិញ បើទោះបីជាការវិលមកសម្តែងជាថ្មីនាពេលនេះ បានត្រឹមជាតួម្តាយ តួយាយ ឬក៏តួណាមួយដែលសមស្របទៅនឹងអាយុរបស់អ្នកស្រី។
ក្នុងវ័យ៥២ឆ្នាំ អ្នកស្រី សួស សុគន្ធថាវរី បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិច កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា បច្ចុប្បន្នអ្នកស្រីកំពុងរស់នៅជាមួយស្វាមីក្នុងប្រទេសអាល្លឺម៉ង់ ខណៈពេលដែលអ្នកស្រីមិនមានកូនចៅនោះឡើយ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីបានរៀបមង្គលការជាមួយស្វាមីជាជនជាតិអាល្លឺម៉ង់ កាលពីអំឡុងឆ្នាំ២០០០ និងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសអាល្លឺម៉ង់ប្រមាណជា២០ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីតែងតែមកលេងស្រុកខ្មែររៀងរាល់ឆ្នាំ មានន័យថា១ឆ្នាំម្តង។
អ្នកស្រី សួស សុគន្ធថាវរី គឺមានស្រុកកំណើតនៅស្រុកស្ទឹងត្រង ខេត្តកំពង់ចាម បានសម្រេចចាកចេញពីអាជីពសិល្បៈកាលពីអំឡុងឆ្នាំ១៩៩៣ ក្នុងពេលដែលអ្នកស្រីបានចាប់ឈោងភាពល្បីល្បាញតាមរយៈការសម្តែងភាពយន្តបានប្រមាណជាជាង២០រឿង ដែលរឿងអស់នោះភាគច្រើនអ្នកស្រីសម្តែងជាមួយលោក ចា រិទ្ធី និងលោក ចៅ ចាន់ណារី។
បើតាមអ្នកស្រី សួស សុគន្ធថាវរី បន្តថា បើទោះបីជាមកទល់ពេលនេះ អ្នកស្រីបានឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំយ៉ាងណាក្តី ប៉ុន្តែអ្នកស្រីនៅតែនឹករលឹកនឹងចង់សម្តែងឡើងវិញពីព្រោះអ្នកស្រីចូលចិត្ត និងស្រលាញ់វិស័យសិល្បៈនេះណាស់ ដោយមិនមានបំណងបោះបង់ចោលឡើយ ទោះបីជាអ្នកស្រីមានស្វាមី និងមានអាយុកាន់តែច្រើនបន្តិចក្តី។
យ៉ាងណាអ្នកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកស្រីនៅមិនទាន់មានឱកាសបានសម្តែងជាថ្មីឡើងវិញនៅឡើយទេ ដោយមិនមានអ្នកសួរ ឬចង់បានអ្នកស្រីយកទៅសំណែង ប៉ុន្តែក្នុងករណីដែលមានបណ្តាផលិតកម្មណាត្រូវការតួអ្នកស្រីសម្តែងនោះ គឺអ្នកស្រីនឹងចូលរួមសម្តែងជូនភ្លាម ដោយអាចដើរតួម្តាយ ឬយាយក៏ដោយ។
អ្នកស្រី សួស សុគន្ធថាវរី បានយល់ឃើញថា បច្ចុប្បន្នវិស័យសិល្បៈខ្មែរ មានការរីកចម្រើនច្រើន និងមានភាពល្អប្រសើរផងដែរ ខុសប្លែកកាលពីជំនាន់អ្នកស្រីសម្តែង ព្រោះសម័យនេះមានបច្ចេកទេសទំនើប តួសម្តែងក៏សម្បូរបែប និងស្អាតៗ តែខុសប្លែកត្រង់តួសម្តែងសម័យអ្នកស្រី គឺស្អាតបែបធម្មជាតិច្រើនមិនសូវកែកុន។
អ្នកស្រីបញ្ជាក់ថា មិនយូរទេ អ្នកស្រីនឹងទៅនៅស្រុកខ្មែរវិញ ហើយបើមានក្រុមហ៊ុនណាត្រូវការអ្នកស្រីសម្តែង គឺអ្នកស្រីស្វាគមន៍ជានិច្ច ខណៈពេលដែលស្វាមីរបស់អ្នកស្រីក៏មិនបានជំទាស់អំពីបញ្ហានេះ និងយល់ស្របពីការចង់មករស់នៅស្រុកខ្មែររួមគ្នាផងដែរ។ ដោយសារស្វាមីអ្នកស្រីស្រឡាញ់ និងចូលចិត្តស្រុកខ្មែរ។
ជាចុងក្រោយអ្នកស្រី សួស សុគន្ធថាវរី បានផ្ញើក្តីនឹករលឹកបងប្អូនខ្មែរទាំងអស់ឲ្យជួបតែសុខសំណាងល្អ ចៀសផុតពីរោគាទាំងឡាយ និងអរគុណរាល់ការគាំទ្រអ្នកស្រីចំពោះការសម្តែងនាពេលកន្លងមក បើទោះបីជាមានចំណុចខ្លះល្អ និងចំណុចខ្លះមិនល្អក៏ដោយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ