ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​កូ​វី​ដ​១៩ បើ​រោងកុន​អនុញ្ញាតិ​ឲ្យ​ដំណើរ​វិញ ​ចំនួន​អ្នក​ទស្សនា​នឹង​កាត់​​បន្ថយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឆ្លើយ​តប​ទៅ​នឹង​វិធានការ​ទប់ស្កាត់​កូ​វី​ដ ១៩ ក៏​ដូច​ជា​ការ​ស្នើ​សុំ​សំណាក់​ម្ចាស់​រោង​កុន​សម្រាប់​ការ​ដំណើរការ​បើក​រោងកុន​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ៗ ព្រោះ​កន្លង​មក​ការ​បិទ​បណ្តោះអាសន្ន​រោងកុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ដល់​មនុស្ស​ជាង ១០០០ នាក់​អត់​មានការ​ងារ​ធ្វើ​នោះ ក្រសួង​វប្បធម៌​នៅ​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ​៖ ឆ្លើយ​តប​ទៅ​នឹង​វិធានការ​ទប់ស្កាត់​កូ​វី​ដ ១៩ ក៏​ដូច​ជា​ការ​ស្នើ​សុំ​សំណាក់​ម្ចាស់​រោង​កុន​សម្រាប់​ការ​ដំណើរការ​បើក​រោងកុន​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ៗ ព្រោះ​កន្លង​មក​ការ​បិទ​បណ្តោះអាសន្ន​រោងកុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ដល់​មនុស្ស​ជាង ១០០០ នាក់​អត់​មានការ​ងារ​ធ្វើ​នោះ ក្រសួង​វប្បធម៌​នៅ​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០២០ នេះ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​បញ្ហា​ប្រឈម​របស់​រោង​ភាពយន្ត​អំឡុង​ពេល​ដែល​ផ្អាក​ការ​ចាក់​បញ្ចាំង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

លទ្ធផល​សំខាន់​មួយ​ក្នុង​ចំណោម​លទ្ធផល​សំខាន់​ៗ​ផ្សេង​ទៀត​នៃ​កិច្ចប្រជុំ​នោះ ត្រូវ​បាន​លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​រោងកុន​ឡើង​វិញ​នោះ «​យើង​បាន​ឯកភាព​គ្នា ដោយ​កត់​បន្ថយ​ចំនួន​បញ្ចាំង ពោល​គឺ​មិន​ធ្វើ​ឡើង​ដូច​ប្រក្រតី​មុន​កើត​ជំងឺ​កូ​វី​ដ​១៩​​នេះ​ឡើយ ដោយ​យើង​កាត់​បន្ថយ​ម៉ោង ខ​ណៈ​​ពេល​ចំនួន​អ្នក​ទស្សនា​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ​»។

​លោក​បាន​បន្ត​ថា «​ក្នុង​ន័យ​នេះ ការ​កាត់​បន្ថយ​ចំនួន​អ្នក​ទស្សនា​នេះ​គឺ​យើង​តម្រូវ​ឲ្យ​ទស្សនិក​ជន​ចូល​ទស្សនា​បាន​ត្រឹម​៥០% ប៉ុណ្ណោះ នៃ​ចំនួន​កៅ​អ៊ី​សរុប ហើយ​យើង​មិន​អាច​ឲ្យ​អ្នក​ទស្សនា​អង្គុយ​​ជិត​គ្នា​បាន​ឡើយ ពោល​គឺ​ត្រូវ​បាន​គម្លៀត​ឆ្ងាយ​ពី​គ្នា​» ។

​លោក​បាន​បន្ត​ថា​ក្រសួង​ក៏​បាន​ស្នើ​ឲ្យ​ម្ចាស់​រោង​ភាពយន្ត​ទាំងអស់​សិក្សា​ពី​វិធាន​ការណ៍​សុវត្ថិភាព​ចំពោះ​ទស្សនិកជន​បន្ថែម​ទៀត ដើម្បី​ចូលរួម​ជាមួយនឹង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក្នុង​ការ​ការ​ពារ​​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ខណៈ​ពេល​ដែល​ក្រសួង​​កំពុង​យកចិត្តទុកដាក់​ពី​ផល​ប៉ះពាល់​នេះ​ចំពោះ​ម្ចាស់​រោងកុន​ទាំងអស់​។

លោក​បាន​បញ្ជាក់​​ថា យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ជាម​មួយ​អស់លោក លោកស្រី តំណាង​​​រោង​ភាពយន្ត​ស្តី​ពី បញ្ហា​ប្រឈម​នានា​របស់​រោង​ភាពយន្ត​ដែល​បាន​ផ្អាក​សកម្មភាព​ចាក់​បញ្ចាំង​ដោយសារ​ជំងឺ​កូ​វី​ដ​19 និង​ស្វែង​វី​ធី​សាស្ត្រ​សម្រាប់​ការពារ​ពី​ជំងឺ​នេះ​។

លោក ប៉ុក បូ​រក្ស បាន​ឲ្យ​ដឹង​ទៀត​ថា ដោយឡែក​សម្រាប់​កាលវិភាគ​នៃ​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​នោះ​គឺ​រោងកុន​មាន​ភាព​ប្រឈម​រួច​ហើយ ដោយសារ​តែ​ភាពយន្ត​បរទេស ជា​ពិសេស​ភាព​យន្ត​ហូ​លី​វូ​ដ​ត្រូវ​បាន​បាត់​ទាំងស្រុង ដូចនេះ​ការ​ដាក់​ប​ញ្វាំ​ង​គឺ​យើង​សម្លឹង​មើល​តែ​ភាពយន្ត​ខ្មែរ​ប៉ុណ្ណោះ ក្នុង​ដំណាក់កាល​នេះ​។

​បើ​តាម​លោក ប៉ុក បូ​រក្ស បើ​ទោះជា​យើង​តម្រូវ​តែ​ទៅ​លើ​រឿង​ខ្មែរ​ក៏​ពិតមែន ប៉ុន្តែ​យើង​នៅ​តែ​មាន​បញ្ហា​ប្រឈម​ដោយសារ​ភាពយន្ត​ខ្មែរ​ខ្លះ​នៅ​មាន​កម្រិត និង​មិន​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​អ្នក​ទស្សនា​នៅឡើយ​។ លោក​បាន​បន្ថែម​ថា ភាគច្រើន​ចំណូល​ខ្លាំង​បំផុត​របស់​រោង​ភាពយន្ត​គឺ​រឿង​ហូ​លី​វូ​ដ​នេះ អ​ញ្ចឹ​ង​ម្ចាស់​រោងកុន​ត្រូវ​សិក្សា​លើ​កាលវិភាគ​សម្រាប់​ដាក់​បញ្ចាំង​ឲ្យ​បាន​មត់​ចត់ ជៀសវាង​ការ​ជួប​វិវាទ​ណាមួយ ក្នុង​ពេល​ដែល​អំឡុង​ពេល​មុន​ការ​ផ្ទុះ​ជំងឺ​មួយ​នេះ​ក៏​មាន​ភាពយន្ត​នៅ​សល់​ច្រើន​ដែល​មិន​ទាន់​បា​នប​ញ្វាំ​ង​តាម​ការ​គ្រោងទុក​។

លោក​បាន​បន្ត​ថា មក​ទល់​ពេល​នេះ​មាន​ភាពយន្ត​ខ្មែរ​ចំនួន​ជាង​១០​រឿង និង​រឿង​បរទេស​ប្រមាណ​​ជិត​៤០​រឿង​ដែល​ទទួល​បាន​ទិ​ដ្ឋ​ការ​ចាក់​បញ្ចាំង តែ​នៅ​មុន​ពេល​រោងកុន​ត្រូវ​បាន​បិទ​នោះ​ក៏​មាន​ភាពយន្ត​ប្រមាណ​ជា​១៧​រឿង​ទៀត​កំពុង​បញ្ចាំង​មិន​ទាន់​ផុតកំណត់ ហេតុ​ម្ចាស់​រោង​កុន​ត្រូវ​រៀបចំ​កាលវិភាគ​បញ្ចាំង​ឡើង​វិញ ជៀសវាង​ការ​វិវាទ​។

ដោយឡែក​សម្រាប់​បញ្ហា​ថា រោង​កុន​អាច​នឹង​បើក​ឡើង​វិញ​នា​ពេល​ណា​នោះ​គឺ​លោក​មិន​អាច​និយាយ​បាន​ទេ បើ​ទោះបីជា​នៅ​កម្ពុជា ​បច្ចុប្បន្ន​យើង​មិន​ទាន់​មាន​អ្នក​ឆ្លង​ថ្មី​ក៏​ដោយ ប៉ុន្តែ​ប្រទេស​នៅ​ជិតខាង​នៅ​មាន​ករណី​ឆ្លង​ច្រើន​នៅឡើយ ហេតុនេះ​យើង​ត្រូវ​រង​ចាំ​ការ​សម្រេច​ជា​ថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។

ទោះជា​យ៉ាងណា​សម្រាប់​ផលិតករ ម្ចាស់​រោង​ភាពយន្ត និង​ផ្នែក​ពាក់ព័ន្ធ​នៅ​តែ​ទទូច​និង​សំណូមពរ​ឲ្យ​មានការ​បើក​រោង​ភាពយន្ត​ឡើង​វិញ​ឆាប់​ៗ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ដំណើរការ​អាជីវកម្ម​របស់​គាត់ ព្រោះ​ពួក​គាត់​ជួប​បញ្ហា​ថវិកា​យ៉ាង​ខ្លាំង​។

​ជា​ការ​កត់សម្គាល់ ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​អាជីវកម្ម​រោងកុន​កាលពី​ពាក់កណ្តាល​មីនា​ឆ្នាំ​២០២០ ដោយសារ​ការ​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ អ្នកធ្វើការ​ដោយ​ផ្ទាល់​នៅ​តាម​រោងកុន​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​ផ្អាក​ការងារ​មាន​ចំនួន​ជិត​១​ពាន់​នាក់​។

យ៉ាងណា​លោក ប៉ុក បូ​រក្ស ធ្លាប់​បាន​លើក​ឡើង​ថា បុគ្គលិក​ទាំង​អស់នោះ​គឺ​មិន​ត្រូវ​បាន​បញ្ឈប់​ឡើយ ពោល​គឺ​គ្រាន់តែ​ផ្អាក​បណ្តោះអាសន្ន​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​ជំងឺ​នេះ​បាន​ធូ​ស្រាល​នៅ​ពេល​ណា​នោះ​គឺ​ពួក​គាត់​អាច​ដំណើរ​ការងារ​នេះ​ឡើង​វិញ​។ លោក​ថា ក្នុង​ពេល​ដែល​ការ​ផ្អាក​ការងារ​នា​ពេល​នេះ​គឺ​ក្រសួង​បាន​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​ការងារ​និង​ម្ចាស់​រោងកុន​អំពី​ការ​ផ្តល់​ប្រាក់ខែ​ក្នុង​កម្រិត​ណាមួយ​នៅ​ពេល​អំឡុង​នៃ​ការ​ផ្អាក​នេះ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ