ខេត្តព្រះសីហនុ ៖ សង្កេតឃើញប្រជានេសាទសមុទ្រនៅក្នុងខេត្តព្រះសីហនុ នៅតែមានទីផ្សារខ្ពស់ខ្លាំង បើទោះបីជាពិភពលោកកំពុងរងការវាយប្រហារ ដោយសារមេរោគកូវីដ១៩ក្តី ។
ជួបជាមួយអ្នកបើកបរទូកនេសាទប្រភេទទូកកន្ទុយវែងម្នាក់ ឈ្មោះម៉ែន ផល្លា អាយុ៤០ឆ្នាំ រួមនិងកម្មករនៅលើទូក៤នាក់ទៀត ដែលកំពុងនេសាទលើដែនសមុទ្របានឱ្យកោះសន្តិភាពដឹង កាលពីព្រឹកថ្ងៃទី២៩
មេសាថា ទោះបីជាពិភពលោកកំពុងរងការវាយប្រហារ ដោយសង្គ្រាមមេរោគប្រភេទថ្មីកូវីដ១៩ ហើយមានការចម្លងមកពីបណ្តាប្រទេសជិតខាងមកដល់កម្ពុជាក្តី ក៏មិនបានបង្កប៉ះពាល់ដល់មុខរបរនេសាទត្រី បង្គារ និងផលនេសាទជាច្រើនផ្សេងៗនោះទេ ។
គាត់ឱ្យដឹងទៀតថា នៅពេលសាកលលោកបានផ្ទុះសង្គ្រាមមេរោគប្រភេទថ្មីកូវីដ១៩ សកម្មភាពរបស់ប្រជានេសាទនៅខេត្តព្រះសីហនុ ម្នាក់ៗនៅតែបន្តការចេញនេសាទលើដែនសមុទ្រ ហើយទទួលបានផលនេសាទមានលក្ខណៈជាធម្មតា ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ហើយការធ្វើដំណើរចេញទៅនេសាទ មានរយៈពេលយ៉ាងយូរមួយសប្តាហ៍ ក្នុងមួយថ្ងៃអាចបានត្រី បង្គារ និងមឹកពី៦០០គីឡូ ឬ១ដល់២តោន ហើយរដូវវស្សាការនេសាទទទួលបានផលនេសាទច្រើនជាងរដូវប្រាំង ។
ម្ចាស់ទូកនេសាទនៅកំពង់ផែច្រកទំនប់រលក ស្ថិតក្នុងមណ្ឌល៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ឲ្យដឹងថា ផលដែលនេសាទបានមានទីផ្សារងាយលក់ដូរ ដោយសារមាន អ្នកចាំទទួលទិញនៅលើដែនសមុទ្រកន្លែងនេសាទផ្ទាល់តែម្តង យកមកលក់នៅទីផ្សារ។ ក្នុងនោះ បង្គារក្តាមសេះ ប្រភេទលេខ១ គិតជាមធ្យមក្នុង១គីឡូមានតម្លៃពី៤០០០០ ដល់៥០០០០រៀល ។ ប្រភេទលេខ២ក្នុង១គីឡូ មានតម្លៃគិតជាមធ្យមចាប់ពី២៥០០០ ដល់៣០០០០រៀល។
ដោយឡែក មឹក.ត្រីមានតម្លៃគិតជាមធ្យមក្នុង១គីឡូមានតម្លៃចន្លោះពី២៥០០០ ដល់៣០០០០រៀលទៅតាមប្រភេទមឹក។ អាជីវករលក់ម្ហូបជាផលនេសាទសមុទ្របានបញ្ជាក់ឲ្យដឹងថា ខណៈដែលមេរោគកូវីដ១៩ មានការធូរស្បើយមិនមានអ្នកឆ្លងបន្ត ទីផ្សាផលនេសាទសមុទ្រក៏កាន់តែល្អរប្រសើរឡើងវិញ ជាបណ្តើរៗហើយ។
ចែករំលែកព័តមាននេះ