រាជធានីភ្នំពេញ ៖ ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ5 បានសម្រេចបើករេញឱ្យកីឡាករ2រូបឡើងវ៉ៃប៉ះគ្នាក្នុងនាមជាគូឯក ដែលនេះគឺជាការបើកប្រកួតក្រោយគេធៀបនឹងសង្វៀនផ្សេងទៀត បន្ទាប់ពីសហព័ន្ធអនុញ្ញាតិឱ្យបើកប្រកួតឡើងវិញ ក្នុងអំឡុងផ្ទុះកូវីដ19។
ការប្រកួតនៅល្ងាចថ្ងៃសៅរ៍ទី2 ខែឧសភា ឆ្នាំ២០២០នេះ គឺជាការវ៉ៃបិទទ្វារ ដោយស្ថាប័នមួយនេះ នៅតែបន្តផ្អាកការប្រកួតជ្រើសរើសជើងឯករដូវកាលទី8 ដែលបានដំណើរការដល់វគ្គពាក់កណ្ដាលហើយនោះឱ្យនៅស្ងៀមសិន។ ការប្រកួតដែលបើកឡើងនេះ គ្រាន់តែជាការប្រកួតបិទទ្វាររវាងកីឡាករក្នុងស្រុកមិត្តភាព និងមិត្តភាព និងដើម្បីកុំឱ្យកីឡាករ និ គណៈកម្មការដែលបម្រើការប្រចាំនៅក្នុងស្ថាប័ននេះ ចែកជើងគ្នាខ្ចាត់ខ្ចាយ ព្រោះអត់ការងារធ្វើប៉ុណ្ណោះ។
ការប្រកួតដែលនឹងធ្វើឡើងចាប់ផ្ដើមឡើងនៅម៉ោង6ល្ងាច នៅថ្ងៃសៅរ៍ នៅសង្វៀនព្រែកកំពិស ដោយការប្រកួតទាំងមូល គឺមានតែគណៈកម្មការរៀបចំ ជាអ្នកចូលទស្សនា ចំណែកអ្នកទស្សនា គឺត្រូវបានបិទ។
កីឡាករកម្ពុជា២រូប ដែលត្រូវគេស្គាល់ថា សុទ្ធតែជាជើងខ្លាំងគឺកីឡាករ លន់ សៀកឡេង ដែលល្អខាងប្រើកណ្ដាប់ដៃ អមដោយបច្ចេកទេស ក្រោយល្បីឈ្មោះនៅក្នុងសង្វៀនប្រដាល់ និងកីឡាករជើងខ្លាំង ល្បីឈ្មោះម្នាក់ទៀត គឺ សេក គឹមសាន្ត នឹងក្លាយជាគូប្រកួតស៊ីសាច់ហុតឈាមនៅលើសង្វៀនអន្តរជាតិនាថ្ងៃនោះ។ ពួកគេម្នាក់ៗនឹងឡើងប្រកួតស៊ីសាច់ហុតឈាមជាមួយគ្នា តែក្នុងលក្ខណ្ឌមិត្តភាព ដើម្បីបង្ហាញកម្លាំង។
អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំង2ត្រូវគេប៉ះគ្នាក្នុងការប្រកួតលើកនេះ ដោយម្នាក់ៗគ្រាន់តែដឹងថា នឹងត្រូវឡើងប្រកួតប៉ះគ្នា គឺកីឡាករកម្ពុជាម្ខាងៗ សុទ្ធតែបានត្រៀមខ្លួន ហើយមានការរំពឹងថា ល្អមើលសម្រាប់ជំនួបប៉ះគ្នា។
សេក គឹមសាន្ត បញ្ជាក់ថា ខ្លួនមិនខ្លាចសម្រាប់ជំនួបនេះទេ ហើយលោកក៏បានត្រៀមខ្លួនរួចរាល់អស់ដែរ គឺមិនមែនសម្អាងនោះ ជាការប្រកួតជាមួយកីឡាករក្នុងស្រុកគ្នាឯង ហើយមិនខំស្វាហាប់នោះទេ។ ដែលអ្នកស្នេហាវិស័យប្រដាល់ស្គាល់ថា លោក គឺជាកីឡាករមានសមត្ថភាពមួយរូប និងកំពុងឡើងកូដ ក៏ត្រូវគណៈកម្មការផ្គូរផ្គងឱ្យប៉ះប្រកួតជាមួយកីឡាករ លន់ សៀកឡេង គឺលោកមានការត្រៀមខ្លួនច្បាស់លាស់ ខណៈដែលលន់ សៀកឡេង ក៏បានប្រកាសថា មិនខ្លាចរៀមច្បងរូបនេះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ