រាជធានីភ្នំពេញ ៖ ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ បានកំណត់ថ្ងៃចូលជំរំហ្វឹកហាត់វិញហើយ គឺនៅថ្ងៃទី១ ឧសភា ខាងមុខ ទោះបីការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជានៅមិនទាន់កំណត់កាលបរិច្ឆេទថ្មីក៏ដោយ ក្រោយសភាពការណ៍ជំងឺ COVID-19 នៅកម្ពុជា បានទទួលសញ្ញាវិជ្ជមានឡើងវិញ ពោលគឺចំនួននៃអ្នកជាសះស្បើយកើនឡើងស្ទើរ១០០ភាគរយ ។
លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានឲ្យដឹងថា បើសិនស្ថានភាពជំងឺCOVID-19 បន្ដល្អប្រសើរដូចបច្ចុប្បន្ន ពួកយើងនឹងចាប់ផ្ដើមហ្វឹកហាត់ជាថ្មីនៅដើមខែក្រោយ ។ តែចំពោះមុខ ទោះហ្វឹកហាត់ក៏មិនទាន់ដូចដើមដែរ ពោលគឺក្លិបនៅតែរក្សាគម្លាតសុវត្ថិភាពរហូតដល់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកាសឲ្យរៀបចំសកម្មភាពកីឡាឡើងវិញ ។
សូមបញ្ជាក់ថា មុនការសម្រាក ក្លិបកងយោធពលខេមរភូមិន្ទ បានប្រកួតចំនួន៥លើក ក្នុងរដូវកាលថ្មីនេះ ដោយស្មើគ្នាជាមួយយុវជនសាលាបាល់ទាត់ជាតិ ០-០ ក្នុងសប្ដាហ៍ទី១, ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២-០ ក្នុងសប្ដាហ៍ទី២, ចាញ់ព្រះខ័នរាជស្វាយរៀង ០-២ ក្នុងសប្ដាហ៍ទី៣, ស្មើអង្គរថាយហ្គឺរ ១-១ ក្នុងសប្ដាហ៍ទី៤ និងឈ្នះវិសាខា ១-០ ក្នុងសប្ដាហ៍ទី៥ ដោយមានពិន្ទុសរុប៨ពិន្ទុ ឈរលេខរៀងទី៧ក្នុងតារាង។
ចំពោះស្ថានភាពជំងឺCOVID-19 នៅកម្ពុជាបច្ចុប្បន្នវិញ មានភាពធូរស្រាលច្រើន ជាក់ស្ដែងគិតត្រឹមថ្ងៃទី២៩ មេសា ម្សិលមិញនេះ មានអ្នកជាសះស្បើយ១១៩នាក់ក្នុងចំណោម១២២នាក់ ពោលគឺសល់៣នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ